ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បើកកិច្ចប្រជុំពិភាក្សាអំពីប្រាក់កម្ចីដែលមានការប្រាក់សមរម្យ ជាមួយស្ថាប័នធនាគារ ហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ ក្នុងគោលដៅផ្ដល់លទ្ធភាពឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានផ្ទះសម្បែងរស់នៅសមរម្យ
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា កិច្ចប្រជុំនាពេលនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សាការងារទាក់ទិនទៅនឹងប្រាក់កម្ចីរបស់អ្នកអភិវឌ្ឍន៍លំនៅឋាន និងអតិថិជន ដោយស្វែងរកការសម្របសម្រួល និងរៀបចំនីតិវិធីឯកភាពក្នុងការ ផ្តល់លទ្ធភាពឱ្យក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងទិញលំនៅឋាន ទទួលបានកម្ចីមានការប្រាក់សមរម្យទទួលយកបាន ដែលអត្រាការប្រាក់ថ្មីនេះ នឹងផ្តល់ឱ្យអតិថិជនក៏ដូចជាស្ថាប័នហិរញ្ញវត្ថុ បន្តដំណើរការទូទាត់កាន់តែមានសុវត្ថិភាព និងងាយស្រួល។
ថ្លែងក្នុងកិច្ចប្រជុំជាមួយក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ ផ្នែកឯកជន “ក្រុមឌ” វិស័យធនាគារនិងហិរញ្ញវត្ថុដែលបានធ្វើឡើងនៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។
ទន្ទឹមនេះក៏ដើម្បីស្តាប់ និងពិភាក្សាស៊ីជម្រៅជាមួយស្ថាប័នធនាគារ ហិរញ្ញវត្ថុ និង ភាគីពាក់ព័ន្ធ ដើម្បីអនុវត្តបានជោគជ័យនូវគោលនយោបាយនេះ សំដៅផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ទទួលបានផ្ទះសម្បែងសមរម្យសម្រាប់រស់នៅផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា មុននឹងដើរមកដល់ជំហាននេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុវត្តការងារចំនួន៦ ក្នុងរយៈពេលមួយឆ្នាំកន្លះកន្លងមកនេះ ហើយយើងអាចដោះស្រាយបញ្ហាដល់កម្រិតមួយដែលអាចនិយាយបានថា យើងបានបង្កើតបរិយាកាសគ្មានវិវាទនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ ចំពោះការងារចុះបញ្ជីដីធ្លីមកដល់ពេលនេះបានចុះបញ្ជីដីចំនួន ៣លាន ៦សែនក្បាលដី និងនៅសល់ប្រមាណមួយលានក្បាលដីទៀតប៉ុណ្ណោះនឹងបញ្ចប់ការចុះបញ្ជីដីធ្លីជាស្ថាពរ។
ដោយឡែកចំពោះបញ្ហាជម្លោះដីធ្លីប្រមាណ ២ម៉ឺនករណី តាមរយៈគណៈកម្មការសុរិយោដីនិងអាជ្ញាធរដោះស្រាយវិវាទដីធ្លី គឺបានដោះស្រាយវិវាទដីធ្លីអស់ជាច្រើនករណីដោយនៅសល់ត្រឹមក្រោម ១ពាន់ករណីប៉ុណ្ណោះ នាពេលបច្ចុប្បន្ននេះ។ ចំពោះការផ្ដល់សេវាផ្សេងៗជូនដល់ប្រជាពលរដ្ឋ និងវិស័យឯកជនគឺក្រសួងបានដាក់ឱ្យដំណើរការនូវសេវាគាប់ចិត្តតាមប្រព័ន្ធអនឡាញដោយបានភ្ជាប់នៅ ២៥ រាជធានី-ខេត្តទូទាំងប្រទេស។
រីឯនៅខេត្តសៀមរាប ឯកឧត្តម បានដោះស្រាយបញ្ចប់ទាំងស្រុងនូវបញ្ហាវិវាទដីធ្លីរវាងប្រជាជននិងអាជ្ញាធរជាតិអប្សរា។ ចំពោះបឹងទន្លេសាប គឺយើងត្រូវប្រកាន់យកគោលជំហរជាក់លាក់ ដើម្បីរក្សានូវអាយុជីវិតបឹងទន្លេសាប ពីព្រោះបឹងទន្លេសាប និងទន្លេមេគង្គឱ្យផលដល់ប្រទេសជាតិ និងប្រជាជនក្នុងរង្វង់ប្រមាណ ២ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ដោយឡែកបញ្ហាបុរីមាន ១០៦ករណី យើងបានដោះស្រាយសម្របសម្រួលបាន ៥៣ករណីហើយក្នុងពេលឆាប់ៗខាងមុខនេះនឹងអាចដោះស្រាយបានប្រមាណ ៣០ករណីបន្ថែមទៀតស្របតាមគោលការណ៍សម្រុះសម្រួលគ្នា។
ទាក់ទិនទៅនឹងឧស្សាហកម្មប្រាក់កម្ចី ឯកឧត្តមរដ្ឋមន្ត្រី មានបំណងចង់ឱ្យក្លាយទៅជាឧស្សាហកម្មថេរមួយ បើទោះបីជាវាអាចឡើងចុះតាមការប្រកួតប្រជែងយ៉ាងណាក្តី ប៉ុន្តែនេះជាឧស្សាហកម្មមួយដែលបានបង្កើតការងារផ្ដល់ប្រាក់ចំណូលដល់ប្រជាជនកម្ពុជា ក៏ដូចជាបុគ្គលិកធនាគារ ដូច្នេះការជួបប្រជុំគ្នានាពេលនេះក៏ដើម្បីរួមគ្នាគិតគូរសំដៅធានាឱ្យបានថាសេដ្ឋកិច្ចជាតិនឹងដើរទៅមុខប្រកបដោយនិរន្តរភាពផងដែរ។
សូមជម្រាបជូនថា កិច្ចប្រជុំនេះមានការចូលរួមពី លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា អ្នកឧកញ៉ាសមាជិក គណៈកម្មការប្រតិបត្តិនៃសមាគមអ្នកសាងសង់កម្ពុជា លោកជំទាវប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្រធានសមាគមធនាគារកម្ពុជា ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា តំណាងវិស័យឯកជន តំណាងបណ្តាស្ថាប័នធនាគារ និងស្ថាប័នពាក់ព័ន្ធ៕