ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ ពិភាក្សាលើជំហានឆ្ពោះទៅមុខលើការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងអប់រំ 

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញ​ជា​សហធិបតីក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ​ក្រសួង​អប់រំ យុវជន និងកីឡា»។ 

សិក្ខាសាលាដែលពិភាក្សា លើការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងអប់រំ យុវជន និងកីឡា ប្រព្រឹត្តឡើងនៅវិទ្យាស្ថានជាតិអប់រំ ដោយ​មាន​ការ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ទទួល​បន្ទុក និងមន្ត្រីបច្ចេកទេសលើការងារការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន នៃក្រសួងមុខងារសាធារណៈ ក៏ដូចជាថ្នាក់ដឹកនាំអង្គភាពនៃក្រសួងអប់រំ យុវជន និង​កីឡា ដែលមានតួនាទីចាប់ពីប្រធាននាយកដ្ឋានឡើង និងមន្ត្រី​ជំនាញ​បច្ចេក​ទេស​ដទៃ​ទៀត​ជា​ច្រើន​រូប​។ 

សិក្ខាសាលានេះ ជាផ្នែកមួយនៃការចុះជួបតាមបណ្តាក្រសួង ស្ថាប័ន ចំនួន៩ រួមមាន៖ ក្រសួង​មហាផ្ទៃ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និងយុវនីតិ សម្បទា, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងយុត្តិធម៌, ក្រសួង​សុខាភិបាល, ទីស្តីការគណៈ រដ្ឋមន្ត្រី, និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់​។ ជំនួបនីមួយៗត្រូវបានរៀបចំឡើងដោយមាន បញ្ចូល​បទ​បង្ហាញ​របស់​ថ្នាក់​ដឹកនាំ​ក្រសួង​មុខងារ​សាធារណៈ​ចំនួន​ពីរ រួមជាមួយការរៀបចំវេទិកាសម្រាប់កិច្ច ពិភាក្សា សួរសំណួរ និងផ្លាស់​ប្តូរ​យោបល់ រួមមាន៖ ការបង្ហាញវឌ្ឍនភាពការងារ និងស្ថានភាពបឋម នៃ ការពិនិត្យឡើងវិញ និង​ការ​វិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួងអប់រំ យុវជន និងកីឡា ដោយ លោកជំទាវ ឈឺ វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង ការរៀបចំ និងការអនុវត្តការងារ រួមគ្នា ក្រុម​ក្រប​ខណ្ឌ​ការ​កែទម្រង់ និងពង្រឹងអភិបាលកិច្ចដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការ​ក្រសួង​មុខងារ​សាធារណៈ។ 

សិក្ខាសាលាតាម​បណ្តាក្រសួង ស្ថាប័ន ដែលក្រសួងមុខងារសាធារណៈ បានរៀបចំឡើង​គឺ​ក្នុង​គោល​បំណង បង្ហាញពីវឌ្ឍនភាពការងារដែលក្រុមការងារបច្ចេកទេសអន្តរក្រសួង បានរួមចិត្ត រួម​ស្មារតី និងរួមកម្លាំងសហការគ្នា ពាក់ព័ន្ធនឹងស្ថានភាពបឋមនៃការវិភាគមុខងារ និង​រចនា​សម្ព័ន្ធ​របស់​ក្រសួង ស្ថាប័ន។ គោលបំណងមួយទៀត គឺបង្កើនកិច្ច​សហប្រតិបត្តិការ​ការងារ​គ្នា​កាន់​តែ​ជិត​ស្និទ្ធ​បន្ថែ​មទៀត តាមរយៈការជួយបំពេញគ្នា ការរៀបចំយន្តការដើម្បីប្រទាក់ក្រឡាគ្នា និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក និងការតាំងចិត្តបោះជំហានរួមគ្នា ផ្អែកលើជវភាពនៃប្រព័ន្ធតួអង្គតែមួយ។ លើស​ពីនេះ គឺពិភាក្សាលើការកំណត់ជំហានបន្តនៃកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន​នីមួយ​ៗ ក្នុងឆន្ទៈចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោម​ការ​ដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើការពង្រឹងសមត្ថភាព និង សមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ ដែល​ជា​វិធានការគន្លឹះទី២ នៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ។ 

ក្នុងជំហានដំបូងនេះ ការវិភាគមុខងារគឺអនុវត្តនៅថ្នាក់ជាតិ ដោយក្រសួង-ស្ថាប័ន ទាំងអស់ ត្រូវ​តែ​វិភាគមុខងារ ដើម្បីឈានទៅបញ្ចប់ការត្រួតមុខងារ។ ក្រសួង-ស្ថាប័ន ដែលខកខន រឺមិនបាន​ធ្វើ​ការ​វិភាគ​មុខងារ គឺគ្មានសិទ្ធិក្នុងការជ្រើសរើសមន្ត្រីថ្មីជាដាច់ខាត៕