ក្រសួងបរិស្ថានបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តរបស់អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ក្រោមប្រធាន បទ«ប្រែក្លាយយុទ្ធនាការ ទៅជាចលនា»
ភ្នំពេញ÷នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារសម្រេចបានឆ្នាំ២០២៤ និងលើកទិសដៅបន្តរបស់អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ក្រោមប្រធានបទ «ប្រែក្លាយយុទ្ធនាការ ទៅជាចលនា» និងមានការអញ្ជើញចូលរួមពីឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន,ឯកឧត្តម ឡេង ជីវិន អគ្គនាយកចំណេះដឹងនិងព័ត៌មានបរិស្ថាន លោក លោកស្រីអគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីរាជការក្រោមចំណុះអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មាបរិស្ថានជាច្រើនរូបទៀត។
បន្ទាប់ពីស្តាប់របាយការណ៍សង្ខេបរបស់ឯកឧត្តមអគ្គនាយក ឡេង ជីវិន ស្តីពីសមិទ្ធផលការងារដែលអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថានសម្រេចបាន ឯកឧត្តមរដ្ឋលេខាធិការ ង៉ូវ បូរីណា បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ ថ្នាក់ និងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ដែលបានខិតខំយកអស់កម្លាំងកាយ ចិត្ត ក្នុងការបំពេញតួនាទី ភារកិច្ច និងបេសកកម្មរបស់ខ្លួនក្នុងបណ្តាឆ្នាំកន្លងទៅ ក្នុងបុព្វហេតុលើកស្ទួយនិរន្តរភាពបរិស្ថាន និងការពារសុខុមាលភាពរបស់ប្រជាជន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់បន្តខិតខំបំពេញភារកិច្ចរបស់ខ្លួនបន្ថែមទៀត ដើម្បីបញ្រ្ជាបការយល់ដឹង ចំណេះដឹងបរិស្ថាន និងចលនាសាធារណជន ចូលរួមអនុវត្ត «ភាពស្អាត» និង«ភាពបៃតង» តាមរយៈការអប់រំ ផ្សព្វផ្សាយ វាយតម្លៃ និងផ្តល់ការលើកទឹកចិត្តប្រតិបត្តិមេត្រីបរិស្ថាន។
ឯកឧត្តម ង៉ូវ បូរីណា បានញ្ជាក់ថា ការផលិត និងផ្សព្វ ផ្សាយព័ត៌មានបរិស្ថាន ពិតជាកិច្ចការដ៏សំខាន់មួយ ក្នុងការចែករំលែកព័ត៌មានអំពីបរិស្ថានដល់សាធារណជន ដើម្បីជ្រាប និងដើម្បីលើកកម្ពស់ការយល់ដឹងពីវឌ្ឍនភាព និងស្ថានភាពបរិស្ថាននិងធនធានធម្មជាតិ ក៏ដូចជាការទប់ស្កាត់នូវព័ត៌មានដែលមានចរិតជាការបំភ្លៃ បំផ្លើស និងញុះញង់ ក្នុងវិស័យបរិស្ថាន។ជាក់ស្តែង ការធ្វើយុទ្ធនាការអប់រំ-ផ្សព្វផ្សាយអំពីការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅតាមសាលារៀន វត្តអារាម រោងចក្រសហគ្រាស វិស័យឯកជន ក្រោមប្រធានបទ “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” និង”កម្ពុជាស្អាត ខ្មែរធ្វើបាន” ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានសមិទ្ធផលដ៏ធំដែលមានការចូលរួមយ៉ាងផុសផុលពីសំណាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេស និងមានការទទួលស្គាល់អំពីសមិទ្ធផលដែលទទួលបាន ជាអន្តរជាតិថែមទៀតផង។
ឯកឧត្តម រដ្ឋលេខាធិការសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា សិក្ខាសាលានាថ្ងៃនេះ នឹងផ្តល់ឱកាសដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា និងអ្នកពាក់ព័ន្ធទាំងអស់ មានឱកាសក្នុងការចូលរួមចែករំលែក និងផ្លាស់ប្តូរនូវបទពិសោធន៍ ក៏ដូចជាធាតុចូលដែលមាននៅតាមស្ថាប័នរបស់ខ្លួន ដើម្បីជំរុញ «លើកកម្ពស់ចំណេះដឹងអំពីបរិស្ថាន ដើម្បីផ្លាស់ប្តូរផ្នត់គំនិតសាធារណជនឱ្យចូលរួមប្រតិបត្តិមេត្រីបរិស្ថាន» ទទួលបានជោគជ័យ៕