ក្រុមធម្មយាត្រាកម្ពុជា ដែលសមាជិករួមមានទីភ្នាក់ងារទេសចរណ៍ និង អ្នកសារព័ត៌មាន នៅថ្ងៃនេះបានមកដល់ឧទ្យានមល្លក្សត្រ នៃក្រុងកុសិនារា នៃប្រទេសឥណ្ឌា ដើម្បីធ្វើបុណ្យសន្សំសីល៍ ស្របពេលនឹងទស្សនកិច្ចសិក្សាស្វែងយល់ពីឱកាសនៃការពង្រឹងទំនាក់ទំនងក្នុងវិស័យទេសចរណ៍នៃប្រទេសឥណ្ឌា ។
សូមបញ្ជាក់ផងដែរថា ដំណើរធម្មយាត្រានេះ ត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលរដ្ឋឧត្តរប្រទេស (Uttar Pradesh) ដែលជាមជ្ឃមណ្ឌលពុទ្ធសាសនាធំជាងគេមួយនៅលើពិភពលោក ។
សូមបញ្ជាក់ផងដែរថា ឧទ្យានមល្លក្សត្រ គឺជាទីតាំងដែលព្រះពុទ្ធជាម្ចាស់ ទ្រង់បានចូលបរិនិព្វាន ក្នុងព្រះជន្ម ៨០ ព្រះវស្សា នៅ ថ្ងៃអង្គារ ១៥កើតពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់ ៥៤៣ មុនគស។
យោងតាមពុទ្ធប្រវត្តិបានឱ្យដឹងថា ក្រោយពេលដាក់ព្រះជន្មរួចហើយ ព្រះអង្គទ្រង់និមន្តទៅបិណ្ឌបាតគ្រប់ទិសទី ហើយនៅទីបំផុតព្រះអង្គទ្រង់យាងទៅដល់នគរកុសិនារា ព្រះអង្គទ្រង់ប្រឈួនយ៉ាងខ្លាំង ក្រោយពីបានសោយផ្សិតម្យ៉ាងដែលប្រគេនដោយនាយចុន្ទៈ ទ្រង់យាងចូលទៅដល់ព្រៃសាលវន្ត ហើយទ្រង់ត្រាស់ឲ្យអានន្ទរៀបកន្លែងថ្វាយព្រះអង្គផ្ទុំ ព្រះអង្គទ្រង់ផ្ទុំផ្អៀងទៅខាងស្តាំ ព្រះបាទឆ្វេងត្រួតលើព្រះបាទស្តាំ ពេលបច្ឆឹមរាត្រីព្រះអង្គទ្រង់ត្រាស់ដល់ភិក្ខុទាំងឡាយថា “អ្វីៗដែលកើតមានហើយ ផ្តុំឡើងហើយ តែងមានសភាវៈធម៌ និងរលត់ទៅវិញជាធម្មតា អ្នកទាំងឡាយចូរញ៉ាំងប្រយោជន៍ឲ្យសំរេចដោយកិរិយាមិនប្រមាថចុះ” ព្រះពុទ្ធទ្រង់មានពុទ្ធដិការតែប៉ុណ្ណាះ ព្រះអង្គក៏ទ្រង់រលត់ខន្ធក្នុងពេលនោះទៅ ។
បន្ទាប់ពីនោះមក ក្រុមធម្មយាត្រាកម្ពុជាក៏បានធ្វើដំណើរទៅបួងសួងនិងសូត្រធម្ម៍នម្សកានៅ កន្លែងបូជាព្រះសពរបស់ព្រះពុទ្ធ ហៅថាម្កុដពន្ធនចេតិយ ដែលស្ថិតនៅជិតទីនោះផងដែរ។
ក្រុមធម្មយាត្រាកម្ពុជា ក្នុងរយៈពេល ៦ ថ្ងៃកន្លងទៅបានធ្វើដំណើរទៅទស្សនា និងបួងសួងនៅទីតាំងជាច្រើនដែលជាប់ពាក់ព័ន្ធនឹងព្រះពុទ្ធអង្គនិងសាវៈរបស់ទ្រង់ ហើយដំណើរធម្មយាត្រានេះនឹងត្រូវបានបញ្ចប់ជាស្ថាពរនៅថ្ងៃស្អែកនៅឯក្រុងពារាណសី ដែលជាកន្លែងទីតាំងព្រះពុទ្ធសម្តែងធម៍ទេសនាជាលើកដំបូង៕