ក្រសួងបរិស្ថានចាប់ផ្តើមសកម្មភាពសម្អាតផ្លូវជាតិនៅតាមបណ្តាឃុំ-សង្កាត់ ដើម្បីបង្កើនភាពស្អាត

មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងសិស្សា សិស្ស សរុប ១២ ០៥៥ នាក់ បានចូលរួមសកម្មភាពសម្អាតផ្លូវជាតិនៅតាមបណ្តាឃុំ-សង្កាត់ តាមដងផ្លូវជាតិ លេខ៣ លេខ៤ លេខ៤១ និងលេខ៥១ ដើម្បីបង្កើនភាពស្អាត និងសោភ័ណភាព គ្មានសំរាមនិងថង់ប្លាស្ទិកនៅតាមផ្លូវជាតិ ដែលកំណត់នៅឆ្នាំ២០២៥។  

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា ក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ បាននិងកំពុងអនុវត្តសកម្មភាពសម្អាតផ្លូវជាតិនៅតាមបណ្តាឃុំ-សង្កាត់ តាមដងផ្លូវជាតិជាបណ្តើរៗ។ គិតត្រឹមថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឃុំ-សង្កាត់៨១ នៃចំនួន ឃុំ-សង្កាត់ សរុប ១១៩ (៦៨,១%) បានចូលរួមអនុវត្តសកម្មភាពសម្អាតតាមដងផ្លូវជាតិ ដោយគិតជាប្រវែងផ្លូវជាតិបានសម្អាត ២៥៤ គ.ម. នៃប្រវែងផ្លូវសរុប ៦៣៦គ.ម. (៣៩,៨%)  និងប្រមូលសំរាមសំណល់ប្លាស្ទិកបាសរុប ២៨ ៧៣២ គ.ក្រ។ 

អ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា ឆ្លើយតបទៅនឹង «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» សកម្មភាពសំអាតអនាម័យបរិស្ថាន បានលប់បំបាត់គំនរសំរាមអនាធិបតេយ្យចំនួន ២១៦ ទីតាំង ត្រូវបានសម្អាត។ 

សូមជម្រាបថា ក្រសួងបរិស្ថាន បានដាក់ចេញផែនការ សកម្មភាពសម្អាតផ្លូវជាតិនៅតាមបណ្តាឃុំ-សង្កាត់ តាមដងផ្លូវជាតិ លេខ៣ លេខ៤ លេខ៤១ និងលេខ៥១ កាលពីខែតុលា ២០២៤ កន្លងទៅ ក្នុងគោលបំណង ដើម្បីឱ្យបណ្តាក្រុង ស្រុក នៅតាមដងផ្លូវជាតិគោលដៅ មានភាពស្អាត មិនមានសំរាមនិងសំណល់ប្លាស្ទិករាយប៉ាយ អនាធិបតេយ្យ តាមរយៈការសម្រេចឱ្យបាននូវ គោលដៅក្នុងការប្រែក្លាយសកម្ម ភាព ឬយុទ្ធនាការនេះ ទៅជាចលនាស្វ័យអនុវត្ត និងបន្តរទៅជាវប្បធម៌និង ទម្លាប់ល្អរបស់ប្រជាពលរដ្ឋនៅក្នុងរក្សាភាពស្អាត។ ផែនការសកម្មភាពនេះ គឺជាចលករដ៏សំខាន់ជួយជំរុញដល់ការលើកកម្ពស់ការកែប្រែ ឥរិយាបទ និងការចូលរួមរបស់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ក្នុងការលើកកំពស់ភាពស្អាតដែនដី ដើម្បី សម្រេចបាននូវទិសដៅ របស់រាជរដ្ឋាភិបាលក្នុងការថែរក្សានូវ សុខមាលភាពរបស់ប្រជាពលរដ្ឋ ការអភិរក្សជីវៈ ចម្រុះ និងការអភិវឌ្ឍប្រកប ដោយចីរភាព។

ក្រសួងបរិស្ថានបានដាក់ចេញនូវ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលបានរៀបចំ ឡើងអនុលោមទៅតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា និងយុទ្ធ សាស្ត្រ បញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៣- ២០២៨ ដែលបានគូសបញ្ជាក់ពីបេសកកម្ម និងការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលក្នុងវិស័យបរិស្ថាន ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នាប្រជាពលរដ្ឋទូទៅ សំដៅឈាន ឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាព។ យុទ្ធសាស្ត្រនេះបានរៀបចំឡើង ដើម្បីតម្រង់ទិស និងចង្អុល បង្ហាញពីអាទិភាព ការងារក្នុងការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍ ប្រកបដោយចីរភាព ជាមួយនឹងយុទ្ធសាស្រ្តចំនួនបី គឺ “ភាពស្អាត» «ភាពបៃតង» និង «ចីរភាព» សំដៅឆ្ពោះ ទៅសម្រេចការអភិវឌ្ឍប្រកបដោយអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០៕