ភ្នំពេញ÷ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការ និងជាតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញបើកសិក្ខាសាលាស្តីពី «ការងារអធិការកិច្ចរបស់ក្រសួងបរិស្ថាន» និងមានការអញ្ជើញចូលរួមពីឯកឧត្ដម កែវ សុភគ៌ អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងបរិស្ថាន ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានអង្គភាពចំណុះទីស្តីការក្រសួងបរិស្ថានជាច្រើនរូបចូលរួម នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការលើកឡើងថា ការងារអធិការកិច្ចនិងអភិបាលកិច្ចល្អ គឺជាមុខងារដ៏សំខាន់មួយនៃការ គ្រប់គ្រងរដ្ឋ ស្ថាប័ន អង្គភាព ហើយក៏ជាការត្រួតពិនិត្យតាមដានអង្កេតស្រាវជ្រាវដោះស្រាយ និងវាយតម្លៃលើការអនុវត្តលិខិតបទដ្ឋាន និងគោលនយោបាយរបស់រដ្ឋាភិបាលឬស្ថាប័នរដ្ឋដែលបានដាក់ចេញដើម្បីត្រួតពិនិត្យវាយតម្លៃ និងចាត់វិធានការម៉ឺងម៉ាត់ លើបុគ្គលឬស្ថាប័នរដ្ឋឱ្យប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនតាមច្បាប់កំណត់ សំដៅលើការការពារផលប្រយោជន៍របស់រដ្ឋនិងប្រជាពលរដ្ឋ។
ឯកឧត្តមរដ្ឋលេខាធិការបន្តទៀតថា ដើម្បីចូលរួមជំរុញការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣- ២០២៨ ពិសេសការចូលរួម និងជំរុញការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍដោយចីរភាព ដែលមានយុទ្ធសាស្ត្រស្នូល និងយុទ្ធសាស្ត្របីទៀតរួមមាន «ភាពស្អាត»«ភាពបៃតង» និង«ចីរភាព» ដើម្បីអនុវត្តឱ្យចំគោលដៅសម្រាប់បំពេញសេចក្តីត្រូវការរបស់ប្រជាជន និងប្រែក្លាយសក្តានុពលវិស័យបរិស្ថាន ឱ្យទៅជាផលប្រយោជន៍បម្រើដល់ប្រជាពលរដ្ឋគ្រប់ជំនាន់ព្រមទាំងចូលរួមក្នុងការឆ្លើយ តបនឹងការប្រែប្រួលអាកាសធាតុសកល។
ឆ្លើយតបនឹងទិដ្ឋភាពខាងលើនេះ អគ្គាធិការដ្ឋានត្រូវរៀបចំផែនការសកម្មភាពផែនការយុទ្ធសាស្រ្តនិងធ្វើបុរេសកម្ម ដើម្បីចុះធ្វើអធិការកិច្ចនិងចុះស្រាវជ្រាវបាតុភាពផ្សេងៗ ឬភាពអសកម្មនានាដែលពាក់ព័ន្ធនឹងការគ្រប់ គ្រងដឹកនាំរបស់ប្រធានអង្គភាពនិងមន្រ្តីពាក់ព័ន្ធក្នុងវិស័យបរិស្ថានសំដៅឆ្ពោះទៅចូលរួមអនុវត្តសកម្មភាពនានាដែលមាននៅក្នុងយុទ្ធសាស្រ្តស្នូលដែលផ្តោតសំខាន់លើមុំចំនួន៣ គឺការពង្រឹងគោលនយោបាយ, ការកសាង រដ្ឋបាលឌីជីថល និងការពង្រីកការផ្សព្វផ្សាយ៕