ក្រសួងធម្មការនិងសាសនា រៀបចំអង្គសន្និបាតប្រចាំឆ្នាំ ដើម្បីពិភាក្សាស្វែងរកគំនិតថ្មី និងផ្ដល់មតិយោបល់ស្ថាបនាពីការអនុវត្តផែនការយុទ្ធសាស្ត្ររយៈពេល ៥ ឆ្នាំ (២០២៤-២០២៨) អោយទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងធម្មការនិងសាសនា  នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា មានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងធម្មការនិងសាសនា ដែលបានខិតខំបំពេញភារកិច្ចការងារយ៉ាងសកម្ម ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងសម្រេចបានសមិទ្ធផលសំខាន់ៗគួរជាទីមោទនៈ ជូនក្រសួងធម្មការនិងសាសនា និងរាជរដ្ឋាភិបាល ក្នុងឆ្នាំ២០២៤កន្លងទៅនេះ ហើយរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ចាយ បូរិន មានប្រសាសន៍បន្តថា ក្រសួងធម្មការនិងសាសនា បានបន្តអនុវត្ត គោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ មុំទី៥ គឺ ៖ ការការលើកកម្ពស់សាសនារបស់រដ្ឋ ,ការលើកកម្ពស់សីលធម៌សង្គម ,ការរក្សាសុខដុមនីយកម្មសាសនា ,ការពង្រឹងគុណភាពអប់រំពុទ្ធិកសិក្សាគ្រប់កម្រិត , ការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងធនធានមនុស្ស។ 

ជាពិសេសគោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា និងក្របខ័ណ្ឌគោល នយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា សំដៅលើកកម្ពស់សេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយផ្អែកលើកម្លាំងពលកម្មជំនាញខ្ពស់ និង នវានុវត្តន៍ ដើម្បីជំរុញសន្ទុះការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងសុខុមាលភាព ប្រែក្លាយកម្ពុជា ជាប្រទេសជឿនលឿន ប្រជាពលរដ្ឋមានជីវភាពធូរធារ សម្បូរ សម្បាយ និងវិបុលភាព ស្របតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋគ្រប់រូប។

តាមរយៈការអនុវត្តផែនការសកម្មភាពការងារក្នុងឆ្នាំ២០២៤ នេះ ថ្នាក់ដឹក នាំ និងមន្រ្តីរាជការទាំងអស់ បានចូលរួមយ៉ាងសកម្មក្នុងការបំពេញការងារប្រចាំថ្ងៃឆ្លើយតបទៅនឹងផែនការ ដែលបានដាក់ចេញ ដោយសម្រេចបានលទ្ធផលការងារតាមផែនការគ្រោងទុក ដើម្បីរក្សាបាននូវសុដុមនីយកម្មសាសនា តាមរយៈគ្រប់សាសនាទាំងអស់ បានចូលរួមសហការលើកិច្ចការងារអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការងារមនុស្សធម៌ ធានាឱ្យវត្តអារាមក្លាយទៅជាកន្លែងប្រតិបត្តិធម៌វិន័យរបស់ព្រះសង្ឃ និងជាបុញ្ញខេត្ត គួរជាទីជ្រះថ្លារបស់ប្រជាជនកម្ពុជាក្នុងការបំពេញកុសល្យ ក្រសួងធម្មការនិងសាសនា បានបង្កើតអភិក្រម ស៣ សម្រាប់វត្តអារាម រួមមាន ៖ វត្តស្អាត វត្តស្វាង និងវត្តស្ងប់ ហើយបានផ្សព្វផ្សាយយ៉ាងទូលំទូលាយសម្រាប់អនុវត្តតាមវត្តអារាមនៅទូទាំងប្រទេស។ 

ដើម្បីឲ្យសន្និបាត ទទួលបានជោគជ័យតាមការគ្រោងទុក ឯកឧត្តរដ្ឋមន្រ្តីបានសំណូមពរដល់អង្គសន្និបាត ដូចខាង ក្រោម៖

១- ត្រូវធ្វើការពិភាក្សា និងរកឱ្យឃើញនូវចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម ដើម្បីធ្វើយ៉ាងណា រៀបចំនូវទិសដៅបន្ត សម្រាប់អនុវត្តក្នុងឆ្នាំ២០២៥ ឱ្យមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

២- សូមឱ្យសមាជិក សមាជិកា នៃអង្គសន្និបាតទាំងមូលចូលរួមជាមតិយោល់ឱ្យបានផុលផុស ស្វែងរកធាតុចូលថ្មីៗបន្ថែមទៀត ដើម្បីជាវិភាគទានចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រទាំង ៥របស់ក្រសួង រយៈពេល៥ឆ្នាំ ២០២៤-២០២៨ ឱ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ។

៣- សូមនិមន្ត និងអញ្ជើញចូលរួមឲ្យបានពេញលេញ ប្រកបដោយព្រះស្មារតី ស្មារតីបុរេសកម្ម ក្នុងការពិភាក្សា រក្សាសាមគ្គីភាពផ្ទៃក្នុង និងភាពស្មោះត្រង់ ក្នុងគ្រួសារតែមួយនៃក្រសួងធម្មការនិងសាសនា ដើម្បីរួមគ្នាគិត រួមគ្នាអនុវត្តប្រកបដោយការទទួលខុសត្រូវ និងរួមគ្នាទទួលបានលទ្ធផលល្អប្រសើរទាំងអស់គ្នា និងសូមឱ្យកិច្ចពិភាក្សាក្នុងអង្គសន្និបាតនាពេលនេះ ទទួលបានផ្លែផ្កា ជាវិជ្ជមានដើម្បីចូលរួមអភិវឌ្ឍវិស័យធម្មការ ឱ្យមានការរីកចម្រើន និងរុងរឿង ៕