ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រារព្ធទិវាជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្យូម នៅកម្ពុជាលើកទី១២

នេះជាលើកទី១២ នៃទិវាជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្យូម នៅកម្ពុជា ក្រោមប្រធានបទ រួមគា្នលើកកម្ពស់សិទ្ធិជនមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្រូម ត្រូវបានប្រារព្ធឡើង នៅទីស្តីការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ប្រធានបទឆ្នាំនេះ ផ្ដោតសំខាន់ទៅលើ កិច្ចគាំពារសិទ្ធិជាមូលដ្ឋាន របស់អ្នកមានពិការភាពអូទីស្សឹម និងដោនស៊ីនដ្យូម និងការលើកទឹកចិត្ត ឱ្យមានកិច្ចខិតខំប្រឹងប្រែងថែមទៀត ក្នុងការធ្វើបរិយាបន្នពួកគាត់ទៅក្នុងសង្គម ដើម្បីរួមចំណែកសម្រេចឱ្យបាន នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នេះបើតាមប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សា សកម្មភាពជនពិការ ។

ឯកឧត្តម ជា សុមេធី បន្តទៀតថា ជារៀងរាល់ឆ្នាំ នៅលើពិភពលោក គេបានកំណត់យកថ្ងៃទី២ ខែមេសា សម្រាប់ប្រារព្ធទិវាអូទីស្សឹម ដើម្បីបង្ហាញពីការយល់ព្រម ទទួលយកការគាំពារ ការជំរុញការគោរពសិទ្ធិមនុស្ស រួមទាំងការធ្វើបរិយាបន្ន ជនមានពិការភាពអូទីស្សឹម។ ដោយឡែក សម្រាប់កម្ពុជាវិញ ទិវានេះ តែងតែប្រារព្ធឡើងរួមគ្នារវាង អូទីស្សឹម និងដោនស៊ីនដ្រូម និងជនមានពិការភាព ខ្សោយសតិបញ្ញាដទៃទៀត ក្នុងគោលបំណង បង្ហាញពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ចំពោះសិទ្ធិរបស់ជនមានពិការភាព ដែលមានវិបត្តិប្រព័ន្ធសរសៃប្រសាទ ក៏ដូចជាការជំរុញឱ្យក្រុមគ្រួសារ សហគមន៍ និងអ្នកពាក់ព័ន្ធនានា បានយល់ដឹងអំពីបញ្ហា អូទីស្សឹម និងដោនស៊ីនដ្រូម និងជំរុញការយកចិត្តទុកដាក់ពី មាតា-បិតា អាណាព្យាល ក្នុងការមើលថែទាំ ជនមានពិការភាព អូទីស្សឹម និងដោនស៊ីនដ្រូម ក៏ដូចជារួមចំណែក លើកកម្ពស់គុណភាព នៃការផ្តល់សេវានានា ព្រមទាំងការលើកទឹកចិត្ត ឱ្យមានការចូលរួម របស់ពួកគាត់ក្នុងសកម្មភាពនានា របស់សង្គម។ 

ឯកឧត្តម បញ្ជាក់ដែរថា ផ្អែកតាមកំណត់ត្រាវេជ្ជសាស្ត្រ អូទីស្សឹម ឬវិបត្តិលូតលាស់មិនប្រក្រតី នៃប្រព័ន្ធសរសៃប្រសាទ ដែលអាចសម្គាល់បាន គឺនៅពេលកុមារ មានអាយុ ៣ឆ្នាំ និងភាគច្រើន កើតលើមនុស្សប្រុស ជាងមនុស្សស្រី។ រីឯ ដោនស៊ីនដ្យូម គឺជាវិបត្តិ នៃការចម្លងក្រូម៉ូសូម ទី២១ស្ទួន ដែលនាំឱ្យក្រូម៉ូសូមពួកគាត់មានរហូតដល់ ៤៧ ដែលមនុស្សធម្មតាមានត្រឹមត្រូវ ៤៦ ប៉ុណ្ណោះ។ ជាពិសេស ការវិវត្តិមិនប្រក្រតីនេះ ធ្វើឱ្យប៉ះពាល់ខួរក្បាល និងរាងកាយរបស់ពួកគេ។ សម្រាប់អ្នកមានពិការភាពប្រភេទនេះ គឺជាក្រុមជនរងគ្រោះ និងងាយគ្រោះ ដែលទាមទារឱ្យផ្តល់ការថែទាំ និងផ្តល់សេវាស្តារលទ្ធភាពពលកម្ម ទាំងផ្នែកកាយសម្បទា និងសតិបញ្ញា ប្រកបដោយគុណភាព និងការយកចិត្តទុកដាក់ជូនពួកគាត់។

