ក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជា នឹងប្រកួតជាមួយក្រុមបាល់ទាត់ខេមបូឌាហ្វូតបលសូពើស្ដារ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានទទួលជួបជាមួយគណៈប្រតិភូ ក្រុមកីឡាករបាល់ទាត់ខេមបូឌាហ្វូតបលសូពើស្ដារ (Cambodia Football Super Stars — CFSS) ដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង ប្រធានចាត់ការទូទៅកិត្តិយស និងជាជំនួយការគ្រូបង្វឹកកិត្តិយស CFSS។ ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការស្វាគមន៍ដល់គណៈប្រតិភូក្រុមបាល់ទាត់ CFSS ដែលនេះជាជំនួបលើកដំបូងរវាងក្រុមទាំងពីរក្នុងការជួបពិភាក្សាលើការងារចាំបាច់មួយចំនួនដើម្បីត្រៀមលក្ខណៈរៀងខ្លួនឆ្ពោះទៅកាន់ការប្រកួតនាពេលខាងមុខ។ ឯកឧត្តមក៏បានលើកឡើងផងដែរថា ក្រុមកីឡាករទាំងសងខាងត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានពេញលេញ ដើម្បីធ្វើយ៉ាងណាឱ្យការប្រកួត មានភាពភាពស្វិតស្វាញ ស្វាហាប់ ក្នុងស្មារតីកីឡា និងមិត្តភាព ដែលនឹងធ្វើឱ្យអ្នកគាំទ្រទទួលបាននូវបរិយាកាសសប្បាយរីករាយនៃការជួបជុំផង និងទទួលបានភាពជក់ចិត្តក្នុងការប្រកួតផងដែរ។ ជាការឆ្លើយតប ឯកឧត្តម ឃួង ស្រេង បានរៀបរាប់អំពីបុព្វហេតុ និងគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន គ្រូបង្វឹកកិត្តិយសក្រុមCFSS ក្នុងការរៀបចំការប្រកួតបាល់ទាត់ដ៏ធំអស្ចារ្យមួយ ដើម្បីចូលរួមអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា លើកដំបូង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ។ ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានរាយការណ៍ជូនអង្គប្រជុំផងដែរ ថាការប្រកួតខាងមុខនេះនឹងទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់ ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្តកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងការទស្សនាការប្រកួតនេះ។ សូមបញ្ជាក់ផងដែរដែរថា ព្រឹត្តិការណ៍បាល់ទាត់រវាង ក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមបាល់ទាត់ខេមបូឌាហ្វូតបលសូពើស្ដារ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នាពេលខាងមុខ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ។