ក្រសួងមុខងារសាធារណៈបានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (វិញ្ញាសាសរសេរលើកទី១)
នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នារសៀលថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៤ បេក្ខជនចំនួន ៥,៦៩៤នាក់ (ស្រី ៣,៣៧៤នាក់) ចូលរួមការប្រឡងប្រជែងជ្រើសរើសមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (វិញ្ញាសាសរសេរលើកទី១)។ ដើម្បីជាសក្ខីភាពនៃការចាប់ផ្តើមនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវិញ្ញាសាជានិមិត្តរូប ដោយមានការចូលរួមពី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេត ការណ៍មហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា។
បេក្ខជនទាំងអស់ត្រូវចូលរួមការប្រឡងប្រជែងលើវិញ្ញាសាសរសេរលើកទី១ សម្រាប់មុខតំណែងមានដូចតទៅ៖ មុខតំណែងក្នុងឧបសម្ព័ន្ធទី១៖ បេក្ខជនត្រូវប្រឡងលើមុខវិជ្ជា ១.ភាសាអង់គ្លេស និង ២.សំណួរពហុចម្លើយចំណេះដឹងទូទៅពាក់ព័ន្ធនឹង (១)មុខងារសាធារណៈ ក្រមសីលធម៌វិជ្ជាជីវៈ គោលនយោបាយរបស់រាជរដ្ឋាភិបាល រដ្ឋបាលសាធារណៈ វប្បធម៌ទូទៅ ពលរដ្ឋវិទ្យា ប្រវត្តិសាស្ត្រ ភូមិសាស្ត្រកម្ពុជា អាស៊ាន និងសេដ្ឋកដិច្ច និង (២)ជំនាញពន្ធដានិងឯកទេស។ សម្រាប់មុខតំណែងក្នុងឧបសម្ព័ន្ធទី២៖ បេក្ខជនត្រូវប្រឡងលើមុខវិជ្ជា ១.ភាសាអង់គ្លេស និង ២.សំណួរពហុចម្លើយចំណេះដឹងទូទៅពាក់ព័ន្ធនឹង (១)មុខងារសាធារណៈ ក្រមសីលធម៌វិជ្ជាជីវៈ គោលនយោបាយរបស់រាជរដ្ឋាភិបាល រដ្ឋបាលសាធារណៈ វប្បធម៌ទូទៅ ពលរដ្ឋវិទ្យា ប្រវត្តិសាស្ត្រ ភូមិសាស្ត្រកម្ពុជា អាស៊ាន និងសេដ្ឋកដិច្ច និង (២)ជំនាញពន្ធដានិងគណនេយ្យ។
ជាមួយគ្នានេះ សម្រាប់ការប្រឡងនេះ ក្រសួងមុខងារសាធារណៈ បានរៀបចំតាក់តែងវិញ្ញាសានៅពេលព្រឹកនៃថ្ងៃប្រឡង
ហើយការប្រឡងនឹងចាប់ផ្ដើមពេលរសៀល សំដៅធ្វើយ៉ាងណាធានាមិនឱ្យមានការ បែកធ្លាយវិញ្ញាសា។ រាល់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ដែលក្រសួងមុខងារសាធារណៈ ជាអ្នករៀបចំតែងតែប្រកាន់ភ្ជាប់នូវគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ព្រមទាំងអនុវត្តតាមនិយាមនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ។
សូមបញ្ជាក់ថាក្នុងដំណើការប្រឡង និងដំណាក់កាលកំណែ ក្រោយការប្រឡងគឺមានការចូលរួមសង្កេតការណ៍ជាប្រចាំពី អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងសាកលវិទ្យាល័យ តំណាងមហាជន អ្នកសារព័ត៌មាន និងយន្តការផ្ទៃក្នុងរបស់គណៈកម្មការប្រឡង គឺអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ។
សូមជម្រាបជូនថា ការប្រឡងប្រជែងជ្រើសរើសមន្រ្តីនៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រព្រឹត្តទៅមានចំនួន ៣ដំណាក់កាល។ ចំពោះបេក្ខជនដែលប្រឡងជាប់លើវិញ្ញាសាសរសេរលើកទី១ នឹងត្រូវបន្តចូលរួមប្រឡងប្រជែងលើវិញ្ញាសាសរសេរលើកទី២៕