ក្រុមអ្នកគាំទ្រប្រធានាធិបតីកូរ៉េដែលព្យួរតំណែងជាង២០ថ្ងៃ Yoon Suk Yeol នៅតែបន្ត រារាំងនិងប្តេជ្ញាការពារលោកដល់ទីបញ្ជប់ ទោះបីអាកាសធាតុចុះត្រជាក់យ៉ាងណាក៏ដោយ!
អ្នកគាំទ្ររាប់រយនាក់របស់ប្រធានាធិបតីកូរ៉េខាងត្បូងដែលកំពុងរងនូវបទចោទប្រកាន់ជាច្រើនបានបន្តប្រមូលផ្តុំគ្នានៅមុខគេហដ្ឋានផ្លូវការរបស់លោក Yoon ហើយបានសន្យាថាការពារលោក Yoon Suk Yeol ពីទីភ្នាក់ងារប្រឆាំងអំពើពុករលួយជាតិឲ្យដល់ទីបញ្ចប់។ ទោះបីជាមិនមានសញ្ញាកាលពីថ្ងៃព្រហស្បតិ៍ថាក្រុមអ្នកស៊ើបអង្កេតមកពីការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្រ្តីជាន់ខ្ពស់នឹងបន្តចូលទៅក្នុងលំនៅដ្ឋានប្រធានាធិបតីដើម្បីចាប់ឃុំខ្លួនរូប Yoon ក៏ដោយ ក៏អ្នកគាំទ្រនៅតែរក្សាបានភាពក្លាហានរបស់ពួកគេចំពោះអាកាសធាតុចុះត្រជាក់បាន និងបានប្តេជ្ញាចិត្តការពាររូបលោកដែរ។ អ្នកស៊ើបអង្កេតនៃទីភ្នាក់ងារប្រឆាំងអំពើពុករលួយប្រហែលជា១៥០នាក់ និងមន្រ្តីប៉ូលីសបានព្យាយាមឃុំខ្លួនលោក Yoon កាលពីថ្ងៃសុក្រមុនដែរ ប៉ុន្តែបានដកថយមកវិញ បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាយ៉ាងតានតឹងរវាងពួកគេជាមួយនឹងសេវាសន្តិសុខប្រធានាធិបតីដែលមានរយៈពេលជាង៦ម៉ោងឯណោះ។ ក្រុមអ្នកស៊ើបអង្កេតមិនទាន់បានប្រកាសពីផែនការនិងការតាំងចិត្តបន្ថែមលើការចាប់ខ្លួនរូបលោកបន្តទៀតទេ។ ប៉ុន្តែប៉ូលីសបាននិយាយថាពួកគេកំពុងពិចារណា “នូវគ្រប់ជម្រើសទាំងអស់” ដើម្បីនាំ ខ្លួនលោក Yoon ចេញពីផ្ទះឲ្យបាន និងនាំទៅកាន់មន្ទីរឃុំឃាំង ហើយពួកគេក៏មិនបានបដិសេធជាសាធារណៈនូវលទ្ធភាពនៃការដាក់ពង្រាយក្រុម SWAT ពិសេសនោះដែរ។ ប៉ុន្តែពួកគេនៅមិនច្បាស់ទេថាតើអ្នកស៊ើបអង្កេតនឹងប្រថុយនឹងការប្រឈមមុខដាក់គ្នាជាមួយកងកម្លាំងសន្តិសុខប្រធានាធិបតីដែលមានប្រដាប់អាវុធម្តងទៀតដែរឬទេ? និងដោយរបៀបណានោះទេ។ សូមបញ្ជាក់ថាវិបត្តិនយោបាយផ្ទៃក្នុងរបស់ប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមនៅប៉ុន្មានម៉ោង បន្ទាប់ពីលោក Yoon បានប្រកាសឲ្យប្រើប្រាស់ច្បាប់អាជ្ញាសឹក និងបានបញ្ជូនកងទ័ពទៅឡោមព័ទ្ធវិមានរដ្ឋសភាក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃទី៣ខែធ្នូ មកដល់ពេលនេះនៅមិនទាន់ធូស្រាលនៅឡើយទេ ហើយក៏ជាមូលហេតុចំបងដែលនាំមានភាពតានតឹងចំពោះមន្រ្តីថ្នាក់កំពូលៗរបស់កូរ៉េដែរ ប៉ុន្តែភ្លាមៗសមាជិកសភាក៏បានព្យាយាមរារាំងសកម្មភាពបិទផ្លូវ និងបានបោះឆ្នោតដើម្បីលុបចោលវិធានការនោះថែមទៀតផង។ អំណាចរបស់ប្រធានាធិបតីរបស់លោក Yoon មកដល់ពេលនេះគឺត្រូវព្យួរ រយៈពេលជាង២០ថ្ងៃហើយ បន្ទាប់ពីសភាដែលគ្រប់គ្រងដោយគណបក្សប្រឆាំងបានបោះឆ្នោតចោទប្រកាន់លោកកាលពីថ្ងៃទី១៤ ខែធ្នូ ដោយចោទប្រកាន់លោកពីបទបះបោរដោយអចេតនា ខណៈតុលាការធម្មនុញ្ញបានចាប់ផ្តើមដាក់ការពិចារណាថាតើត្រូវដកលោក Yoon ចេញពីតំណែងជាផ្លូវការឬក៏ដាក់វិន័យរូបលោកឲ្យកសាងស្នាដៃឡើងវិញ៕
សម្រួលអត្ថបទ៖ សុផារិន្ទ