ក្រសួងព័តមាន គ្រោងនឹងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារប្រចាំឆ្នាំ២០២៥ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់២២ ខែមករា ឆ្នាំ២០២៥ ដើម្បីពង្រីកនូវចំណេះដឹង និងការយល់ដឹងបន្ថែមដល់មន្ត្រីរាជការទាំងអស់ក្នុងការអនុវត្តការងារអោយកាន់តែមានប្រសិទ្ធិភាព ពិសេសធ្វើអោយវិស័យព័ត៌មាន និងសោតទស្សន៍កាន់តែរីកចម្រើនបន្ថែមទៀត,

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា សម្រាប់ដំណើរការអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារ ប្រចាំឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន ដែលគ្រោងធ្វើឡើងនៅចុងខែមករា ឆ្នាំ២០២៥ ខាងមុខនេះ គឺ នឹងលើកបង្ហាញនូវលទ្ធផលការងារដែលសម្រេច បាន បញ្ហាប្រឈម ការរួមគ្នាដោះស្រាយនូវរាល់ចំណុចខ្វះខាត និងលើកផែនការសម្រាប់អនុវត្តទៅពេលខាងមុខ ព្រមទាំងលើកពីចំណុចមុខងារគាំទ្ររបស់ក្រសួងព័ត៌មាន ទៅក្រសួង ស្ថាប័នដ៏ទៃទៀត ។ ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ឆ្នាំ២០២៥ ជាឆ្នាំដែលត្រូវពង្រឹង និងអនុវត្តន៍រាល់ផែនការដែលបានរៀបចំរួចហើយក្នុងរយៈពេល ១៦ខែមកនេះ អោយបានដើរទន្ទឹមគ្នាទាំងថ្នាក់លើ រហូតដល់ថ្នាក់ក្រោម ដើម្បីភាពជោគជ័យ និងរីកចម្រើនបន្ថែមទៀតលើវិស័យព័ត៌មាន និសោតទស្សន៍នៅកម្ពុជា ។ កិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការងាររបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន ក្នុងរយៈពេលកន្លងមកនេះ បានបង្ហាញនូវមោទនភាព និងមានទិសដៅផែនការការងារច្បាស់លាស់ក្នុងការពង្រឹងវិស័យព័ត៌មាន បានកាន់តែរឹងមាំដើម្បីជាការឆ្លើយតបទៅការផ្តល់ជំនឿ និងការជឿជាក់របស់ប្រមុខរាជរដ្ឋាភិបាល ដោយបានចាត់ទុកសារព័ត៌មាន គឺជាអំណាចទី៤ និងជាស្ពានភ្ជាប់ដំណឹងទៅមករវាងរាជរដ្ឋាភិបាលជាមួយនឹងប្រជាជន។ ចាប់តាំងពីមុនរហូតបច្ចុប្បន្ន រាជរដ្ឋាភិបាលនៅតែបានចាត់ទុកវិស័យព័ត៌មានជាចំណុចអាទិភាពមួយដ៏សំខាន់ និងមិនអាចខ្វះបាន។ ដូច្នេះហើយដើម្បីអោយការងារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាកាន់តែល្អប្រសើរថែមទៀតនោះ ក្រសួងព័ត៌មាននៅក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តធ្វើការរៀបចំសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ខ្លួន ដើម្បីពិនិត្យឡើងវិញនូវរាល់បញ្ហាប្រឈម រួមគ្នារកដំណោះស្រាយសមស្រប អនុវត្តអោយបានល្អប្រសើរ ។ តាមរយៈនៃការត្រៀមរៀបចំ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារប្រចាំឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន នេះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបង្កើតជាគណៈកម្មការ និងអនុគណៈកម្មការ ដើម្បីដឹកនាំ ចាត់ចែង និងត្រួតពិនិត្យដំណើរការរៀបចំសន្និបាតឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ហើយសម្របសម្រួល និងផ្តល់ការណែនាំដល់គ្រប់អនុគណៈកម្មការ លើការអនុវត្តការងាររដ្ឋបាល ហិរញ្ញវត្ថុ និងការងារបច្ចេកទេសតាមតួនាទី ភារកិច្ច និងពេលវេលាដែលបានកំណត់ និង អនុវត្តនូវភារកិច្ចតាមការណែនាំរបស់ប្រធានគណៈកម្មការ។
បន្ទាប់ពីបញ្ចប់នៃកិច្ចប្រជុំគណៈកម្មការរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន
ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា បានធ្វើការប្រគល់ជូននូវ Computer ជូនដល់អគ្គនាយកដ្ឋាន
ទាំង៥ ចំណុះអោយក្រសួងព័ត៌មាន រួមទាំងនាយកដ្ឋានជំនាញនីមួយៗ និង ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួងព័ត៌មានផងដែរ ។
គួរបញ្ជាក់ដែរថា Computer ដែលប្រគល់ជូនដល់គ្គនាយកដ្ឋានចំណុះ និងជំនាញ រួមទាំងថ្នាក់ដឹកនាំក្រសួងព័ត៌មាន នាឱកាសនេះគឺជាផ្តល់ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដល់ក្រសួងព៍ត៌មាន សរុបចំនួន ៦០០គ្រឿង ដោយនៅក្នុងដំណាក់កាលទី១ ចំនួន ១៩៣គ្រឿង ៕