សម្តេច មហាមន្ត្រី គុយ សុផល ដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាអំពីភារកិច្ចត្រូវត្រៀមលក្ខណៈរៀបចំ ខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៤ 

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ មានកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច មហាមន្ត្រី គុយ សុផល ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និង ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យ ជាតិ-អន្តរជាតិ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពិភាក្សាអំពីភារកិច្ចត្រូវត្រៀមលក្ខណៈរៀបចំ ខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៤ កិច្ចប្រជុំប្រព្រឹត្តទៅ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ 

ជាកិច្ចចាប់ផ្តើម សម្តេច មហាមន្ត្រី គុយ សុផល បានថ្លែងអំណរគុណចំពោះសមាជិក សមាជិកាអង្គប្រជុំទាំងអស់ ដែលបាន ចូលរួមប្រជុំតាមការអញ្ជើញរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងបានលើកពីការងារចំពោះមុខ ដែលគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ខេត្ត ត្រូវរួមសហការគ្នាដោយស្មារតីយកចិត្ត ទុកដាក់ ដើម្បីរៀបចំខួបអនុស្សាវរីយ៍លើកទី ៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពល ខេមរភូមិន្ទ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩-១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានឯករាជ្យ។ 

ការរំលឹកខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ជាព្រឹត្តិការណ៏ប្រវត្តិសាស្ត្រមួយដ៏មានអត្ថន័យ នៅក្នុងដួងចិត្តប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជាពិសេសបានឆ្លុះបញ្ចាំងកាន់តែច្បាស់អំពីការ រំដោះប្រទេសឲ្យរួចផុតពីរបបអាណានិគមនិយមបារាំង ហើយទិវាបុណ្យឯករាជ្យជាតិឆ្នាំនេះ ស្ថិតក្នុងដំណាក់កាលដែលប្រទេសជាតិ មានសុខសន្តិភាពពេញផ្ទៃប្រទេស ក្រោមការដឹកនាំបន្តវេនដ៏ឈ្លាសវៃ ប៉ិនប្រសប់ និងស្វាហាប់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយនឹងការរីកលូតលាស់ នៃលទ្ធិប្រជាធិបតេយ្យ ព្រមទាំងមានការអភិវឌ្ឍលើគ្រប់វិស័យ ។ 

ឯកឧត្តម ឈិន កេតនា បានបន្តដំណើរការអង្គប្រជុំ ដោយលើកយកគោលការណ៍សំខាន់ៗ សម្រាប់អនុវត្តព្រមទាំងជម្រាបជូនអំពីកាលបរិច្ឆេទ ទីតាំងប្រារព្ធពិធី និងកម្មវិធី នៃការប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ចាប់ពីថ្ងៃទី៨ , ៩ , ១០ ,១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងនោះថ្ងៃទី៨ វេលាម៉ោង ១៤:០០នាទីរសៀលតទៅ មានពិធីគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ , ថ្ងៃទី៩ វេលាម៉ោង ៨:០០នាទីព្រឹក ចាប់ផ្តើមប្រារព្ធព្រះរាជពិធីប្រទានភ្លើងជ័យ ,ថ្ងៃទី១០ មានកម្មវិធីសិល្បៈ តាមទីតាំងដែលបានកំណត់ ,ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ១៦:៣០នាទី ចាប់ផ្តើមប្រារព្ធព្រះរាជពិធីពន្លត់ភ្លើងជ័យ។ 

ឯកឧត្តម ឈិន កេតនា បានមានប្រសាសន៍បន្តថា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៤ ឱ្យកាន់តែអធឹកអធមថែមទៀតនោះ កម្មវិធីក៏បានចាត់តាំងការអុជកាំជ្រួចរយៈពេល៣ថ្ងៃ គឺថ្ងៃទី៩-១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៩:០០នាទីយប់។ 

ឯកឧត្តម ប្រធានអង្គប្រជុំ បានលើកឡើងពីការងារចំពោះមុខ ដែលគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានី ត្រូវរួមសហការគ្នា ដើម្បីរៀបចំឱ្យបានសមស្របទាំងរូបភាពចាត់តាំង និងទាំងខ្លឹមសារនៃការរៀបចំកម្មវិធី។ 

ឯកឧត្តម ឈិន កេតនា ប្រធានអង្គប្រជុំ ក៏បានសំណូមពរអោយគ្រប់ សមាជិក សមាជិកា អង្គប្រជុំទាំងអស់ រាយការណ៍ជូនថ្នាក់ដឹកនាំ ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងអភិបាលរាជធានី-ខេត្ត បានជ្រាប និងចាត់តាំងអនុវត្តតាមស្មារតីនៃអង្គប្រជុំឱ្យសម្រេចលទ្ធផលល្អប្រសើរ៕