ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង ជាមួយនឹង សមាគម និងអង្គការមិនមែនរដ្ឋាភិបាល

សមាគម និងអង្គការជាតិ អន្តរជាតិ ដែលកំពុងបំពេញការងារ លើវិស័យសង្គមកិច្ច ជួយដល់ប្រជាពលរដ្ឋក្រុមគោលដៅនៅកម្ពុជា លើវិស័យមួយចំនួន ដូចជា កិច្ចការគ្រួសារ, កិច្ចការកុមារ, កិច្ចការមនុស្សចាស់ និងអតីតយុទ្ធជន, គាំពារជនរងគ្រោះ, និងសុខុមាភាពជនពិការ ដោយអនុវត្តផ្ទាល់រវាង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយនិង សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន១០ ដែលគ្រោងចំណាយថវិកាសរុបជិត ៨លានជាងដុល្លារអាមេរិក។ នេះបើតាមប្រសាសន៍ឡើងលើករបស់ ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះ។ឯកឧត្តម បន្តទៀតថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងនៅថ្ងៃនេះ ធ្វើឱ្យចំនួនសមាគម និងអង្គការមិនមែនរដ្ឋាភិបាល កើនឡើងដល់ ១៧៣ ដែលទទួលបានការឯកភាព ឱ្យបំពេញសកម្មភាពការងារ លើវិស័យសង្គមកិច្ចនៅកម្ពុជា។ សម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសមាគម និងអង្គការចំនួន ១០ នៅថ្ងៃនេះដែរ គឺមានទាំងសមាគម អង្គការ ដែលធ្លាប់បំពេញសកម្មភាពកន្លងទៅនៅកម្ពុជា ហើយក៏មានសមាគម អង្គការថ្មី ផងដែរ។ ក្រុមសមាគម អង្គការថ្មីទាំង ១០នេះ នឹងត្រូវបំពេញសកម្មភាពការងារលើការងារ កិច្ចការគ្រួសារ ការងារជួយដល់មនុស្សចាស់ជរា កិច្ចការពារកុមារ ការគាំពារជនរងគ្រោះ ក៏ដូចជា ការងារជួយដល់ជនមានពិការភាព។ សមាគម អង្គការដែលទើបទទួលបានការចុះកិច្ចព្រមព្រៀងនៅថ្ងៃនេះ នឹងបំពេញសកម្មភាពការងារជួយដល់ក្រុមគោលដៅ នៅតំបន់ ខេត្ត មួយចំនួន ពុំគ្របដណ្ដប់លើផ្ទៃប្រទេសនោះទេ។ គឺគម្រោង ត្រូវបានអនុវត្តនៅតាមបណ្តារាជធានី-ខេត្ត រួមមាន ខេត្តកណ្តាល,កំពង់ស្ពឺ, កំពង់ឆ្នាំង, កំពង់ចាម, ព្រៃវែង, ស្វាយរៀង, ពោធិ៍សាត់, បាត់ដំបង, ត្បូងឃ្មុំ, សៀមរាប, ព្រះវិហារ, និងខេត្តបន្ទាយមានជ័យ ធ្វើសកម្មភាពដល់ក្រុមគោលដៅ ជនរងគ្រោះ និងងាយរងគ្រោះ ដូចជាកុមារ ចាស់ជរាក្រីក្រ និងពិការភាព។ឯកឧត្តម  ស៊ូនី វង្សវិសិដ្ឋ ក៏បានបង្ហាញការស្វាគមចំពោះវត្តមានសមាគម អង្គការ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការងារសង្គមកិច្ច កន្លងមកនេះ ក៏ដូចជាការបន្តសកម្មភាពការងារទៅថ្ងៃអនាគត។ ឯកឧត្តមលើកឡើងដែរថា ក្នុងនាមក្រសួងសង្គមកិច្ច ក៏សូមផ្ដាំផ្ញើទៅកាន់គ្រប់សមាគម អង្គការដែលទទួលបានកិច្ចព្រមព្រៀងជាមួយក្រសួងសង្គមកិច្ច ត្រូវតែអនុវត្តឱ្យបានខ្ជាប់ខ្ជួនត្រឹមត្រូវ ទៅតាមកិច្ចព្រមព្រៀងគ្រប់ចំណុច។ លើសពីនេះ សមាគម អង្គការទាំងអស់ ត្រូវតែបំពេញការងារ លើគោលដៅមនុស្សធម៌ ដោយមិនត្រូវពាក់ព័ន្ធ លើការងារនានា ដូចជាបម្រើគោលដៅនយោបាយ ឬគោលដៅផ្សេងនោះឡើយ។ កំឡុងពេលបំពេញការងាររបស់សមាគម អង្គការនីមួយៗ គឺនឹងមានក្រុមការងារជំនាញក្រសួងសង្គមកិច្ច ចុះទៅពិនិត្យវាយតម្លៃពីភាពជាក់ស្ដែងផងដែរ។ ក្នុងនាមក្រសួងសង្គមកិច្ច ក៏ចង់ឃើញសមាគម អង្គការទាំងអស់ ពង្រឹង និងពង្រីកសកម្មភាពការងាររបស់ខ្លួន ជួយដល់ក្រុមគោលដៅឱ្យកាន់តែមានវិសាលភាព និងប្រសិទ្ធភាពផងដែរ។ឯកឧត្តម បានថ្លែងអំណរគុណដល់មន្រ្តី នាយកដ្ឋានសហប្រតិបត្តិការ នាយកដ្ឋានពាក់ព័ន្ធ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី ខេត្ត ដែលបានខិតខំប្រឹងប្រែងបំពេញការងារចុះត្រួតពិនិត្យ និងវាយតម្លៃគម្រោងកម្មវិធី ដល់ទីតាំងអនុវត្តផ្ទាល់ តាមការស្នើសុំរបស់សមាគម និងអង្គការ និងបន្តដំណើរការឯកសារ រហូតទទួលបានកិច្ចសហប្រតិបត្តិការភាពជាដៃគូ រវាងក្រសួង និងអង្គការ ឈានដល់ការចុះហត្ថលេខាកិច្ចព្រមព្រៀងគម្រោង និងស្នើសុំសមាគម អង្គការ ទាំងអស់បន្ត  អនុវត្តការងារក្នុងបេសកកម្មរបស់ខ្លួនឱ្យបានស្របតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ផ្តល់របាយការណ៍អោយបានទៀងទាត់មកក្រសួង និងពង្រឹងសមត្ថភាពអ្នកជំនាញសេវាសង្គមរបស់សមាគម និងអង្គការ ដើម្បីផ្តល់សេវាឱ្យមានប្រសិទ្ធភាពដល់ក្រុមគោលដៅ និងស្នើសុំឱ្យមានទំនាក់ទំនង ជាមួយនឹងវិទ្យាស្ថានជាតិសង្គមកិច្ច ក្នុងការស្វែងរកលទ្ធភាពជួយគាំទ្រស្ថាប័នបណ្តុះបណ្តាលសេវា និងការងារផ្សេងៗក្នុងវិស័យសង្គមកិច្ចនេះ។