ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង សមាគម និងអង្គការមិនមែនរដ្ឋាភិបាលចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើគម្រោងមួយចំនួនដែលចំណាយថវិកាសរុបជាង ២៣លាន ដុល្លារអាមេរិក

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹង សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន២០អង្គការ លើគម្រោងមួយចំនួនដែលចំណាយថវិកាសរុបជាង ២៣លាន ដុល្លារអាមេរិក ដោយអនុវត្តគម្រោង និងចំណាយដោយផ្ទាល់ ជាមួយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

គម្រោងទាំងនេះអនុវត្តនៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនដូចជា ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តសៀមរាប ធ្វើសកម្មភាពដល់ក្រុមគោលដៅ ជនរងគ្រោះ និងងាយរងគ្រោះ ដូចជាកុមារ ចាស់ជរា ជនក្រីក្រ និងជនមានពិការភាព។

ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងអំណរគុណ ដល់អង្គការ ដែលមានកិច្ចសហការជាមួយ ក្រសួង ក្នុងការអនុវត្តសកម្មភាពជួយដល់ ក្រុមគោលដៅ ក្នុងវិស័យសង្គមកិច្ចនៅកម្ពុជា និងស្នើសុំដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល បន្ត និងផ្តល់អត្ថប្រយោជន៍អោយចំក្រុមគោលដៅ។

ឯកឧត្តម ផ្តល់អនុសាសន៍ ដល់មន្ត្រីក្រសួង និងអង្គការ ដោយស្នើសុំឱ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជ្រើសរើសបុគ្គលិកជាជន មានពិការភាព ដើម្បីចូលរួមបម្រើការងារទៅតាមលទ្ធភាព និងជួយផ្សព្វផ្សាយដល់កុមារដែលស្ថិតក្នុងគ្រួសារក្រីក្រនៅសហគមន៍។ ក្រោយពេលធ្វើសមាហរណកម្ម អាចទាក់ទងទៅខាង ឃុំ សង្កាត់ ក្នុងសហគមន៍ ដើម្បីចុះឈ្មោះចូលកម្មវិធីជាតិកញ្ចប់គ្រួសារ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជាអាហាររូបករណ៍ដល់កុមារ និងប្រាក់ឧបត្ថម្ភ៕

Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot