ក្រសួងមុខងារសាធារណៈ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីអប់រំ ផ្អែកលើកិច្ចព្រមព្រៀងការងារ
នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីអប់រំផ្អែកលើកិច្ចព្រមព្រៀងការងារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ សិក្ខាសាលានេះប្រព្រឹត្តឡើងនៅសណ្ឋាគារ និងភោជនីយដ្ឋានភ្នំប្រុសនៃខេត្តកំពង់ចាម ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គលេខាធិការរងនៃក្រសួង ស្ថាប័ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ប្រធាននាយកដ្ឋាន ប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្ស ប្រធានការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ នាយក នាយិកាវិទ្យាល័យ អនុវិទ្យាល័យ សាលាបឋមសិក្សា និងមត្តេយ្យសិក្សា សរុបប្រមាណ ២៨០នាក់។
ក្នុងមតិស្វាគមន៍ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិ គ.វ.រ. បានមានប្រសាសន៍ថា សិក្ខាសាលានេះរៀបចំឡើង ដើម្បីស្វែងយល់អំពីការអនុវត្តជាក់ស្តែង របស់ក្រសួងអប់រំ យុវជន និងកីឡា អង្គភាពអប់រំថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការរៀបចំផែនការធនធានមនុស្ស ការវាយតម្លៃអំពីតម្រូវការមន្ត្រីជំនាញវិជ្ជាជីវៈ ក្នុងវិស័យអប់រំ ការជ្រើសរើស និងគ្រប់គ្រង គ្រូបង្រៀន និងគ្រូបង្រៀនជាប់កិច្ចសន្យានៅតាមវិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា និងមត្តេយ្យសិក្សា ដើម្បីឆ្លុះបញ្ចាំងជាមួយនឹងទស្សនាទានថ្មី នៃសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោលការណ៍រួមនៃការជ្រើសរើស និងគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ និងនិយាមនីតិវិធីប្រតិបត្តិ សម្រាប់ការជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ដើម្បីបម្រើការងារនៅក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានបញ្ជាក់ថា គោលបំណងសំខាន់នៃសេចក្តីព្រាងព្រះរាជក្រឹត្យនេះ គឺជាការរៀបចំការជ្រើសរើស និងការគ្រប់គ្រងគ្រូបង្រៀនតាមកិច្ចព្រមព្រៀងការងារក្នុងទម្រង់ថ្មី ដែលនឹងជំនួសការជ្រើសរើស និងគ្រប់គ្រងគ្រូបង្រៀនជាប់កិច្ចសន្យាបច្ចុប្បន្ន ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងគុណភាពខ្ពស់ក្នុងវិស័យអប់រំនាពេលអនាគត ព្រមទាំងឆ្លើយតបទៅនឹងវិធានការគន្លឹះនៃការកែទម្រង់វិស័យអប់រំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ លើសពីនេះទៀត កិច្ចការដែលយើងកំពុងធ្វើក្នុងពេលនេះ គឺអនុវត្តតាមចក្ខុវិស័យ និងគំនិតផ្តួចផ្តើមផ្ទាល់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជ្រើសរើសមន្ត្រីជំនាញបច្ចេកទេសផ្អែកលើកិច្ចព្រមព្រៀងការងារ សម្រាប់បម្រើការងារនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។
ក្នុងប្រសាសន៍បើកសិក្ខាសាលា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថាប្រធានបទនៃសិក្ខាសាលាពិគ្រោះយោបល់នឹងផ្តោតលើការជ្រើសរើសនិង គ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ គឺជាផ្នែកមួយនៃកំណែទម្រង់រដ្ឋបាលសាធារណៈ ក្នុងការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ ដើម្បីជ្រើសរើសមន្ត្រីឱ្យចំគោលដៅ ដែលមានគុណវុឌ្ឍិ ចំណេះជំនាញ បច្ចេកទេស និងវិជ្ជាជីវៈច្បាស់លាស់ ដែលជាតម្រូវការរបស់ក្រសួង ស្ថាប័នជាក់ស្តែង ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីបម្រើការងារនៅក្នុងរាជរដ្ឋាភិបាល។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ដើម្បីទទួលបាននូវមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារដែលស័ក្តិសម ទាមទារនូវ៖ ១)ការពិនិត្យឡើងវិញនូវមុខងារ និងរចនាសម្ព័ន្ធ រួមទាំងការធ្វើបច្ចុប្បន្នកម្ម ទិន្នន័យមន្ត្រី និងការវិភាគអំពីតម្រូវការមន្ត្រីជាក់ស្តែង ឬយើងហៅថា ការរៀបចំផែនការក្នុងការជ្រើសរើសមន្ត្រីច្បាស់លាស់, ២)ការរៀបចំបែបបទនិងនីតិវិធី និងប្រតិទិននៃការជ្រើសរើស មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ, ៣)ការរៀបចំយន្តការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ, ៤)យន្តការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ, ៥)សិទ្ធិ កាតព្វកិច្ច និងសីលធម៌វិជ្ជាជីវៈ, ៦) ការអភិវឌ្ឍសមត្ថភាព, ៧)បៀវត្សនិងអត្ថប្រយោជន៍, និង ៨) យន្តការគាំទ្រការអនុវត្ត និងការតាមដានពិនិត្យ។
សូមជម្រាបថា សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល១ថ្ងៃពេញ ដោយមានការរៀបចំឱ្យមានបទបង្ហាញទៅលើប្រធានបទចំនួន៦ និងវេទិការសំណួរចម្លើយរបស់សិក្ខាកាមទៅកាន់វាគ្មិនដែលជាថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នពាក់ព័ន្ធ។ សូមបញ្ជាក់ថារសៀលនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីអប់រំផ្អែកលើកិច្ចព្រមព្រៀងការងារ៕