ក្រសួងព័ត៍មាន និង ក្រុមហ៊ុន OPPO សហការគ្នាត្រៀមរៀបចំបង្កើតកម្មវិធីប្រកួតថតរូប ដើម្បីបង្ហាញពីសក្តានុពលសំខាន់ៗរបស់ប្រទេសកម្ពុជា អោយសាធារណជនបានឃើញកាន់តែច្រើនបន្ថែមទៀតតាមរយៈរូបថត រួមទាំងរូបភាពសប្បាយរីករាយនៃពិធីបុណ្យចូលឆ្នាំខ្មែរ
ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក ទូច ស៊ាងអ៊ុយ (Steven) នាយកគ្រប់គ្រងផែនការ តំណាងក្រុមហ៊ុន OPPO ប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្តែងនូវការអរគុណចំពោះក្រុមហ៊ុនទូរសព្ទ័ដៃ OPPO ដែលបានឧបត្តម្ភគាំទ្រ និងចូលរួមរៀបចំកម្មវិធីប្រកួតប្រជែងថតរូប ដែលជាផ្នែកមួយក្នុងការជម្រុញសិល្បៈថតរូប សម្រាប់ជាការបង្ហាញពីសក្តានុពលសំខាន់ៗរបស់ប្រទេសកម្ពុជា អោយសាធារណជនទូទៅបានឃើញច្បាស់កាន់តែច្រើនបន្ថែមទៀតតាមរយៈរូបថត ។
កម្មវិធីប្រកួតប្រជែងថតរូបគ្រោងនឹងរៀបចំនៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាខែមេសា ខាងមុខនេះ ក្នុងទឹសដៅដាក់ចេញនូវប្រធានបទលើកទឹកចិត្តអោយប្រជាពលរដ្ឋថតរូបនៃទិដ្ឋភាពសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ហើយធ្វើការផ្សព្វផ្សាយបានទូលំទូលាយ ។
តាមរយៈកម្មវិធីប្រកួតប្រជែងថតរូបនេះដែរ ខាងក្រុមហ៊ុន OPPO មានអ្នកជំនាញ ២ រូប ក្នុងការវាយតំលៃខាងផ្នែកថតរូបតាមទូរសព្ទ័ដៃ និង កាមេរ៉ាវីដេអូ ខាងក្រសួងព័ត៌មាន មានអ្នកជំនាញ ១ រូប ចូលរួមវាយតំលៃសម្រាប់រូបថត ។
ក្រុមហ៊ុន OPPO និង ក្រសួងព័ត៌មាន ក៏គ្រោងធ្វើសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញពីដំណើរ ការនិងផែនការសម្រាប់រៀបចំការប្រឡងថតរូបភាពស្អាតៗ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងទិដ្ឋភាពសំខាន់ៗជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា ។
នៅក្នុងឱកាសនេះដែរ លោក ទូច ស៊ាងអ៊ុយ (Steven) នាយកគ្រប់គ្រងផែនការ តំណាងក្រុមហ៊ុន OPPO បាននាំយកនូវអំណោយមកជូនដល់ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា រួមមាន
– OPPO Reno11: 2 គ្រឿង
– OPPO Pad Neo: 3 គ្រឿង
– OPPO Watch X: 2 គ្រឿង
– OPPO Pad Air: 9 គ្រឿង
– OPPO Enco Air3: 10 គ្រឿង
និង កាបូបចំនួន ២០០ ៕