កិច្ចពិភាក្សាវគ្គ២ ស្តីពី «ធម្មនុញ្ញសន្តិភាព ដើម្បីមនុស្សជាតិនិងភពផែនដី» នៃកិច្ចប្រជុំ IDC-CDI
«ធម្មនុញ្ញសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី» ជាប្រធានបទវគ្គទី២ ដែលត្រូវលើកយកមកពិភាក្សានៅព្រឹកនេះ ក្នុងកិច្ចប្រជុំ IDC-CDI ដែលដឹកនាំដោយឯកឧត្តម Nemeth Zsolt ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាហុងគ្រី។
កិច្ចពិភាក្សានេះ មានការចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញពីឯកឧត្តម André Pastrana Arango ប្រធានអង្គការ IDC-CDI, សមាជិកនៃអង្គការ IDC-CDI និងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
ឯកឧត្តម Nemeth Zsolt ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាហុងគ្រី មានប្រសាសន៍ស្វាគមន៍ និងថ្លែងអំណរគុណចំពោះការបង្កើតនូវធម្មនុញ្ញសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី ក្នុងគោលបំណងថែរក្សាសន្តិភាព ក៏ដូចជាពង្រឹងការដោះស្រាយជម្លោះ និងការរួមរស់ដោយសន្តិសហវិជ្ជមាន តាមរយៈការពង្រឹងកិច្ចសន្ទនាពហុភាគី និងភាពជាដៃគូពហុភាគី ដោយឈរលើយុត្តិធម៌ ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល។
រដ្ឋសភាកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតធម្មនុញ្ញសន្តិភាព ដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែងសន្តិភាព ក្នុងចំណោមកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងវិស័យឯកជន តាមរយៈការផ្សព្វផ្សាយអភិក្រមទន់ ស្តីពីការអភិវឌ្ឍដោយសន្តិភាព និងសាមគ្គីភាពអន្តរជាតិទូទាំងប្រទេស។
ដើម្បីបង្កើតធម្មនុញ្ញសន្តិភាព ដែលបង្កប់នូវគោលការណ៍ពហុភាគីនិយម ភាពត្រឹមត្រូវ យុត្តិធម៌ និងវិបុលភាពរួម សំដៅឈានទៅបង្កើតបរិយាកាសដែលមានសន្តិភាព ការអត់ឱន និងការអភិវឌ្ឍប្រកបដោយចីរភាព។
វាគ្មិននីមួយៗ ក្នុងកិច្ចពិភាក្សា «ធម្មនុញ្ញសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី» បានលើកឡើងនូវប្រធានបទយកមកពិភាក្សា ដូចជាប្រធានបទស្តីពី «គម្លាតអភិវឌ្ឍន៍ និងភាពប្រឈមលើសន្តិសុខពិភពលោក», «ធម្មនុញ្ញសន្តិភាពសកល», «តួនាទីគណបក្សនយោបាយនៅក្នុង ការកសាងសន្តិភាព», «ការតភ្ជាប់អភិបាលកិច្ចរវាងសង្គមស៊ីវិល រដ្ឋ និងអង្គការសហប្រជាជាតិ», «ដំណើរឆ្ពោះទៅកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីសន្តិភាព», «តម្រូវការសំឡេងសកលរបស់ប្រជាជននៅក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ», «មេរៀនអំពីការបង្រួបបង្រួមអាល្លឺម៉ង់», «បទពិសោធន៍កូឡុំប៊ីស្តីពីការផ្សះផ្សា», «ច្បាប់អន្តរជាតិ និងយុត្តិធម៌អន្តរកាល», និង«គុណតម្លៃនិយមកណ្តាលនៅក្នុងសកល ភាវូបនីយកម្ម។
កិច្ចពិភាក្សានេះ ក៏បានពិភាក្សាផងដែរ អំពីស្ថានភាពជាក់ស្តែងដែលពិភពលោកកំពុងជួបប្រទះ ដូចជាសង្រ្គាមនៅប្រទេសអ៊ុយក្រែន, ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន, ជម្លោះនៅតំបន់បញ្ឈឹមបូព៌ារវាងអ៉ីស្រាអែល និងក្រុមហាម៉ាស, យុទ្ធានាការបោះឆ្នោត និងការជាប់ឆ្នោតរបស់ប្រធានាធិបតីស.រ.អា, ការបម្រែបម្រួលអាកាសធាតុ និងបញ្ហាប្រឈមនានា។
ក្នុងកិច្ចពិភាក្សាវគ្គ២នេះ បានថ្លែងការកោតសរសើរចំពោះកម្ពុជា ដែលមានសមត្ថភាព និងមានភាពរឹងមាំក្នុងការរក្សាសុខសន្តិភាព ខណៈដែលកម្ពុជាធ្លាប់ជួបប្រទះទំព័រដ៏ខ្មៅងងឹត ដែលមានការសម្លាប់រង្គាលនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៧០ ដែលក្នុងនោះមនុស្សជិតពីរលាននាក់បានស្លាប់ដោយសារការសម្លាប់ ពលកម្មបង្ខំ ជំងឺ និងការអត់ឃ្លាន។
សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI នាសណ្ឋាគារ Raffles Grand Hotel d’Angkor នារសៀលនេះ៕