ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល

នាព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈបានរៀបចំការប្រឡងប្រជែងជ្រើសរើស សិស្សមន្រ្តីក្រមការ និងសិស្សមន្រ្តីជាន់ខ្ពស់ ដែលបានរៀបចំឡើងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្នុងនោះបេក្ខជនចំនួន ២,៧២៥នាក់ (ស្រី ១,០៧៦នាក់) បានចូលរួមប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល។

ដើម្បីជាសក្ខីភាពនៃការចាប់ផ្តើមនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវិញ្ញាសាជានិមិត្តរូប ដោយមានការចូលរួមពីក្រុមប្រឹក្សាភិបាលសាលាភូមិន្ទរដ្ឋបាល តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេត ការណ៍មហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា។

បេក្ខជនដែលចូលរួមប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ត្រូវឆ្លងកាត់ការប្រឡងលើវិញ្ញាសាចំនួន ២ប្រភេទ៖ (១) វិញ្ញាសាសរសេរភាសាអង់គ្លេស ឬភាសាបារាំង និង (២)វិញ្ញសាពហុចម្លើយពាក់ព័ន្ធនឹងមុខងារសាធារណៈ, ក្រមសីលធម៌វិជ្ជាជីវៈ, គោលនយោបាយរបស់រាជរដ្ឋាភិបាល, រដ្ឋបាលសាធារណៈ, វប្បធម៌ទូទៅ, ពលរដ្ឋវិទ្យា, ប្រវត្តិវិទ្យា, ភូមិសាស្ត្រកម្ពុជា, អាស៊ាន និងសេដ្ឋកិច្ច។

សូមជម្រាបជូនថា ដោយឡែក ការ ប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ចែកចេញជាពីរវេន៖ វេនទី១ ចាប់ផ្តើមនៅម៉ោង ១៤:០០នាទី ដល់ម៉ោង ១៥:៣០នាទី និងវេនទី២ ចាប់ផ្តើមនៅម៉ោង ១៦:៣០នាទី ដល់ម៉ោង ១៨: ០០ នាទី ដោយប្រឡងលើវិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅ។ ដោយឡែកនៅបរិវេណមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គណៈកម្មការការរៀបចំការប្រឡងប្រជែង បានគិតគូរយ៉ាងម្មត់ចត់ផ្តល់ជូនភេសជ្ជៈ ទឹកពិសា និងនំ ជូនក្រុមគ្រួសារ អាណាព្យាបាល ព្រមទាំងបានរៀបចំទីតាំង ដើម្បីសម្រាករង់ចាំលើកទឹកចិត្តក្រុមគ្រួសារ កូន ក្មួយរបស់ខ្លួនផងដែរ ៕