កំពង់ផែទេសចរណ៍អន្តរជាតិចាប់ផ្តើមបើកប្រតិបត្តិការទទួលភ្ញៀវទេសចរជាបណ្តោះអាសន្នរយៈពេល ៣ខែ

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ចាប់ផ្តើមបើកប្រតិបត្តិការបណ្តោះអាសន្នសម្រាប់ទទួលភ្ញៀវជាតិ និងអន្តរជាតិធ្វើដំណើរតាមផ្លូវទឹក ខណៈដែលរដ្ឋមន្ត្រីទេសចរណ៍និងរដ្ឋមន្ត្រីសាធារណការបញ្ជាក់ថា ការត្រៀមលក្ខណៈរបស់ក្រុមហ៊ុនបានរៀបរយល្អ ហើយឯកឧត្តមរដ្ឋមន្ត្រីនឹងស្នើសុំគោលការណ៍អញ្ជើញសម្តេចធិបតីដើម្បីមកសម្ភោធបើកជាផ្លូវការក្នុងពេលឆាប់ៗ។

—————————————

កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុនអភិវឌ្ឍន៍កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត(K.I.T.P DEVELOPMENT-CO,LTD) ដែលជាដៃគូវិនិយោគជាមួយរាជរដ្ឋាភិបាលបានចាប់ផ្តើមបើកដំណើរការសាកល្បងសេវាកម្មរបស់ខ្លួនហើយ ដោយមានការចូលរួមពិនិត្យ និងវាយតម្លៃលើកការរៀបចំពីសំណាក់ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ជាការតភ្ជាប់ប្រព័ន្ធផ្លូវទឹកដ៏សំខាន់ ពីខេត្តព្រះសីហនុ  ខេត្តកែប  កោះត្រល់ប្រទេសវៀតណាម និងប្រទេសថៃ ដែលអាចឱ្យនាវាដឹកភ្ញៀវទេសចរចូលចតយ៉ាងងាយស្រួល។ ហើយក្នុងដំណើរចុះពិនិត្យថ្ងៃនេះ ឃើញថាក្រុមហ៊ុនបានរៀបចំឱ្យមានជំនាញគ្រប់គ្រាន់ ដែលអាចធានាបាននូវសន្តិសុខ សុវត្ថិភាព និងភាពសប្បាយរីករាយជូនដល់អ្នកធ្វើដំណើរ។ ហើយឯកឧត្តម និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍នឹងស្នើសុំគោលការណ៍ទៅសម្តេចធិបតីហ៊ុន ម៉ាណែត ដើម្បីរៀបចំពិធីសម្ភោធបើកឲ្យដំណើរការជាផ្លូវការកំពង់ផែនេះ ក្នុងពេលឆាប់ៗ។

ជាមួយគ្នានេះដែរ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា សមិទ្ធផលកំពង់ផែទេសចរណ៍អន្តរជាតិ ជាផ្លែផ្កាមួយដែលបានដុះដាលនៅក្រោមដំបូលនៃសុខសន្តិភាព។ ហើយតាមចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពនៃការសាងសង់ និងរៀបចំកំពង់ផែ ឃើញថាក្រុមហ៊ុនបានយកចិត្តទុកដាក់  និងរៀបចំបានល្អ ដែលអាចបើកទទួលភ្ញៀវជាបណ្តោះអាសន្នបាន។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា កំពង់ផែនេះ នឹងជំរុញដល់លំហូរភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកាន់ខេត្តកំពត ក៏ដូចជាកម្ពុជា តាមផ្លូវទឹកច្រើនបន្ថែមទៀត ពិសេសទាក់ទាញគ្រុបធួរធំៗពីបណ្តាប្រទេសនៅក្នុងតំបន់ ជាពិសេស វៀតណាម និងថៃ។

តំណាងក្រុមហ៊ុន អេហ្សិតគ្រុប បានមានប្រសាសន៍ថា ឆ្លងកាត់ការខិតខំយ៉ាងខ្លាំងរបស់ក្រុមការងាររបស់លោកជាងបួនប្រាំខែ ទើបអាចរៀបចំការបើកដំណើរការប្រតិបត្តិការបណ្តោះអាសន្ននាពេលនេះ ក្នុងគោលបំណង់លើកកម្ពស់វិស័យទេសចរណ៍កម្ពុជា ពិសេសបើកទំព័រប្រវត្តិសាស្ត្រថ្មី នៃការតភ្ជាប់វិស័យទេសចរណ៍កម្ពុជា ជាមួយប្រទេសដ៏ទៃ តាមប្រព័ន្ធផ្លូវទឹក។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ប៉េង ពោធិ៍នា បានទទួលស្វាគមន៍ទេសចរចម្រុះជាតិសាសន៍ប្រមាណជាង១០០នាក់ដែលជាភ្ញៀវបន្តដំណើរពីកោះត្រល់ ប្រទេសវៀតណាមមកកាន់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតជើងដំបូង ហើយបន្តទៅកាន់កោះរ៉ុង ខេត្តព្រះសីហនុ។ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតសាងសង់លើផ្ទៃដី ៤ហិកតា ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ  ចាប់ផ្តើមសាងសង់នៅខែសីហា ឆ្នាំ២០១៨ និងសម្រេចរួចរាល់នាចុងឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាជាង ១១លានដុល្លារក្រោមគម្រោងហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត