ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយគោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ ព្រមទាំងបណ្តុះបណ្តាលការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋ សម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
នាព្រឹកថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២៤ នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំ សិក្ខាសាលាផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ព្រមទាំងបណ្តុះបណ្តាលការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋសម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រោមអធិបតីភាព ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ, ជាប្រធានគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (គ.ប.ទ.) និង ជាប្រធានក្រុមការងារគ្រប់គ្រងចំណូលមិនមែនសារពើពន្ធប្រចាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (ក.គ.ម.) ដោយមានការអញ្ជើញចូលរួមពី លោកជំទាវអនុរដ្ឋលេខាធិការ, ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និង មន្ត្រីរាជការតំណាងគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានអ្នកចូលរួម សរុបប្រមាណ ៤០០ រូប ។
ថ្លែងក្នុងពិធីនោះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានជម្រាបជូនអង្គពិធីថាសិក្ខាសាលានាថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ ចំនួន ២ រួមមាន៖ ទី១. ផ្សព្វផ្សាយអំពីក្របខ័ណ្ឌគតិយុត្ត យន្តការ វិធាន និង នីតិវិធី ពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដែលទើបចូលជាធរមានថ្មីៗ ជាពិសេសផ្សព្វផ្សាយគោលការណ៍ណែនាំស្ដីពីការគ្រប់គ្រង និង ការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងបណ្ដុះបណ្ដាលការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ សម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, និង ទី២. ផ្សព្វផ្សាយអំពីក្របខ័ណ្ឌគតិយុត្ត យន្តការ វិធាន និង នីតិវិធីពាក់ព័ន្ធនឹងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ជាពិសេសផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពី ការគ្រប់គ្រង និង ការប្រមូលចំណូលមិនមែនសារពើពន្ធសម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចថា ឆ្លើយតបទៅនឹងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសារធារណៈ ដំណាក់កាលទី ៤ ដែលជាកម្មវិធីគោលនយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាល, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដាក់ចេញចក្ខុវិស័យឆ្នាំ ២០៣០ ក្នុងទិសដៅចូលរួមកែប្រែប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឆ្ពោះទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈដែលផ្តោតលើលទ្ធផល ឬ សមិទ្ធកម្ម និងវិមជ្ឈការ តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ទ្រព្យសម្បត្តិរដ្ឋ ឆ្ពោះទៅឧត្តមានុវត្តន៍ ។
ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងបញ្ហាប្រឈមហានិភ័យ និង ភាពមិនប្រាកដប្រជាដែលបង្កឡើងដោយឥទ្ធិពលផ្ទួនៗគួបគ្នាពីវិបត្តិធំៗលើសេដ្ឋកិច្ចសកល និង តំបន់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ, រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាក់លាក់ មុតស្រួច និង ចំគោលដៅលើការដោះស្រាយបញ្ហាជាឧបសគ្គរាំងស្ទះ ការប្រកួតប្រជែង ការពង្រឹងភាពធន់ និង ការជំរុញវិនិយោគ ព្រមទាំងការធ្វើវិចារណកម្ម និង ការពង្រឹងប្រសិទ្ធភាពចំណាយ ក៏ដូចជាការពង្រឹងវិន័យថវិកា និង ការវិភាជថវិកា ដោយផ្អែកលើសមិទ្ធកម្មជាដើម ជាពិសេស តាមរយៈការអនុវត្តការងារទាំងស្រុងនៅក្នុងប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដែលជាឧបករណ៍ដ៏សំខាន់ ក្នុងការគ្រប់គ្រងចំណូល-ចំណាយប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើម និង កិច្ចខិតខំប្រឹងប្រែងអនុវត្តការងារកន្លងមករបស់ក្រុមការងារ គ.ប.ទ. និង ក.គ.ម. ព្រមទាំងថ្លែងអំណរគុណដល់អគ្គនាយកដ្ឋានជំនាញ និង អង្គភាពពាក់ព័ន្ធ ដែលបានចូលរួមផ្តល់មតិយោបល់ក្នុងការរៀបចំគោលការណ៍ណែនាំទាំងពីរ រហូតទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ និង កំពុងត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់នាពេលនេះ ។
ជាទីបញ្ចប់, ឯកឧត្តមបណ្ឌិតសភាចារ្យ បានក្រើនរំលឹកជូនសិក្ខាកាមទាំងអស់ ឱ្យបន្តលើកកម្ពស់ការកសាងសមត្ថភាព ភាពជាអ្នកដឹកនាំ និង ប្រសិទ្ធភាពនៃការគ្រប់គ្រង លើការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ,ព្រមទាំងពង្រឹង និង ជំរុញការអនុវត្តក្របខ័ណ្ឌច្បាប់ និង លិខិតបទដ្ឋានគតិយុត្តថ្មី ព្រមទាំងគោលការណ៍នានា, បង្កើនកិច្ចសហការយ៉ាងជិតស្និតរវាងអង្គភាព និងក្រុមការងារ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ការកៀរគរចំណូលមិនមែនសារពើពន្ធ ព្រមទាំងជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សំដៅចូលរួមក្នុងបរិការណ៍នៃបរិវត្តកម្មឌីជីថល និង លើកកម្ពស់ប្រសិទ្ធភាព តម្លាភាព ព្រមទាំងធានាការគ្រប់គ្រងព័ត៌មាន ៕