ដើម្បីឆ្លើយតបទៅនឹងប្រធានបទ នៃទិវាមនុស្សអូទីស្សឹម និងដោនស៊ីនដ្រូម លើកទី១២ ឆ្នាំ២០២៥នេះ ឯកឧត្តម ជា សុមេធី បានផ្ដល់ជាអនុសាសន៍សំខាន់ៗមួយចំនួន ក្នុងការបន្តអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយស ក្រុមប្រឹក្សាសកម្មភាពជនពិការ ដោយពន្លឿនការធ្វើវិសោធនកម្មច្បាប់ ស្ដីពី កិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដើម្បីគាំពារឧត្តម ប្រយោជន៍ជនមានពិការភាពគ្រប់រូប, បន្តអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពី ពិការភាព ២០២៤-២០២៨ ប្រកបដោយប្រសិទ្ធភាព ខ្ពស់ ដើម្បីលើកកម្ពស់សិទ្ធិ និងបរិយាបន្នវិស័យពិការភាពគ្រប់កម្រិត, បន្តជំរុញការអនុវត្តច្បាប់លិខិតបទដ្ឋានគតិយុត្តនានា ដែលមានស្រាប់ ដោយប្រែក្លាយពីឯកសារ ដែលមានលើក្រដាស ឱ្យទៅជាសកម្មភាព អនុវត្តជាក់ស្តែង សម្រាប់ជួយជនមានពិការភាព, បន្តជំរុញការកសាងធនធានមនុស្ស និងបណ្តុះបណ្តាល គ្រូបង្រៀនជំនាញ សាស្ត្រាចារ្យជំនាញ ព្រមទាំងរៀបចំថ្នាក់អប់រំពិសេស ថ្នាក់អប់រំបរិយាបន្ន ក្នុងទិសដៅផ្ដល់ឱកាស ឱ្យបងប្អូនខ្សោយសតិបញ្ញា ទទួលបានសិទ្ធិស្មើគ្នា ក្នុងវិស័យអប់រំ, បន្តជំរុញឱ្យ ក្រសួងស្ថាប័នសាធារណៈ និងវិស័យឯកជន ផ្តល់អាទិភាពខ្ពស់ ដល់ជនមានពិការ ភាពអូទីស្សឹម និងដោនស៊ីនដ្រូម ក្នុងការជ្រើសរើសចូលបម្រើការងារ, បង្កើតក្រុមការងារ សកម្មភាពជនពិការ នៅតាមក្រសួង-ស្ថាប័ន និងក្រុមប្រឹក្សាសកម្មភាពជនពិការ ថ្នាក់រាជធានី-ខេត្ត ដោយទទួលបានភារកិច្ចអនុវត្ត សម្របសម្រួល ផ្ដល់យោបល់ និងបញ្ជ្រាបផែនការយុទ្ធសាស្ត្រជាតិ ស្តីពី ពិការភាព ២០២៤-២០២៨ ប្រកបដោយប្រសិទ្ធភាពខ្ពស់, បន្តពង្រឹងពង្រីក និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព ក្នុងការផ្តល់សេវានានា ជូនជនមានពិការភាពគ្រប់ប្រភេទ និងគ្រប់កម្រិត, ជាពិសេស សូមចូលរួមគ្នា ការពារ និងលើកកម្ពស់សិទ្ធិជនមានពិការភាព ទប់ស្កាត់ និងបង្ក្រាបរាល់អំពើ និងសកម្មភាពទាំងឡាយណា ដែលកេងប្រវ័ញ្ចកម្លាំងពលកម្មលើជនមានពិការភាព។