ក្រុមហ៊ុនចិនកំពុងវិនិយោគនៅវៀតណាមមានបំណងវិនិយោគលើការកែច្នៃសំរាមទៅជាថាមពលអគ្គិសនីនៅកម្ពុជា

ឯកឧត្ដម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រសួងបរិស្ថាន ដើម្បីបំពញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។ ឯកឧត្ដម សាបូ អូហ្សាណូ បានទទួលជួបពិភាក្សាការងារជាមួយ លោក Pan Yaoda អគ្គនាយក ក្រុមហ៊ុន Thien Y Environmental Energy Joint Stock Company ដែលជាក្រុមហ៊ុនរបស់ប្រទេសចិនដ៏ធំមួយ កំពុងដំណើរការរោងចក្រកែច្នៃសំរាម ទៅជាថាមពលអគ្គិសនី នៅប្រទេសវៀតណាម។ ក្នុងឱកាសនោះ លោកអគ្គនាយក បានលើកឡើងពីគោលបំណងចង់មកធ្វើការវិនិយោគលើការកែច្នៃសំរាម ទៅជាថាមពលអគ្គិសនី និងវិនិយោគនៅលើផ្នែកផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។ លោកអគ្គនាយកក្រុមហ៊ុន បានបញ្ជាក់ថា ក្រុមហ៊ុនមានជំនាញ និងបច្ចេកវិទ្យាថ្មី ក្នុងការកែច្នៃសំរាម ដើម្បីធ្វើជាថាមពលអគ្គិសនីនៅប្រទេសចិន និងវៀតណាម។

ក្នុងឱកាសនោះ ឯកឧត្ដម សាបូ អូហ្សាណូ បានវាយតម្លៃខ្ពស់ចំពោះការវិនិយោគកែច្នៃសំរាម បង្កើតជាថាមពលអគ្គិសនី របស់ក្រុមហ៊ុន នៅក្នុងប្រទេសវៀតណាម។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ ស្វាគមន៍ចំពោះបណ្តាក្រុមហ៊ុននានា ដែលមានបំណងធ្វើការវិនិយោគនៅកម្ពុជា ដែលគិតគូរលើបរិស្ថាន និងជួយលើកម្ពស់ការអភិវឌ្ឍជីវភាពប្រជាជននិងបង្កើនេសដ្ឋកិច្ចជាតិ។ ឯកឧត្តមប្រធានប្រតិភូ បានស្នើឱ្យក្រុមហ៊ុនធ្វើផែនការ និងសិក្សាគម្រោងលម្អិត ហើយលើកយកពីគោលបំណងចំពោះការវិនិយោគលើការកែច្នៃសំរាម ដើម្បីផលិតជាថាមពលអគ្គិសនី ដែលអាចជួយដោះស្រាយបញ្ហាសំរាម និងជួយលើកកម្ពស់បរិស្ថាន ដើម្បីរាយការណ៍ជូនឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាននៅពេលបន្ទាប់ពីទស្សនកិច្ច។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ធ្លាប់បានឱ្យដឹងថា ក្នុង រយៈពេល១ ឆ្នាំ កម្ពុជា បានបង្កើតសំរាម ជាង ៤ លានតោន ពោលគឺ នៅទូទាំង ប្រទេសមានសំរាមចំនួនជាង ១ ម៉ឺន តោនត្រូវបានបញ្ចេញចោល ក្នុង១ ថ្ងៃ។ ដោយឡែក នៅ រាជធានី ភ្នំពេញ សំរាម ដែល បង្កើតឡើង មានប្រមាណ៤ ០០០ តោន ក្នុង ១ ថ្ងៃ ។ អ្នកនាំពាក្យរូបនេះ បានឱ្យដឹងថាសំរាម ទាំងនោះ មាន សំណល់ ម្ហូបអាហារ មាន ចំនួន៦០% , សំណល់ប្លាស្ទិកមាន ប្រមាណ២០% , និងសំណល់ផ្សេងៗ។ ក្នុងពេលបច្ចុប្បន្ន សំ រាមត្រឹមតែ ៦៤ ភាគរយ ប៉ុណ្ណោះ ដែល បាន យកទៅ ចាក់ នៅ ទីលានទុកដាក់សំរាម នៅទូទាំងប្រទេសមានចំនួន២១០កន្លែង។

ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា ក្នុង១ថ្ងៃ សំរាម មាន ជាង ១ ម៉ឺនតោន ហើយកម្រិតនៃការកើនឡើងសំណល់ រឹង សំរាមនៅ ប្រទេស កម្ពុជា គឺមាន ចន្លោះ ពី ១០ទៅ១៥%នៅក្នុង ១ ឆ្នាំ ។ អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការគ្រប់គ្រងទៅលើសំណល់រឹងសំរាម នៅតាមទីសាធារណៈ ជាពិសេសសំណល់ប្លាស្ទិក ចាំបាច់ត្រូវការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ ទាំងវិស័យសាធារណៈនិងឯកជន ដើម្បីដោះស្រាយបញ្ហាសំរាម និសំណល់ប្លាស្ទិក។ ឯកឧត្តមបាន ស្នើឲ្យពលរដ្ឋបន្តចូលរួមក្នុងយុទ្ធនាការរបស់ក្រសួងបរិស្ថាន កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលមានចូលរួមរើសសំរាម សំអាតអនាម័យបរិស្ថាន ព្រមៗគ្នា នៅតាមមូលដ្ឋាន នៅតាមផ្ទះ សាលារៀន វត្តអារាម និងទិសាធារណៈនានា ប្រមូលទុកដាក់ សំរាម ឱ្យបាន ត្រឹមត្រូវ ដើម្បីបរិស្ថានស្អាត កម្ពុជាស្អាតគ្មានសំរាម សំណល់ប្លាស្ទិក បោះចោលរាយប៉ាយ ក្នុងមូលដ្ឋាន និងនៅតាមដងផ្លូវ នៅពេលខាងមុខដ៏ខ្លី៕