ក្រុមប្រឹក្សាប្រតិបត្តិនៃទីភ្នាក់ងារអង្គការសហប្រជាជាតិ កោតសរសើរចំពោះការរីកចម្រើន និងវឌ្ឍនភាពក្នុងវិស័យនានា នៅកម្ពុជា
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតគណៈប្រតិភូនៃក្រុមប្រឹក្សាប្រតិបត្តិនៃទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៦ ដឹកនាំដោយឯកឧត្តម Muhammad Abdul Muhith ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានគណៈប្រតិភូបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏ល្អប្រសើររវាងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានកោតសរសើរចំពៅះការរីកចម្រើនដ៏ឆាប់រហ័ស នៅកម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចនៅតាមបណ្ដាខេត្តមួយចំនួន គណៈប្រតិភូបានកត់សម្គាល់ពីវឌ្ឍនភាពនៃការផ្ដល់សេវាសុខាភិបាល សេវាអប់រំ ព្រមទាំងការចូលរួមរបស់ស្ត្រី និងយុវជននៅតាមសហគមន៍មូលដ្ឋាន។
ជាការឆ្លើយតប សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមប្រឹក្សាប្រតិបត្តិនៃទីភ្នាក់ងារអង្គការសហប្រជាជាតិ នៅកម្ពុជា ឆ្លុះបញ្ចាំងអំពីភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា និងអង្គការសហប្រជាជាតិ ដែលនឹងបន្តរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយភាពធន់ បរិយាប័ន្ន និងចីរភាព នៅកម្ពុជា។ សម្ដេចបវរធិបតីមានប្រសាសន៍បន្ថែមទៀតថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ ក៏បានផ្ដល់នូវទស្សនទាន និង ការយល់ដឹងបន្ថែមទៀតដល់គណៈប្រតិភូ អំពីគោលដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ការសម្រេចបានជាសមិទ្ធផលរបស់កម្ពុជា និងវិស័យសក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងប្រទេសកម្ពុជា។
សម្ដេចបវរធិបតី និងឯកឧត្តមប្រធានគណៈប្រតិភូ បានពិភាក្សាអំពីការពង្រឹង និងពង្រីកភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារអង្គការសហប្រជាជាតិ លើវិស័យសំខាន់ៗ រួមមាន៖ វិស័យសុខាភិបាល វិស័យអប់រំ ការបណ្តុះបណ្តាល ប្រព័ន្ធសុវត្ថិភាពសង្គម ការប្រែប្រួលអាកាសធាតុ ថាមពលស្អាត សមភាពយេនឌ័រ ព្រមទាំងតួនាទីរបស់ស្រ្តី និងយុវជន ជាដើម។ ឯកឧត្តមប្រធានគណៈប្រតិភូក្រុមប្រឹក្សាប្រតិបត្តិនៃទីភ្នាក់ងារអង្គការសហប្រជាជាតិ បានអះអាងថា នឹងជំរុញឱ្យទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៦ បន្តរួមចំណែកគាំទ្ររបៀបវារៈអភិវឌ្ឍន៍របស់កម្ពុជា សំដៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ដែលនឹងផ្តល់ប្រយោជន៍ដល់ប្រជាជនទាំងអស់ និងមិនទុកនរណាម្នាក់ចោលឡើយ៕