ក្រុមអ្នកគាំទ្រលោក Yoon ប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការក្រុងសេអ៊ូល បន្ទាប់ពីដំណើការសាកសួរទៅលើលោកជាង១០ម៉ោង មិនបានសម្រេច ដោយសារតែលោក Yoon អង្គុយស្ងៀមមិនតបត! 

ក្រុមអ្នកគាំទ្រប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បានប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការក្រុងសេអ៊ូលនៅថ្ងៃសុក្រនេះ ដោយពួកគេបានទាមទារឲ្យមានការថ្កោលទោសទៅលើតុលាការក្នុងប្រទេសនេះវិញដែលបានចេញដីកាឲ្យចាប់ឃុំខ្លួនលោក Yoon និងច្រានចោលញត្តិរបស់ពួកគេស្នើឲ្យមានការដោះលែង។ ក្នុងនោះដែរក្រុមអ្នកតវ៉ាប្រហែលជានាក់បានសម្តែងភាពមិនទុកចិត្តរបស់ពួកគេចំពោះប្រព័ន្ធច្បាប់ និងទាមទារឱ្យមានការដោះលែងលោក Yoon នៅខាងក្រៅតុលាការភាគខាងលិចក្រុងសេអ៊ូល ។ ស្ថានភាពនៅខាងក្រៅតុលាការក៏មានកម្រងផ្ការំលែកទុក្ខពណ៌ស ផ្ញើដោយអ្នកគាំទ្ររបស់ Yoon នៅខាងមុខតុលការដែរ ជានិមិត្តរូបនៃកំហឹងរបស់ពួកគេចំពោះសេចក្តីសម្រេចរបស់តុលាការ។ កាលពីថ្ងៃព្រហស្បតិ៍នេះតុលាការក្រុងសេអ៊ូលបានច្រានចោលសំណើមេធាវីរបស់លោក Yoon ដើម្បីពិនិត្យមើលពីភាពស្របច្បាប់នៃដីការឃុំខ្លួនរូបលោក។ កន្លងទៅមេធាវីរបស់លោក Yoon បានប្រកែកថា ការឃុំខ្លួនលោក Yoon គឺខុសច្បាប់ ដោយចោទសួរពីសុពលភាពនៃដីកាឃុំខ្លួន ដែលចេញដោយតុលាការក្រុងសេអ៊ូលភាគខាងលិចនោះ។ ការសម្រេចចិត្តរបស់តុលាការធ្វើឡើងមួយថ្ងៃបន្ទាប់ពី Yoon ត្រូវបានឃុំខ្លួនឯងនៅឯគេហដ្ឋានផ្លូវការរបស់លោកសម្រាប់ដំណើរការសាកសួរជុំវិញបទចោទប្រកាន់អំពីសកម្មភាពបះបោរដែលពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹករបស់លោកកាលពីខែមុន។ មកដល់ពេលនេះលោក Yoon ត្រូវគេបញ្ជូនទៅកាន់មន្ទីរឃុំឃាំងក្បែររដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង បន្ទាប់ពីបានឆ្លងកាត់ដំណើរការសាកសួរជាង១០ ម៉ោង កាលពីថ្ងៃពុធនៅឯទីស្នាក់ការកណ្តាលនៃការិយាល័យស៊ើបអង្កេតពិសេសប្រឆាំងអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់។ លោក Yoon បានប្រើសិទ្ធិខ្លួនឯងដោយអង្គុយនៅស្ងៀម ជាចេតនាបដិសេធរាល់ការសាកសួរបន្ថែមដោយមន្ត្រីប្រឆាំងអំពើពុករលួយ ព្រោះតែមេធាវីរបស់លោកបានប្រកាន់ខ្ជាប់ថាការស៊ើបអង្កេតនេះគឺជាទង្វើខុសច្បាប់។ ចំណែកមន្ត្រីមួយចំនួនទៀតត្រូវគេដឹងថាបានស្នើបន្ថែមទៅកាន់តុលាការក្រុងសេអ៊ូលភាគខាងលិចនៅថ្ងៃសុក្រនេះដើម្បីចេញដីកាចាប់ខ្លួនលោក Yoon ជាផ្លូវការ ក្រោយពីដីការឃុំខ្លួនក្នុងដំណាក់កាលសាកសួរ។ ប្រសិនបើតុលាការផ្តល់ដីកានោះមែន នោះអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយអាចបន្តការឃុំខ្លួនលោក Yoon ដល់ទៅ២០ថ្ងៃឯណោះ អំឡុងពេលដែលពួកគេនឹងផ្ទេរសំណុំរឿងនេះទៅឲ្យព្រះរាជអាជ្ញាសាធារណៈសម្រាប់បទចោទប្រកាន់ផ្លូវការលើរូបលោក Yoon ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