ក្រសួងធម្មការនិងសាសនា សហការជាមួយអង្គការ UNICEF ប្រចាំនៅកម្ពុជា រៀបចំសិក្ខាសាលាស្តីពី កិច្ចការពារកុមារតាមវត្តអារាម និងការផ្សព្វផ្សាយយុទ្ធនាការ “គ្រួសាររឹងមាំ” ដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ និងទប់ស្កាត់ការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានចូលរួមជាអធិបតីក្នុងពិធីបិទសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោលសុវត្ថិភាពកុមារតាមវត្តអារាមស្តីពីកិច្ចការពារកុមារតាមវត្តអារាម និងការផ្សព្វផ្សាយយុទ្ធនាការ “គ្រួសាររឹងមាំ” ដើម្បីលើកកម្ពស់ការយល់ដឹង ដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ និង ទប់ស្កាត់ការបំបែកកុមារចេញពីគ្រួសារដោយមិនចាំបាច់ នៅវត្តព្រះអង្គទ្រង់ ស្រុកពួក ខេត្តសៀមរាប។

ពិធីនេះមានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ ព្រះធម្មសិរី ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប គណៈមហានិកាយ ព្រះធម្មកវីវង្ស នង មាណវោ ព្រះមេគណខេត្តសៀមរាប គណៈធម្មយុត្តិកនិកាយ ព្រះគ្រូសិរីវេទីអគ្គធម្មោ ម៉ង់ ប៉ឹង ព្រះអនុគណស្រុកពួក លោកស្រី ចាន់ កញ្ញា តំណាងលោកបណ្ឌិត វីល ផាក (Will Park) ប្រធាន UNICEF ប្រចាំនៅកម្ពុជា និងថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ព្រមទាំងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីធម្មការនិងសាសនា ចំពោះអង្គសិក្ខាសាលាទាំងមូល។ ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ក្នុងវិស័យពុទ្ធចក្រនិងអាណាចក្រ ត្រូវដើរទន្ទឹមគ្នា និងផ្តល់ការគាំទ្រឲ្យគ្នាទៅវិញទៅមកជាចាំបាច់ ជាក់ស្តែងព្រះពុទ្ធសាសនាបានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំ បណ្តុះបណ្តាល ឱ្យពលរដ្ឋរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ មានសុជីវធម៌ ជួយគ្នាទៅវិញទៅមក គ្មានអំពើហិង្សា ជាពិសេសការប្រើអំពើហិង្សាលើកុមារតាមគ្រប់ទម្រង់។ ព្រះពុទ្ធសាសនាបានកសាងមូលដ្ឋានសន្តិភាពក្នុងចំណោមសហគមន៍ទាំងឡាយក្នុងព្រះរាជាណាចក្រកម្ពុជា ហើយសាបព្រួសនូវវប្បធម៌សន្តិភាពនេះទៅកាន់សហគមន៍ដទៃទៀត ដោយសា្មរតីជឿជាក់និងទទួលខុសត្រូវខ្ពស់។

ចំពោះរាជរដ្ឋាភិបាលកម្ពុជាគ្រប់នីតិកាលកន្លងមក ក៏ដូចជានីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចុះនូវយុទ្ធសាស្រ្តគាំទ្រយ៉ាងពេញទំហឹងចំពោះវិស័យសាសនា និងបានផ្តល់នូវអនុសាសន៍នានាដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងនោះក្រសួងធម្មការនិងសាសនា ជាស្ថាប័នទទួលខុសត្រូវគោលក្នុងការលើកកម្ពស់សុខុដុមនីយកម្មសាសនា និងបន្តស្មារតីសុខដុមរមនានោះ សម្រាប់អប់រំផ្សព្វផ្សាយដល់យុវជនជំនាន់ក្រោយ ឱ្យជៀសវាងនូវអំពើអបាយមុខទាំងឡាយ រួមទាំងការប្រើប្រាស់អំពើហិង្សាលើកុមារផងដែរ។

ចំពោះសិក្ខាសាលាដ៏មានសារៈសំខាន់នេះ មានគោលបំណងសំខាន់ៗរួមមាន៖
១.បង្កើនសមត្ថភាពរបស់គ្រូបង្គោលសុវត្ថិភាពកុមារតាមវត្តអារាម ដើម្បីការពារកុមារក្នុងវត្តនិងក្នុងសហគមន៍។
២.តម្រង់ទិសគ្រូបង្គោលសុវត្ថិភាពកុមារតាមវត្តអារាមអំពីការអនុវត្តការផ្សព្វផ្សាយយុទ្ធនាការ “គ្រួសាររឹងមាំ” នៅតាមវត្តអារាម និងដល់ប្រជាជនក្នុងសហគមន៍។
៣.អនុវត្តពីរបៀបប្រើប្រាស់ឧបករណ៍/សម្ភារៈឧបទេសសម្រាប់ផ្សព្វផ្សាយ ផលប៉ះពាល់នៃការប្រើប្រាស់បណ្តាញសង្គមនានា ក្នុងក្របខណ្ឌអ្នកប្រើប្រាស់ខ្វះការយល់ដឹង ជាដើម។
ព្រះធម្មសិរី ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប គណៈមហានិកាយ បានមានសង្ឃដីកាថា ព្រះសង្ឃត្រូវការសហគមន៍ ប្រជាពុទ្ធបរិស័ទ ដូច្នេះព្រះសង្ឃគ្រប់អង្គត្រូវជួយទប់ស្កាត់រាល់អំពើហិង្សាទាំងឡាយក្នុងវត្តអារាមកុំឱ្យមាន ហើយខិតខំទេសនាទូន្មានពុទ្ធបរិស័ទឱ្យលះបង់នូវអំពើអបាយមុខនានានិងអំពើហិង្សាក្នុងក្រុមគ្រួសារ ពិសេសអំពើហិង្សាលើកូនចៅតូចៗ ព្រោះពួកគេមិនទាន់ដឹងអីទេ ត្រូវការយើងស្រឡាញ់ ថែរក្សា បណ្តុះបណ្តាលឱ្យមានចំណេះដឹង មានបញ្ញាញាណ មានគុណធម៌ ទុកជាទំពាំងស្នងឫស្សី។ ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមក្នុងខេត្ត ត្រូវយកព្រះទ័យទុកដាក់តាមដាន ពិនិត្យមើលថែព្រះសង្ឃ និងអ្នកស្នាក់នៅក្នុងវត្តគ្រប់វត្តទាំងអស់ កុំឱ្យមានអំពើអហិង្សា កុំឱ្យមានសកម្មភាពអបាយមុខផ្សេងៗ មានគ្រឿងញៀន ឬការប្រព្រឹត្តល្មើសលើធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធនិងច្បាប់រដ្ឋ ជាដើម។ ម្យ៉ាងទៀត ព្រះសង្ឃត្រូវធ្វើជាគំរូឱ្យពុទ្ធបរិស័ទ ដូច្នេះព្រះសង្ឃត្រូវមានសីលជាទីស្រឡាញ់ ដើម្បីបានជាស្រែបុណ្យដ៏ថ្លៃថ្លារបស់ពុទ្ធបរិស័ទ និងរួមចំណែកដល់ការកសាងប្រទេសជាតិឱ្យមានការរីកចម្រើន៕