ក្រសួងបរិស្ថាន បើកការដ្ឋាន សាងសង់ស្ថានីយ៍ បណ្តុះកូនឈើ ថ្នាក់តំបន់ ខេត្តត្បូងឃ្មុំ ដោយមានសមត្ថភាព បណ្តុះបាន១លានដើម ក្នុងមួយឆ្នាំ បំពាក់ដោយប្រព័ន្ធស្រោចស្រព ប្រើថាមពលពន្លឺព្រះអាទិត្យ
ក្រសួងបរិស្ថាន បើកការដ្ឋាន សាងសង់ស្ថានីយ៍ បណ្ដុះកូនឈើ ថ្នាក់តំបន់ លើទំហំដីជាង៣ហិកតា ក្នុងខេត្តត្បូងឃ្មុំ ដែលមានសមត្ថភាពបណ្តុះ បាន១លានដើម ក្នុងមួយឆ្នាំ ដើម្បីជំរុញការដាំដុះដើមឈើ ឲ្យបានច្រើន គ្រាដែលក្នុងផែនការ គ្រោងដាំស្តារ ព្រៃឈើឡើងវិញ ឲ្យបាន៥លានហិកតា បន្ថែមទៀត ក្នុងរយៈ ពេល២៥ឆ្នាំខាងមុខ ពោលគឺ ធ្វើយ៉ាងណាដាំដើមឈើ ឡើងវិញ ឲ្យបាន១១លានហិកតា ឬ ៦០ ភាគរយ នៃផ្ទៃដី ប្រទេសកម្ពុជា នៅត្រឹមឆ្នាំ២០៥០ ។
ពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍ ថ្នាលបណ្តុះកូនឈើទី១ ស្ថិតក្នុង ចម្ការកៅស៊ូ ពាមជាំង ភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូរាំងឪ ដោយមានការអញ្ចើញចូលរួមជាអធិបតីពីឯកឧត្តមបណ្ឌិតអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាថៃ្ងទី៨ ខែកញ្ញា ឆ្នាំ២០២៤ ដោយទទួលបានការគាំទ្រពី គម្រោងហិរញ្ញប្បទាន របស់កម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ (UNDP) និងក្រុមហ៊ុន កូកា-កូឡា កម្ពុជា។
ឯកឧត្តម រដ្ឋមន្ត្រី មានប្រសាសន៍ថា «ការដាំដើមឈើ ក៏ជាការដាក់ទុនមួយផងដែរ នៅក្នុងការទប់ស្កាត់ ការប្រែប្រួលអាកាសធាតុ និងការជំរុញការលើកកម្ពស់ អព្យាក្រឹតកាបូន»។ ឯកឧត្តម បានស្នើUNDP ជួយរៀបចំ ថ្នាលបណ្តុះកូនឈើនេះបន្តទៀត ដើម្បីរួមចំណែកដល់ការចូលរួមចំណែកដាំដើមឈើឡើងវិញឲ្យបានច្រើនសំដៅ កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងធ្វើឲ្យកម្ពុជាមានភាពបៃតងស្រស់ស្អាត។ ជាមួយគ្នានេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាដាំដើមឈើដាំឲ្យបានច្រើន ក៏ដូចជាជួយថែរក្សា និងកុំកាប់ដើមឈើ ដើម្បីទុកជាម្លប់ និងខ្យល់សម្រាប់ដកដង្ហើម។
លោកស្រី Alissar Chaker តំណាងនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នៅកម្ពុជា បានថ្លែងថា UNDP គាំទ្រកិច្ចខិតខំប្រឹងប្រែងដែលកំពុងតែអនុវត្តក្រោមយុទ្ធសាស្ត្រស្តារព្រៃឈើជាតិឡើងវិញ ដែលមានគោលបំណងដាំដើមឈើចំនួន១លានដើម ក៏ដូចជាអនុសាសន៍ក្នុងគោលនយោបាយការចូលរួមចំណែក ដើម្បីអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីការប្រែប្រួលអាកាសធាតុ (NDC) និងគោលដៅអព្យាក្រឹតកាបូន។
លោកស្រី បញ្ជាក់ថា «UNDP បានគាំទ្ររាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន ក្នុងការបង្កើតគោលនយោបាយ និងក្របខណ្ឌសំខាន់ៗ ដូចដែលបានរៀបរាប់ខាងលើ សម្រាប់ការអនុវត្តរបៀបវារៈអាកាសធាតុរបស់ជាតិ និងបន្តការរួមចំណែកចំពោះមហិច្ឆតាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការសម្រេចបានគម្របព្រៃឈើចំនួន៦០ភាគរយ នៅឆ្នាំ២០៥០»។
កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈនៃក្រុមហ៊ុនកូកា- កូឡាកម្ពុជា បានសម្តែងមោទកភាព ដែលបានចូលរួមចំណែកជាផ្នែកមួយនៃគម្រោងនេះ តាមរយៈការផ្តល់ជូនប្រព័ន្ធស្រោចស្រពប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យបំពាក់នៅទីតាំងថ្នាលបណ្តុះកូនឈើ ពោលគឺប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលកាត់បន្ថយការបំពុលបរិស្ថាន ដើម្បីបណ្តុះកូនឈើ ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានរបស់ក្រសួងបរិស្ថានទាំងភាពស្អាត ភាពបៃតង និងចីរភាព។ កញ្ញា បានថ្លែងថា ការរៀបចំនាថ្ងៃនេះ ក៏ជាសក្ខីភាពនៃភាពជាដៃគូដ៏រឹងមាំរវាងក្រសួងបរិស្ថាន ភ្នាក់ងារ UNDP និងវិស័យឯកជន។ លើសពី ភាពជាដៃគូ ស្ថានីយ៍នេះ សបញ្ជាក់ពី កិច្ចខិតខំប្រឹងប្រែងរួមគ្នាសម្រាប់អនាគតបៃតង និងប្រកបដោយចីរភាពសម្រាប់កម្ពុជាផងដែរ។
សូមបញ្ជាក់ថា នៅដំណាច់ឆ្នាំនេះ ខេត្តចំនួន៤ផ្សេងទៀត គឺខេត្ត កោះកុង កំពង់ស្ពឺ សៀមរាប និង មណ្ឌលគិរី នឹង បន្តអនុវត្ត ដូចគ្នាដែរ។ ការងារដែលកំពុងដំណើរការរួមមានការវាយតម្លៃជ្រើសរើសទីតាំងសមស្រប ដើម្បីបង្កើតស្ថានីយ៍បណ្តុះកូនឈើ ការរៀបចំផែនការមេ និងការរចនានៃស្ថានីយ៍ ដែលរួមបញ្ចូលនូវ គ្រប់លក្ខខណ្ឌ ចីរភាព ការប្រើប្រាស់ផ្ទាំងសូឡាពន្លឺព្រះអាទិត្យសម្រាប់ប្រព័ន្ធផ្គត់ផ្គង់ទឹក និងថាមពល៕