ក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាក ស្ថិតនៅជួរមុខនៃការផ្តល់សេវាថែទាំសុខភាពជូនដល់អ្នកជំងឺ ដែលចាំបាច់ត្រូវធ្វើតាមស្តង់ដា

ភ្នំពេញ៖ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ក្នុងនាមជាមន្ត្រីសុខាភិបាល ក៏ដូចជាអ្នកជំនាញថែទាំសុខភាព ដើម្បីចែករំលែកចំណេះដឹង និងស្វែងរកការច្នៃប្រឌិតដែលនឹងលើកកម្ពស់គុណភាពនៃការថែទាំ ដែលយើងផ្តល់ដល់អ្នកជំងឺ។ក្នុងនាមជាក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាក គឺស្ថិតនៅជួរមុខនៃការផ្តល់សេវាថែទាំសុខភាពរបស់អ្នកជំងឺ ដែលចាំបាច់ការថែទាំនេះ ត្រូវធ្វើតាមស្តង់ដា។ លោកជំទាវសាស្ត្រាចារ្យ បានបន្ថែមថា យើងមានសំណាងដែលមានអ្នកជំនាញសុខាភិបាល ទាំងក្នុង និងក្រៅប្រទេស ដែលមកចែករំលែកនូវចំណេះដឹង ការស្រាវជ្រាវ និងបទពិសោធន៍ផ្ទាល់របស់ពួកគាត់។លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងបែបនេះ ក្នុងពិធីបើកទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី៥ និងថែទាំវេជ្ជសាស្ត្រលើកទី៣ នៃមន្ទីរពេទ្យព្រះអង្គឌួង ឆ្នាំ២០២៤ នៅថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការចូលរួមប្រកបដោយនវានុវត្តន៍ដើម្បីគុណភាពសុខាភិបាល»។លោកជំទាវសាស្ត្រាចារ្យ បន្ថែមថា ទិវាវេជ្ជសាស្ត្រនេះ នឹងមិនត្រឹមតែពង្រីកការយល់ដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឱ្យមានវិធីសាស្ត្រ និងដំណោះស្រាយថ្មីៗចំពោះ បញ្ហាប្រឈមដែលយើងជួបប្រទះនៅក្នុងទិដ្ឋភាពថែទាំសុខភាពដែលកំពុងវិវឌ្ឍជាបន្តបន្ទាប់។លោកជំទាវសាស្ត្រាចារ្យ បានស្នើឱ្យមន្ត្រី និងបុគ្គលិកទាំងអស់គ្នាប្រើប្រាស់ពេលវេលានេះដើម្បីចូលរួមយ៉ាងពេញលេញសួរសំណួរ ផ្តល់មតិយោបល់ និងជំរុញកម្មវិធីឱ្យដំណើរការយ៉ាងរលូនចាប់តាំងពីការចាប់ផ្តើមរហូតបញ្ចប់។ ជាមួយគ្នានេះ បន្ថែមពីលើចំណេះដឹងដែលមានស្រាប់ក៏ត្រូវមានការចេះច្នៃប្រឌិតបន្ថែមទៀត និងចេះចែករំលែកនូវចំណេះដឹងថ្មីឱ្យគ្នាទៅវិញទៅមក ។លោកសាស្ត្រាចារ្យរង លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងថាអ្នកជំនាញថែទាំសុខភាពមកពីក្នុង និងក្រៅប្រទេស បានចូលរួមជាមួយយើង ដើម្បីចែករំលែកនូវចំណេះដឹងគំនិតច្នៃប្រឌិត ការស្រាវជ្រាវ និងបទពិសោធន៍ ដល់សិក្ខាកាមយើងទាំងអស់។លោកសាស្រ្តាចារ្យរង រំពឹងថា សិក្ខាកាមទាំងអស់ នឹងមានការបំផុសគំនិត និងបទពិសោធន៍ ហើយយកអ្វីដែលយើងបានរៀន ទៅប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃដើម្បីភាពប្រសើរឡើងនៃការព្យាបាល និងការថែទាំសុខភាពជូនអ្នកជំងឺ៕