ក្រសួងបរិស្ថានបើកវគ្គបណ្តុះបណ្តាលស្តីពី«ការអនុវត្តសវនកម្មជាក់ស្តែង និងសវនកម្មសមិទ្ធកម្ម» ជូនមន្រ្តីរាជការក្រសួងបរិស្ថាន ទទួលបន្ទុកកិច្ចការរដ្ឋបាល ហិរញ្ញវត្ថុ គណនេយ្យ និងអ្នកសម្របសម្រួលការងារជាមួយអង្គភាពត្រួតពិនិត្យ ជាពិសេសសវនករផ្ទៃក្នុង
ភ្នំពេញ÷ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួង បរិស្ថានអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី«ការអនុវត្តសវនកម្មជាក់ស្តែង និងសវនកម្មសមិទ្ធកម្ម» ជូនដល់មន្រ្តីរាជការនៃក្រសួងបរិស្ថាន រួមមានមន្រ្តី ទទួលបន្ទុកកិច្ចការរដ្ឋបាល ហិរញ្ញវត្ថុ គណនេយ្យ និងអ្នកសម្រប សម្រួលការងារជាមួយអង្គភាពត្រួត ពិនិត្យ ជាពិសេស នោះគឺសវនករផ្ទៃក្នុង នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងបរិស្ថាន។
មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តម ង៉ូវ បូរីណា លើក ឡើងថា ដើម្បីសម្រេចបានប្រសិទ្ធភាព នូវគោលដៅនិងយុទ្ធសាស្រ្តរបស់ក្រសួងក្នុងការអនុវត្តយុទ្ធសាស្រ្ត ចក្រា ដែលឈានទៅសុក្រឹត្យកម្មបរិស្ថានកិច្ច និងអព្យាក្រឹត្យកាបូននាពេលខាមុខ ក្រសួងបរិស្ថានបានអនុវត្តនៅយុទ្ឋសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជ រដ្ឋាភិបាល បានអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈនៅឆ្នាំ២០០៤ ក្នុងគោលដៅប្រែក្លាយប្រព័ន្ធ គ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈនៅកម្ពុជាជាជំហានៗ ឱ្យទៅជាប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ស្របតាមបទដ្ឋាន និងឧត្តមានុវត្តជាតិ។
កម្មវិធីនេះត្រូវបានរៀបចំតាក់តែងកែទម្រង់ រយៈពេល វែង និងមានលក្ខណៈ គ្រប់ជ្រុងជ្រោយ ដោយត្រូវបានកំណត់ជា៤ដំណាក់កាលគឹ ដំណាក់កាលទី១ ការបង្កើនភាពជឿទុកចិត្តនៃថវិកា(២០០៥-២០០៨) ដំណាក់កាលទី២ ការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ (២០០៩-២០១៥) ដំណាក់កាលទី៣ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ(២០១៦-២០២០) និងដំណាក់កាលទី៤ ការបង្កើនគណនេយ្យភាសមិទ្ធិកម្ម (២០២១-២០២៥)។
ឯកឧត្តមរដ្ឋលេខាធិការបន្តទៀតថា ការធ្វើកំណែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានរចនាឡើងដើម្បីបង្កើន ភាពសន្សំ សំចៃ ប្រសិទ្ធភាព ប្រសិទ្ធផល នៃការធ្វើផែនការ និងការផ្តល់សេវាសាធារណៈ ហើយនៅពេលដែលមាន ការអនុវត្ត កំណែ ទម្រង់ហិរញ្ញវត្ថុសាធារណៈ សវនកម្មនឹងត្រូវអនុវត្តបច្ចេកទេសសវនកម្មថ្មីៗ ដើម្បីឱ្យទាន់សភាពការណ៍ និងការណែនាំរបស់ក្រសួងសេដ្ឋិកច្ច និងហិរញ្ញវត្ថុ។
គួរបញ្ជាក់ថា វគ្គបណ្តុបណ្តាលនេះ រៀបចំឡើងដោយនាយកដ្ឋានសវនកម្ម ផ្ទៃក្នុង ក្នុងគោលបំណងរួម ចំណែកធានាឱ្យការកែទម្រង់នៅតាមក្រសួង-ស្ថាប័ន ទទួលបានជោគជ័យ ប្រកបដោយ ចីរភាព មុខងារសវនកម្មផ្ទៃក្នុងត្រូវបានបង្កើត និងអនុវត្តក្នុងគុណភាពឧត្តមានុវត្តន៍ កម្រិត ខ្ពស់ ទន្ទឹមនឹងការរក្សាបាននូវសង្គតិភាព និងភាពសុខដុមនៅតាមក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា៕