ក្រុមហ៊ុនវីតាល់ ឧបត្តម្ភទឹកសុទ្ធវីតាល់ចំនួន ២ ០០០កេស ដល់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានអ្នកសម្របសម្រួលដំណើរទស្សនកិច្ចទិសឦសាន ដោយឥតគិតថ្លៃទៅកាន់តំបន់បណ្តោយព្រំដែនក្នុង “ខេត្តត្បូងឃ្មុំ-ក្រចេះ-មណ្ឌលគិរី-រតនគិរី- និងខេត្តស្ទឹងត្រែង “
លោក ហេង វ៉ាន់សាក់ ប្រធានធុរកិច្ចក្រុមហ៊ុន វ័នហ្វ្រេតធើនីធី តំណាងអោយក្រុមហ៊ុនទឹកសុទ្ធវីតាល់ បាននាំយកនូវទឹកសុទ្ធចំនួន ២ ០០០កេស មកជូនដល់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានអ្នកសម្របសម្រួលដំណើរទស្សនកិច្ចទិសឦសាន ដោយឥតគិតថ្លៃទៅកាន់តំបន់បណ្តោយព្រំដែនក្នុង “ខេត្តត្បូងឃ្មុំ-ក្រចេះ-មណ្ឌលគិរី-រតនគិរី- និងខេត្តស្ទឹងត្រែង “ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ។
គួរបញ្ជាក់ដែថា ដំណើរទស្សនកិច្ចទិសឦសាន ដោយឥតគិតថ្លៃ ទៅកាន់តំបន់បណ្តោយព្រំដែនក្នុងខេត្តត្បូងឃ្មុំ-ក្រចេះ-មណ្ឌលគិរី-រតនគិរី- និងខេត្តស្ទឹងត្រែង នឹងធ្វើឡើងរៀងរាល់ចុងសប្តាហ៍ ចាប់ពីថ្ងៃទី៧ ខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤ ។
ក្រសួងព័ត៌មាន ជាអ្នកសម្របសម្រួលសម្រាប់ដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃ ដែលការធ្វើដំណើរម្តងមានអ្នកចូលរួមទាំង២០០នាក់ ដែលបានចុះឈ្មោះមុនគេដំបូង ។
ដំណើរទស្សនកិច្ចនេះ ដើម្បីផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋបានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែងនៅតាមតំបន់ព្រំដែន ការកសាងហេដ្ឋរចនាសម្ព័ន្ធផ្លូវ ក្រវាត់ព្រំដែន និងការអភិវឌ្ឍជារួមរបស់ប្រជាពលរដ្ឋក្នុងភូមិភាគឦសាន។
សម្រាប់កម្មវិធីដំណើរទស្សនកិច្ចទៅកាន់ទិសឦសាននេះ មិនតម្រូវឱ្យមានការបង់ប្រាក់អ្វីនោះទេ។ រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅ គឺនឹងផ្តល់ជូនដោយឥតគិតថ្លៃ. រាល់ការចំណាយទាំងអស់ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ គឺឧបត្ថម្ភដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជន ដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋ ឬកញ្ចប់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះទេ ៕