ក្រុមហ៊ុន​ខេ​ អិន​ អិន​ ខេមបូឌា​ និងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរឹង ចំពោះជនណា ឬ ក្រុមហ៊ុនណាមួយដែលរំលោភបំពានសិទ្ធិផ្តាច់មុខ ក្រោយ​ KNN ទទួលបានសិទ្ធិផ្តាច់មុខ​រថយន្ត​ JETOUR​ ពីក្រសួងពាណិជ្ជកម្មកម្ពុជា​ និងចិន

ក្រុមហ៊ុនខេ អិន អិន ខេមបូឌា និងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរឹង ចំពោះជនណា ឬ ក្រុមហ៊ុនណាមួយដែលរំលោភបំពានសិទ្ធិផ្តាច់មុខ ក្រោយ  KNN ទទួលបានសិទ្ធិផ្តាច់មុខរថយន្ត JETOUR ពីក្រសួងពាណិជ្ជកម្មកម្ពុជា និងចិន ។ នេះជាការបញ្ជាក់របស់ថ្នាក់ដឹកនាំក្រុមហ៊ុន ខេ អិន អិន ខេមបូឌា នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ការទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរថយន្ត JETOUR របស់ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ក្រោមវត្តមាន លោក អ៉ឹង ម៉ុយហ្តេច នាយកប្រតិបត្តិប្រតិបត្តិការនៃក្រុមហ៊ុន JETOUR CAMBODIA  លោក Zhang Ming (Gary), Country Manager of Jetour Auto លោកស្រី នុត រត្ន័ចិត្រា ជំនួយការប្រធានក្រុមប្រឹក្សាពិបាលនៃក្រុមហ៊ុន KNN Cambodia លោក ឈុំ ផល្លា ប្រធានក្រុមផ្នែកបច្ចេកទេស លោកស្រី សរ វ៉ាន់វីរីបែល ប្រធានផ្នែកលក់ នៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅទីតាំងក្រុមហ៊ុនស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ លោក អ៉ឹង ម៉ុយហ្តេច  នាយកប្រតិបត្តិប្រតិបត្តិការនៃក្រុមហ៊ុន JETOUR CAMBODIA បានអោយដឹងថា ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលបានសិទ្ធិចែកចាយផ្តាច់មុខ រថយន្ត ម៉ាក JETOUR របស់ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ពីក្រសួងពាណិជ្ជកម្មកម្ពុជា។ លិខិតនេះបានចុះហត្ថលេខា និងទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្មប្រទេសចិន នាថ្ងៃទី២២ ខែសីហាឆ្នាំ២០២៤ និងក្រសួងពាណិជ្ជកម្មកម្ពុជានាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២៤ ថ្មីៗនេះ។  លោក អ៉ឹង ម៉ុយហ្តេច បានអោយដឹងទៀតថា ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលបានសិទ្ធិចែកចាយផ្តាច់មុខរថយន្តម៉ាក JETOUR គ្រប់ម៉ូដែល ចាប់តាំងពី ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣ មកម៉្លេះ ដោយពិធីចុះហត្ថលេខាលើការផ្តល់ និង ទទួលសិទ្ធិ បានធ្វើឡើងក្នុងទីស្នាក់ការកណ្តាលក្រុមហ៊ុន JETOUR