កូរ៉េខាងត្បូងជួបគ្រោះភ្លើងឆេះព្រៃដ៏ធំមិនធ្លាប់មានសម្លាប់មនុស្ស១៨នាក់ និងបន្តរាលដាលដល់ផ្ទៃដីចំនួន៤៣.៣០០ហិចតា បើទោះបីជាមានកម្លាំងជំនួយសង្រ្គោះចំនួន៤៦៥០នាក់ក្តី

ភ្លើងឆេះព្រៃដោយសារខ្យល់បក់បោកខ្លាំងក្នុងប្រទេសកូរ៉េខាងត្បូងបានសម្លាប់មនុស្ស១៨ នាក់ហើយ គិតត្រឹមព្រឹកថ្ងៃពុធនេះ និងបានបំផ្លាញតំបន់ភាគខាងត្បូងជាដំណំនៅក្នុងប្រទេសនេះផងដែរ។ ក្រុមមន្ត្រីបាននិយាយនៅថ្ងៃពុធនេះថាហេតុការណ៍ភ្លើងឆាបឆេះព្រៃនេះ វាបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាង២០០ និងបង្ខំឲ្យមនុស្សជាង២៧០០០នាក់ត្រូវជម្លៀសចេញផងដែរ។ មជ្ឈមណ្ឌលឆ្លើយតបនឹងគ្រាអាសន្នរបស់រដ្ឋាភិបាលកូរ៉េខាត្បូងបាននិយាយថា មានផ្ទះ រោងចក្រ យានជំនិះ និងប្រាសាទសាសនាដែលមានអាយុកាល១៣០០ឆ្នាំ ស្ថិតក្នុងចំណោមសំណង់ដែលត្រូវបានបំផ្លាញដោយសារភ្លើងឆេះព្រៃដែរ ដោយវាបានឆាបឆេះរាលដាលដល់ផ្ទៃដីចំនួន ៤៣.៣០០ហិចតា និងមនុស្សចំនួន១៩នាក់បានរងរបួសថែមទៀតផង។ ស្ថិតក្នុងសុន្ទរកថាតាមទូរទស្សន៍ ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងថ្មី លោក Han Duck-soo បាននិយាយថាហេតុការណ៍ភ្លើងឆេះព្រៃដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រសប្តាហ៍មុន បានបណ្តាលឱ្យខូចខាតធ្ងន់ធ្ងរជាងទំហំភ្លើងឆេះព្រៃជាច្រើនផ្សេងទៀតកាលពីអតីតកាលក្នុងប្រទេសដែរ។ លោក Han បាននិយាយថា ក្រុមសង្រ្គោះបាននឹងកំពុងតស៊ូដើម្បីពន្លត់ភ្លើងឆេះព្រៃនៅពេលនេះទាំងយប់ទាំងថ្ងៃ ប៉ុន្តែដោយសារតែមានខ្យល់បោកបក់ខ្លាំងពេក ទើបនាំឲ្យពិបាកធ្វើការ។ លោកបាននិយាយទៀតថា ក្រុមសង្រ្គោះមានចម្រុះដូចជា អ្នកពន្លត់អគ្គីភ័យ ក្រុមទាហាន និងបុគ្គលិកផ្សេងទៀតមានចំនួនប្រហែជលជា៤៦៥០នាក់កំពុងសកម្មនិងប្រយុទ្ធយ៉ាងស្វិតស្វាញដើម្បីពន្លត់ភ្លើងឆេះព្រៃ និងមានជំនួយពីឧទ្ធម្ភាគចក្រប្រហែលជា១៣០គ្រឿងឯណោះ។ ក្រុមអ្នកសង្កេតការណ៍បាននិយាយទៀតថា កម្លាំងភ្លើងឆេះព្រៃដែលកំពុងបន្តគឺធំជាងគេទី៣នៅក្នុងប្រទេសកូរ៉េខាងត្បូង។ មន្ត្រីនៅក្នុងទីក្រុង និងទីប្រជុំជនភាគអាគ្នេយ៍មួយចំនួនបានបញ្ជាឱ្យប្រជាជនជម្លៀសខ្លួនចេញចាប់ពីថ្ងៃអង្គារម្សិលមិញ ខណៈដែលអ្នកពន្លត់អគ្គីភ័យព្យាយាមទប់ទល់នឹងអណ្តាតភ្លើងជាច្រើនកន្លែងដែលបណ្តាលមកពីខ្យល់ស្ងួតខ្លាំង។ យោងតាមក្រសួងមហាផ្ទៃរបស់ប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងថា ភ្លើងឆាបឆេះដ៏ធំបំផុតជាងគេ គឺស្ថិតនៅ Andong ដែលជាស្រុកជិតខាងនៃ Uiseong និង Sancheong និងទីក្រុង Ulsan ៕
សម្រួលអត្ថបទ៖សុផារិន្ទ