ក្រសួងទេសចរណ៍ ចុះអនុស្សរណៈជាមួយក្រុមហ៊ុន Visa Worldwide ផ្ដោតលើការទូទាត់តាមឌីជីថល ក្នុងវិស័យទេសចរណ៍ទាំងមូល
……………………………….
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បានចូលរួមជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន Visa Worldwide PTE. Limited ដែលដឹកនាំដោយលោក Arturo Planell អ្នកគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន Visa Worldwide PTE. Limited នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងទេសចរណ៍។
អនុស្សរណៈ នៃការយោគយល់គ្នានេះ ផ្ដោតលើចំណុចសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការ រួមមាន៖ ការចែករំលែកទិន្នន័យ ការគាំទ្រផ្នែកទីផ្សារ ការកសាងសមត្ថភាពនិងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថល និងការផ្លាស់ប្តូរបរិបទឌីជីថល ដែលផ្ដោតលើការទូទាត់តាមឌីជីថលក្នុងវិស័យទេសចរណ៍ទាំងមូល។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ពីភាពជាដៃគូ យ៉ាងសំខាន់ របស់ក្រុមហ៊ុន Visa Worldwide PTE. Limited ក្នុងការកសាងប្រព័ន្ធបច្ចេកវិទ្យាមួយដ៏រឹងមាំ ដើម្បីផ្ដល់ភាពងាយស្រួល ក្នុងការប្រើប្រាស់ និងទូទាត់សម្រាប់ទេសចរនៅកម្ពុជា៕