ទីក្រុងអានហួយ ប្រទេសចិន ដោយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន JETOUR និងKNN ផ្ទាល់តែម្តង។ ហើយកន្លងទៅប្រហែលជាជិត១០ខែ ថ្មីៗនេះ ទើបក្រុមហ៊ុន KNN ទទួលបានលិខិត ទទួលស្គាល់សិទ្ធិចែកចាយផ្តាច់មុខពីក្រសួងពាណិជ្ជកម្ម ដោយហេតុតែក្រុមហ៊ុន JETOUR គឺជាក្រុមហ៊ុនផលិតរថយន្តធំបំផុត TOP10 នៃប្រទេសចិន គឺជាប្រភេទក្រុមហ៊ុនដែលមានភាគហ៊ុនរដ្ឋាភិបាលចិន ដូចនេះការរៀបចំឯកសារ បែបបទ និង នីតិវិធី គឺធ្វើឡើងពីក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ហើយទាមទារឯកសារដ៏ច្បាស់លាស់ និងតឹងរឹងបំផុត ពីភាគីរោងចក្រ JETOUR អ្នកផ្តល់សិទ្ធិ។ ដោយលិខិតផ្តល់សិទ្ធិដែលទទួលស្គាល់ ពីក្រសួងពាណិជ្ជកម្មនៃប្រទេសចិន គឺចំណាយពេលយូរ ទើបលិខិតបញ្ចប់នាចុងខែសីហានេះ ទើបយើងអាចរៀបចំលិខិតស្នើរសុំទទួលស្គាល់ពីក្រសួងពាណិជ្ជកម្មកម្ពុជាបាននាថ្មីៗនេះ ហើយលិខិតទទួលស្គាល់នេះ មានអនុភាពនៃផ្នែកច្បាប់លើសិទ្ធិចែកចាយផ្តាច់មុខ យ៉ាងពេញលេញសម្រាប់ការចែកចាយរថយន្ត JETOUR គ្រប់ម៉ូដែលនៅកម្ពុជាគឺ មានតែក្រុមហ៊ុន ខេ អិន អិន ខេមបូឌា តែមួយគត់។ បច្ចុប្បន្ននេះក្រុមហ៊ុន ខេអិនអិន ខេមបូឌា បាននាំចូលផ្តាច់មុខរថយន្ត JETOUR បាននាំចូលនូវរថយន្ត JETOUR ជាច្រើនម៉ូដែលមានដូចជា Dashing, T2, X50, X70, X70 Plus, X90, X95 និងម៉ូឌែលជាច្រើនទៀត។លោក Zhang Ming (Gary), Country Manager of Jetour Auto  បានអោយដឹងថា មូលហេតុដែល ក្រុមហ៊ុនJetour ផ្តល់សិទ្ធិជាអ្នកចែកចាយផ្តាច់មុខអោយ KNN Cambodia គឺផ្អែកលើ កត្តាសំខាន់ៗមួយចំនួន៖ KNN មានបទពិសោធន៍ជាង 20ឆ្នាំ នៅក្នុងវិស័យគ្រឿងយន្តធុនធ្ងន់ និងរថយន្តដឹកទំនិញ ដោយបង្ហាញពីជំនាញទីផ្សារជ្រៅរបស់ពួកគេ។ កំណត់ត្រានៃភាពជោគជ័យរបស់ពួកគេគឺជាភស្តុតាងជាក់ស្តែង ដោយសារតែម៉ាកយីហោភាគច្រើនដែលពួកគេបានចែកចាយបច្ចុប្បន្នកាន់កាប់ចំណែកទីផ្សារលេខ 1 នៅក្នុងប្រទេសកម្ពុជា។ ភាពជោគជ័យនេះភាគច្រើនត្រូវបានសន្មត់ថាជាសេវាកម្មបន្ទាប់ពីការលក់ដ៏ល្អរបស់ពួកគេ និងការផ្គត់ផ្គង់គ្រឿងបន្លាស់ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះការពេញចិត្តរបស់អតិថិជន។ លើសពីនេះ ភាពរឹងមាំផ្នែកហិរញ្ញវត្ថុរបស់ KNN ផ្តល់នូវស្ថិរភាពដែលត្រូវការដើម្បីគាំទ្រដល់ការរីកចម្រើនរបស់ម៉ាកនេះ ខណៈពេលដែលការផ្តោតអារម្មណ៍យ៉ាងខ្លាំងរបស់ពួកគេលើបទពិសោធន៍របស់អតិថិជនស្របនឹងការប្តេជ្ញាចិត្តរបស់ JETOUR ចំពោះសេវាកម្មគុណភាពខ្ពស់។ លើសពីនេះស្ថាបនិក និងក្រុមគ្រប់គ្រងរបស់ KNN ត្រូវបានទទួលស្គាល់សម្រាប់កម្រិតខ្ពស់នៃការប្តេជ្ញាចិត្ត ភាពឈ្លានពាន និង ការទទួលខុសត្រូវ។ ការរួមបញ្ចូលគ្នានៃឧត្តមភាព ភាពជាអ្នកដឹកនាំទីផ្សារ និងការផ្គូផ្គងជាមួយនឹង គោលដៅរីកចម្រើនម៉ាកយីហោរបស់ JETOUR បានធ្វើឱ្យ KNN ក្លាយជាដៃគូដ៏ល្អសម្រាប់តួនាទីផ្តាច់មុខនេះ។លោកស្រី នុត រត្ន័ចិត្រា ជំនួយការប្រធានក្រុមប្រឹក្សាពិបាលនៃក្រុមហ៊ុន KNN Cambodia បានអោយដឹងថា ការនាំចូល និងចែកចាយខុសច្បាប់ដែលធ្វើអោយប៉ះពាល់ដល់កិត្យានុភាពនៃម៉ាកសញ្ញារបស់ JETOUR ព្រោះអតិថិជនដែលទិញរថយន្តតាមក្រុមហ៊ុន ឬហ្គារ៉ាស ដែលនាំចូលខុស ច្បាប់នោះជាទូទៅគឺទទួលបានសេវាកម្មមិនល្អ មិនមានការធានាច្បាស់លាស់ ឬធានាអោយរួចមួយគ្រា និងមិនប្រើគ្រឿងបន្លាស់សុទ្ធ ជាហេតុធ្វើអោយអតិថិជនមិនអាចបំពេញចិត្តលើការផ្តល់សេវា។  ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ជាក្រុមហ៊ុនដែលមានទំនួលខុសត្រូវខ្ពស់ចំពោះអតិថិជន និងម៉ាកសញ្ញាដែលយើងផ្តាច់មុខចែកចាយ គឺ JETOUR ដូចនេះក្រុមហ៊ុននឹងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរឹង ចំពោះជនណា ឬ ក្រុមហ៊ុនណាមួយដែលរំលោភបំពានសិទ្ធិផ្តាច់មុខ របស់ក្រុមហ៊ុន KNN CAMBODIA។លោក ឈុំ ផល្លា ប្រធានក្រុមផ្នែកបច្ចេកទេស  បានអោយដឹងដែរថា ពាក់ព័ន្ធនិងផ្នែកសេវាកម្ម ដែលផ្តល់ដោយតំណាងចែកចាយផ្តាច់មុខតែមួយគត់គឺ KNN CAMBODIA គឺជាសេវាកម្មដែលច្បាស់លាស់ ប្រកបដោយវិជ្ជាជីវៈ និងប្រើប្រាស់គ្រឿងបន្លាស់សុទ្ធ ពុំមែនកែច្នៃមួយគ្រា ដែលបណ្តាលអោយកើតមានកំហូចផ្សេងៗបន្តនោះទេ ការជួសជុលកំហូចដែលកែច្នៃអោយរួចមួយគ្រា នឹងបង្ករជាហានិភ័យ ប្រៀបដូចជាខ្សែរសង្វាក់ផលិតកម្មអញ្ចឹង។លោកស្រី សរ វ៉ាន់វីរីបែល ប្រធានផ្នែកលក់ បានបញ្ជាក់ថា សម្រាប់ពេលវេលាខាងមុខឆាប់ៗនេះ ក្រុមហ៊ុនយើងនឹងមានការនាំចូលនូវម៉ូដែលថ្មីៗ សេរីខ្ពស់ មកកាន់កម្ពុជា តែសូមលាក់សិន។ អ្វីដែលអាចប្រាប់បាននោះគឺ ម៉ូដែល T2 គឺបានចេញសេរី ២០២៥ហើយ ដែលបាន Update ថ្មីលើ Interface ប្រព័ន្ធសន្សំសំចៃប្រេង និងការផ្តល់ជូននូវ Assessory មកជាស្រេចគឺពិតជាខ្លាំងជាងមុន សង្ហា និងឡូយជាងមុន ជាពិសេសគឺសន្សំសំចៃសាំងជាងមុន ហើយយើងនឹងបើកសម្ពោធម៉ូដែលនេះឆាប់ៗ។ សម្រាប់ប្រូមូសិនពិសេសនារដូវកាលភ្ជុំបិណ្ឌនេះ អតិថិជនអាចទទួលបានការបញ្ចុះតម្លៃគ្រប់ម៉ូដែល ចំនួន២០០០ដុល្លា ព្រមទាំងកាតសាំងបន្ថែម ៥០០ដុល្លាទៀតផង៕