ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋស៊ែប៊ី 

នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋស៊ែប៊ី ដែលដឹកនាំដោយ ឯកឧត្តម តាន់ ប៊ុនប៉ា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសស៊ែប៊ី និង លោកស្រី Jovana Majstorovic ប្រធានមជ្ឈមណ្ឌលទទួលបន្ទុកកិច្ចការអាស៊ី, សហព័ន្ធរុស្ស៊ី និងសហធនរដ្ឋឯករាជ្យ ដែលបានប្រារព្ធធ្វើនៅ ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

គោលបំណងក្នុងដំណើរទស្សនៈកិច្ចនេះ គឺលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងពង្រីកការឈ្វេងយល់អំពីបច្ចុប្បន្នភាពថ្មីនៃសក្តានុពល និងបរិយាកាសវិនិយោគនៅកម្ពុជា។

 ឯកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានថ្លែងអំណរគុណជូនចំពោះគណៈប្រតិភូដែលបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជាដោយផ្ទាល់ក្នុងគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងក្របខ័ណ្ឌការទូតសេដ្ឋកិច្ច។

 ជាមួយគ្នានេះ ឯកឧត្តមបានជម្រាបជូនភាគីមិត្តអំពីសាវតារនៃការរៀបចំតាក់តែងបទប្បញ្ញត្តិ និងគោលនយោបាយពាក់ព័ន្ធនឹងការវិនិយោគដែលរាជរដ្ឋាភិបាលតែងតែធ្វើការកែលម្អជាប្រចាំសំដៅផ្តល់កិច្ចសម្រួល, ការលើកទឹកចិត្ត និងការថែទាំវិនិយោគជូនវិនិយោគិនជាតិ និងអន្តរជាតិឱ្យកាន់តែមានភាពទាក់ទាញ និងអំណោយផលខ្ពស់។ បន្ថែមពីនេះ ឯកឧត្តមក៏បានបង្ហាញសុទិដ្ឋិនិយមថាជំនួបរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋស៊ែប៊ីនឹងក្លាយទៅជាច្រកទ្វារថ្មីសម្រាប់ពង្រឹង និងពង្រីកសកម្មភាពជំរុញ និងទាក់ទាញវិនិយោគទ្វេទិសឈានឆ្ពោះសម្រេចបាននូវវត្តមានរបស់សហគ្រាសមកពីប្រទេសក្នុងតំបន់ Balkans មកបណ្តាក់ទុនវិនិយោគនៅកម្ពុជានាពេលអនាគត៕