ក្រសួងព័ត៌មាន ត្រៀមរៀបចំមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មានឆ្នាំ២០២៥ ដើម្បីអបអរទិវាកុមារអន្តរជាតិ ១មិថុនា,ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥

ក្រសួងព័ត៌មាន ត្រៀមរៀបចំមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មានឆ្នាំ២០២៥ ដើម្បីអបអរទិវាកុមារអន្តរជាតិ ១មិថុនា,ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥,

(ភ្នំពេញ)៖  ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំមហោស្រពតន្ត្រី និងចម្រៀងកុមារ ពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៥ ដើម្បីត្រៀមចូលរួមអបអរការប្រារព្ធទិវាកុមារអន្តរជាតិ ១មិថុនា នាពេលខាងមុខនេះ ។

  កិច្ចប្រជុំពិនិត្យមើលការងាររួម របស់គណៈ កម្មការរៀបចំមហោស្រពតន្ត្រី និងចម្រៀងកុមារ ពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៥ បានធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នាទីស្តីការក្រសួង ។

   ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជម្រាបជូបថា

“កម្មវិធីមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៥” នឹងត្រូវចាប់ផ្តើមប្រឡងក្នុងពេលឆាប់ៗនេះ។ បទចម្រៀងថ្មីៗបង្កប់ដោយអត្ថន័យខ្លឹមសារ អប់រំជាច្រើនបទតាមរយៈការចូលរួមតាក់តែងនិពន្ធរបស់ប្អូនៗកុមារា-កុមារី លោកគ្រូ-អ្នកគ្រូ មាតា-បិតាសិស្ស នឹងត្រូវផុសចេញពីសំឡេងរបស់ប្អូនៗកុមារនៅលើឆាកកម្មវិធីមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ ក្រសួងព័ត៌មានប្រចាំឆ្នាំ២០២៥នេះ។ 

  តាមរយៈសេចក្តីជូនដំណឹងស្តីពីមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៥ បានជម្រុញលើកទឹកដល់ មាតា បីតា អាណាព្យាបាល លោកគ្រូអ្នកគ្រូ សាលារដ្ឋ-ឯកជន សហគមន៍ និងអង្គការនានា ពិសេស

កុមារា-កុមារីរូបណាដែលមានជំនឿចិត្តលើទេពកោសល្យ ភាពប៉ិនប្រសព្វ លើកាយវិការ និងទឹកដមសំឡេងរបស់ខ្លួន សូមអញ្ជើញទំនាក់ទំនងមកដាក់ពាក្យប្រឡងនៅក្រសួងព័ត៌មាន ។

លក្ខខណ្ឌនៃការចូលរួមប្រឡង៖

សិស្សានុសិស្សដែលមានអាយុចាប់ពី ៨ឆ្នាំ ដល់ ១៣ឆ្នាំ ១ក្រុមចំនួន ៥នាក់ កំពុងសិក្សានៅសាលា បឋមសិក្សាតាមបណ្តាសាលារៀនរដ្ឋ សាលាឯកជន អង្គការ និងសហគមន៍ នានា ក្នុងរាជធានី ខេត្ត ក្រុង។

បទចម្រៀងដែលត្រូវចូលរួមប្រឡងតម្រូវឱ្យធ្វើការតាក់តែងនិពន្ធនូវទំនុកច្រៀង និងបទភ្លេងថ្មីចំនួន២បទ ដោយអត្ថន័យក្នុងបទចម្រៀងត្រូវផ្តោតលើការអប់រំជាចម្បង រួមមានដូចជា៖ ការអប់រំផ្នែកសុភាវធម៌ គុណធម៌ សីលធម៌ សុជីវធម៌ ការគោរពឪពុកម្តាយ ចាស់ព្រឹទ្ធាចារ្យ ស្រលាញ់ការសិក្សា ស្រលាញ់បរិស្ថាន ការគោរព ច្បាប់ចរាចរណ៍ និងការជៀសឱ្យឆ្ងាយពីគ្រឿងញៀនជាដើម ជាពិសេសបទចម្រៀងត្រូវតាក់តែងឱ្យស្រប តាមវ័យរបស់កុមារ។

ដូច្នេះសូម មាតា-បិតា អាណាព្យាបាល លោកគ្រូ-អ្នកគ្រូ សាលារដ្ឋ-ឯកជន សហគមន៍ និងអង្គការទាំងអស់ ជួយជំរុញឱ្យប្អូនៗកុមារា-កុមារី មានភាពក្លាហានក្នុងការទទួលយកការអប់រំតាមរយៈ សិល្បៈ ចម្រៀងដើម្បីបណ្តុះ ផ្នត់គំនិតកុមារឱ្យមានសេចក្តីក្លាហាន ទទួលយកនូវសិទ្ធិទាំង៤ គឺសិទ្ធិរស់រាន សិទ្ធិអភិវឌ្ឍន៍ សិទ្ធិទទួលបានការ ការពារ និងសិទ្ធិនៅក្នុងការចូលរួម ជាពិសេស ដើម្បីចូលរួមអបអរសាទរខួបលើកទី៧៦ នៃទិវាអន្តរជាតិ១មិថុនា ខួបលើកទី២៤ នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៥។

  នៅក្នុងឱកាសនៃកិច្ចនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងនូវអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ អស់លោក លោកស្រីជាសមាជិក សមាជិកា នៃគណៈកម្មការរៀបចំមហោស្រពតន្ត្រី និងចម្រៀងកុមារ ពានរង្វាន់ក្រសួងព័ត៌មាន ដែលបានខិតខំប្រឹងប្រែងនៅក្នុងការរៀបចំនូវមហោស្រពតន្ត្រី និងចម្រៀងកុមារ កាលពីឆ្នាំ២០២៤ ប្រកបដោយជោគជ័យ ៕