ក្រសួងព័ត៌មានកម្ពុជា ដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការព័ត៌មានអាស៊ាននៃកិច្ចប្រជុំគណៈកម្មាធិការវប្បធម៌ និងព័ត៌មានអាស៊ាន លើកទី៥៩

កិច្ចប្រជុំអនុគណៈកម្មាធិការព័ត៌មានអាស៊ាន (SCI) ត្រូវបានប្រារព្ធឡើងនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការវប្បធម៌ និងព័ត៌មានអាស៊ានលើកទី ៥៩។

កិច្ចប្រជុំអនុគណៈកម្មាធិការព័ត៌មានអាស៊ាននេះ ដឹកនាំដោយឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកានៃប្រទេសសមាជិកអាស៊ានជាច្រើនរូប។ 

កិច្ចប្រជុំអនុគណៈកម្មាធិការព័ត៌មានអាស៊ាននេះ បានពិនិត្យ និងពិភាក្សាអំពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងការយកចិត្តទុកដាក់ក្នុងការជំរុញឱ្យមានទិដ្ឋភាពព័ត៌មានប្រកបដោយថាមពល និងរួមបញ្ចូលដែលឆ្លុះបញ្ចាំងពីទស្សនៈវិស័យរួមគ្នារបស់អាស៊ានស្តីពីការរួបរួម និងវឌ្ឍនភាព។

ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ព័ត៍មាន និងប្រព័ន្ធផ្សព្វផ្សាយកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម  ខណៈពិភពលោកកំពុងមានការវិវឌ្ឍយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ។

ឯកឧត្តម បានបន្តថា ទន្ទឹមនឹងនេះ វិស័យព័ត៌មាន ក៏ប្រឈមមុខនឹងបញ្ហាសំខាន់ៗ ដូចជាការផ្សព្វផ្សាយព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយធ្វើឱ្យប៉ះពាល់ដល់ភាពជឿជាក់នៃវិស័យព័ត៌មាន, ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល (Al) ដែលគ្មានសីលធម៌ធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ត និងសុវត្ថិភាព, ការជឿទុកចិត្តជាសាធារណៈលើប្រព័ន្ធផ្សព្វផ្សាយបន្តធ្លាក់ចុះ ដោយបំផ្លាញសិទ្ធិអំណាចរបស់ខ្លួនជាប្រភពដែលអាចទុកចិត្តបាន, គំរូធុរកិច្ចបែបប្រពៃណី ដែលផ្តល់មូលនិធិដល់អង្គការប្រព័ន្ធផ្សព្វផ្សាយកំពុងស្ថិតក្រោមភាពតានតឹង ដោយធ្វើឱ្យប៉ះពាល់ដល់គុណភាពនៃសារព័ត៌មាន និងការរាយការណ៍ប្រកបដោយវិជ្ជាជីវៈ។

ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ អាស៊ានចាំបាច់ក្នុងការអនុម័តវិធីសាស្រ្តពហុភាគី។ អនុគណៈកម្មាធិការព័ត៌មានអាស៊ាន (SCI) ដែលមានភារកិច្ចលើកកម្ពស់ ពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ានក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ គឺជាវេទិកាថ្នាក់តំបន់សម្រាប់យើង ធ្វើការរួមគ្នា ចូលរួមជាមួយភាគីពាក់ព័ន្ធជាច្រើន ដើម្បីធានាបាននូវទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយដ៏រឹងមាំ គួរឱ្យទុកចិត្ត និងប្រកបដោយនិរន្តរភាព។

កិច្ចប្រជុំអនុគណៈកម្មាធិការព័ត៌មានអាស៊ាននាឱកាសនេះ នឹងវាយតម្លៃស្ថានភាពនៃគម្រោងដែលកំពុងដំណើរការ និងស្វែងរកឱកាសថ្មីសម្រាប់ការសហការ រួមទាំងគំនិតផ្តួចផ្តើមជាមួយដៃគូសន្ទនា។

សូមជម្រាបជូនថា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការវប្បធម៌ និងព័ត៌មានអាស៊ានលើកទី៥៩ ដោយមានកិច្ចប្រជុំចំនួន២ គឺកិច្ចប្រជុំអនុគណៈកម្មាធិការវប្បធម៌អាស៊ាន (SCC) និងកិច្ចប្រជុំអនុគណៈកម្មាធិការព័ត៌មានអាស៊ាន (SCI)។ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្អែកនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការវប្បធម៌ និងព័ត៌មានអាស៊ាន លើកទី៥៩៕