កិច្ចពិភាក្សាស្តីពី «តួនាទីយុវជនក្នុងសន្តិភាព កិច្ចសន្ទនា សហត្ថិភាព និងការឆ្លើយតបបញ្ហាប្រឈម» នៃកិច្ចប្រជុំ IDC-CDI
បន្ទាប់ពីវេទិកាពិសេសស្តីពី «សន្តិភាពសម្រាប់មនុស្សជាតិ និងភពផែនដី» បានប្រារព្ធពិធីបើក ក្រោមអធិបតីភាពឯកឧត្តម អ៊ុច បូររិទ្ធ សមាជិកគណៈអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា ប្រធានអនុគណៈកម្មការរៀបចំកិច្ចប្រជុំគណៈ កម្មាធិការប្រតិបត្តិ IDC-CDI និងជាអនុប្រធានទី២ ព្រឹទ្ធសភា រួចមក អង្គការ IDC-CDI បានបន្តរៀបចំកិច្ចពិភាក្សាស្តីពី «តួនាទីយុវជនក្នុងសន្តិភាព កិច្ចសន្ទនា សហត្ថិភាព និងការឆ្លើយតបបញ្ហាប្រឈម» ដឹកនាំដោយឯកឧត្តម សុខ សូកេន តំណាងគណបក្សប្រជាជនកម្ពុជាក្នុងយុវជន IDC-CDI និងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច។កិច្ចពិភាក្សានេះ មានការចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញពីឯកឧត្តម André Pastrana Arango ប្រធានអង្គការ IDC-CDI, សមាជិកនៃអង្គការ IDC-CDI និងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។ជាកិច្ចចាប់ផ្តើម ឯកឧត្តម André Pastrana Arango ប្រធានអង្គការ IDC-CDI បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI ក្នុងគោលបំណងរួមគ្នាក្នុងការកសាងសន្តិភាពក្នុងតំបន់ និងពិភពលោក។ ឯកឧត្តម បានបន្តថា យុវជនដើរតួនាទី និងភារកិច្ចយ៉ាងសំខាន់ ក្នុងការកសាងសន្តិភាព ធ្វើការរួមគ្នា និងដោះស្រាយ បញ្ហាប្រឈមនានា បញ្ចប់អំពើហិង្សាសង្គម និងលើកកម្ពស់ការផ្សះផ្សា ដើម្បីបង្កើតភាពធន់ទាំងក្នុងតំបន់ និងពិភពលោក។ឯកឧត្តម សុខ សូកេន បានមានប្រសាសន៍ថា នៅរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ កម្ពុជាមានបទពិសោធន៍យ៉ាងទូលំទូលាយ ដើម្បីចែករំលែកជាមួយសហគមន៍សកលលោកលើបញ្ហាទាក់ទងនឹងការចរចាសន្តិភាព យុត្តិធម៌អន្តរកាល និងការផ្សះផ្សាពីទស្សនៈរបស់តួអង្គផ្សេងៗ ដោយយុវជនគឺជាផ្នែកមួយក្នុងចំណោមនោះ។ ហើយនេះជាមូលហេតុដែលកម្ពុជារីករាយក្នុងការរៀបចំកិច្ចពិភាក្សាអំពីតួនាទីរបស់យុវជនក្នុងសន្តិភាព កិច្ចសន្ទនា និងការរស់នៅរួមគ្នា។ដំណើរឆ្ពោះទៅរកសន្តិភាព គឺជាដំណើរការដ៏យូរអង្វែងដែលទាមទារការលះបង់ ការយល់ពីបញ្ហា និងការប្តេជ្ញាចិត្តក្នុងការយល់ដឹងពីគ្នាទៅវិញទៅមក។ ដោយប្រកាន់យកការឯកភាពក្នុងភាពចម្រុះ យើងអាចផ្តោតលើមូលដ្ឋានសម្រាប់ពិភពលោកដែលមានសន្តិភាព និងសុខដុមរមនាជាងមុន។ ដើម្បីការពារបុព្វហេតុសន្តិភាព ដោយប្រើវប្បធម៌ចម្រុះរបស់យើងជាប្រភពនៃភាពរឹងមាំ និងការបង្រួបបង្រួម និងប្រឆាំងទៅគ្រប់ទម្រង់នៃជ្រុលនិយម មិនថាជាសាសនា ឬនយោបាយ។ ឯកឧត្តម សុខ សូកេន បានអញ្ជើញដឹកនាំកិច្ចពិភាក្សានេះ ដោយមានវាគ្មិនជាច្រើនរូប បានអញ្ជើញមានប្រសាសន៍ពាក់ព័ន្ធទៅនឹង «តួនាទីយុវជនក្នុងសន្តិភាព កិច្ចសន្ទនា សហត្ថិភាព និងការឆ្លើយតបបញ្ហាប្រឈម»។ វាគ្មិននីមួយៗបានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង ការរៀនសូត្រ និងចែករំលែកអំពីគ្នា និងគ្នាក្នុងការលើកកម្ពស់សន្តិភាព រួមចំណែកដល់ភាពជោគជ័យ និងប្រកបដោយកិច្ចសហប្រតិបត្តិការ និងវិធីសាស្រ្តបែបស្ថាបនា ដើម្បីគាំទ្របុព្វហេតុសន្តិភាព និងលើកកម្ពស់វប្បធម៌សន្តិភាព។ វាគ្មិនជាសមាជិក និងស្ថាប័នពាក់ព័ន្ធ បានលើកឡើងផងដែរ អំពីការបណ្តុះគំនិតសន្តិភាព ការលើកកម្ពស់ការអធ្យាស្រ័យគ្នា ព្រមទាំងតួនាទី និងភាតកិច្ចរបស់យុវជន ក្នុងការបង្កើតសន្តិភាពក្នុងតំបន់ និងពិភពលោក។សូមជម្រាបថា កិច្ចពិភាក្សាស្តីពី «តួនាទីយុវជនក្នុងសន្តិភាព កិច្ចសន្ទនា សហត្ថិភាព និងការឆ្លើយតបបញ្ហាប្រឈម» ដែលដឹកនាំដោយឯកឧត្តម សុខ សូកេន តំណាងគណបក្សប្រជាជនកម្ពុជាក្នុងយុវជន IDC-CDI និងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ចនេះ ជាកិច្ចពិភាក្សាវគ្គ១។ បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សានេះ អង្គការ IDC-CDI នឹងបន្តកិច្ចពិភាក្សាវគ្គ២ជាបន្ត ដែលស្តីពី «ធម្មនុញ្ញសន្តិភាព ដើម្បីមនុស្សជាតិនិងភពផែនដី» ដឹកនាំដោយឯកឧត្តម Nemeth Zsolt ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាហុងគ្រី។អង្គការ IDC-CDI ផ្តល់ផលប្រយោជន៍ដល់បណ្តាគណបក្សនយោបាយ ដែលជាសមាជិកនានា ដោយអង្គការ IDC-CDI នេះ គឺបង្កើតជាសមាគមគណបក្សនយោបាយ ដើម្បីជួយគ្នាទៅវិញទៅមក មិនថាគណបក្សនយោបាយ នៅក្នុងប្រទេសណាមួយឡើយ គឺ IDC-CDI នឹងជួយគាំទ្រ ផ្តល់ជាគំនិត ឬផ្នែកការទូតណាមួយ ដើម្បីជួយគ្នាទៅវិញទៅមក៕