ក្រុមហ៊ុនធំៗឈានមុខគេនៅកម្ពុជា ប្រកាសរួមគ្នាសហការកសាង មន្ទីរពេទ្យទូទៅ និងឯកទេសស្តង់ដារលំដាប់ថ្នាក់ពិភពលោកនៅរាជធានីភ្នំពេញ ដែលការវិនិយោគនេះនឹងរំពឹងទុកនូវទុនចំនួន៣០០លានដុល្លារ។ (គម្រោងមន្ទីរពេទ្យកម្ពុជា)

កិច្ចសហប្រតិបត្តិការដ៏ធំនេះ បានប្រកាសជាផ្លូវការនៅព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៥ ដោយមានការចូលរួមពីបណ្តាក្រុមហ៊ុនធំៗឈានមុខគេនៅកម្ពុជា ដើម្បីកសាងមន្ទីរពេទ្យទូទៅដ៏ទំនើបមួយនៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ។ គម្រោងមន្ទីពេទ្យធំដ៏ទីមួយនេះ និងត្រូវបានលេចចេញរូប រាងឡើង ក្រោយពីការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និង ក្រុមហ៊ុន ជីប ម៉ុង កាលពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ រួមជាមួយការចូលរួមបន្ថែម ពីម្ចាស់ ភាគហ៊ុន ចំនួន៦ ផ្សេងទៀត ដែលមានគោលបំណងដូចគ្នាដើម្បីអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា។

គោលបំណងនៃការផ្តួចផ្តើចគម្រោងសុខាភិបាលនេះ គឺដើម្បីផ្តល់សេវាវេជ្ជសាស្ត្រលំដាប់ស្តង់ដាពិភពលោកនៅក្នុងស្រុក និងកាត់បន្ថយការទទួលសេវាព្យាបាលនៅប្រទេសដទៃរបស់ប្រជាជនកម្ពុជា។ ជាមួយនឹងចក្ខុវិស័យរួម ក្នុងការពង្រឹងសេវាសុខាភិបាលថ្នាក់ជាតិ គ្រប់ដៃគូភាគហ៊ុនមានគោលដៅ ច្បាស់លាស់ក្នុងការនាំយកនូវគ្រឿងបរិក្ខារដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប ចម្រាញ់យកវេជ្ជបណ្ឌិតដែល មានជំនាញច្បាស់លាស់ និងទទួលបានការហ្វឹកហាត់បណ្តុះបណ្តាលតាមស្តង់ដាអន្តរជាតិ ជាមួយស្មារតី យកចិត្តទុកដាក់ខ្ពស់ ផ្តោតសំខាន់លើការថែទាំអ្នកជំងឺ។

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានបង្ហើបពីកត្តាសំខាន់នៃគម្រោងមួយនេះ ដោយ មានប្រសាសន៍ថា៖ “មន្ទីរពេទ្យនេះ មិនមែនត្រឹមជាតំណាងអគារសុខាភិបាលមួយនោះទេ វាជាសញ្ញានៃទំនុកចិត្តលើអនាគតនៃកម្ពុជា ជាអនាគតមួយ ដែលការថែទាំសុខភាពមានភាពសម្បូរបែប មានគុណភាព និងឯកទេសខ្ពស់ ស្ថិតនៅក្នុងស្រុកតែម្តង”។

មន្ទីរពេទ្យនេះ នឹងក្លាយជាបណ្ដុំសេវាវេជ្ជសាស្ត្រដ៏ទូលំទូលាយ រួមបញ្ចូលទាំងសេវាវេជ្ជសាស្ត្រទូទៅ ការវះកាត់ ផ្នែកបេះដូងនិងសរសៃឈាម ផ្នែកជំងឺមហារីក ផ្នែកជំងឺកុមារទូទៅ ផ្នែកឆ្អឹងសន្លាក់ និងសេវាកម្មវេជ្ជសាស្ត ជាច្រើនផ្សេងទៀត។

ចំណុចផ្ដោតដ៏សំខាន់នៃគម្រោងនេះ គឺការវិនិយោគលើវិជ្ជាជីវៈរបស់អ្នកជំនាញថែទាំសុខភាពនៅក្នុងស្រុក តាមរយៈការបន្តហ្វឹកហាត់បណ្តុះបណ្តាល ពង្រឹងសមត្ថភាព និងបង្កើនកិច្ចសហការជាមួយដៃគូអន្តរជាតិ។ ការបោះទុនសហការរួមគ្នានេះ គូសបញ្ជាក់ច្បាស់ពីការប្តេជ្ញាចិត្តរបស់ដៃគូសហការទាំងអស់ ក្នុងការរួម ចំណែកចូលរួមដ៏ប្រពៃនេះ ដើម្បីការអភិវឌ្ឍរបស់ជាតិ លើកកម្ពស់ជីវភាព និងសុខុមាលភាពនៃប្រជាជន កម្ពុជាទូទាំងប្រទេស។

គូសបញ្ជាក់ថា ម្ចាស់ភាគហ៊ុនដែលចូលរួមក្នុងគម្រោងការកសាងមន្ទីរពេទ្យខ្មែរដ៏ធំមួយនេះរួមមាន៖

1. អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប – ២៣%

2. លោកអ្នកឧកញ៉ា លាង ឃុន និង អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង – ២៣%

3. អ្នកឧកញ៉ា ថៃ ជាហួត ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល និង ឧកញ៉ា ហៀង ប៊ុនប៉ង សហស្ថាបនិក និងជាអនុប្រធាន ក្រុមហ៊ុន ប៉េង ហួត គ្រុប – ២៣%

4. អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប – ១០%

5. អ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនមេគង្គ លែន ឌីវេឡុបម៉ិន ឯ.ក -៦%

6. អ្នកឧកញ៉ា ប៊ុន ហៃ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បុរី ភ្នំពេញថ្មី – ៥%

7. អ្នកឧកញ៉ា លី ហុង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បុរីអង្គរ ផាលេស – ៥%

8. ឧកញ៉ា ថៃ ស៊ាង ប្រធានក្រុមហ៊ុន ធី អេស អិន អ ឌីស្ទីតឡូសិន ខូ អិលធីឌី – ៥% ។ ការសាងសង់គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២៦ ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ការផ្លាស់ប្ដូរវឌ្ឍនភាពន ការទទួលបាននូវសេវាថែទាំសុខភាពដល់ប្រជាជនកម្ពុជា៕