ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយអង្គការខាណាកម្ពុជា រៀបចំវេទិកាពិភាក្សាតុមូលស្តីពី «លើកកម្ពស់ការយល់ដឹងអំពីជំងឺរបេង និងជំរុញការចូលរួមរបស់អ្នកសារព័ត៌មាននៅកម្ពុជា»
ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយអង្គការខាណាកម្ពុជា បានរៀបចំវេទិកាពិភាក្សាតុមូលស្តីពី «លើកកម្ពស់ការយល់ដឹងអំពីជំងឺរបេង និងជំរុញការចូលរួមរបស់អ្នកសារព័ត៌មាននៅកម្ពុជា» នៅសណ្ឋាគារពូលូវ៉ៃ ដែលមានការចូលរួមដោយ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និហមន្ត្រីជំនាញនៃមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិននៃក្រសួងសុខាភិបាល អង្គការខាណាកម្ពុជា អ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណ៦៨នាក់ មកពី៥៣ស្ថាប័ន។
លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជាបានមានប្រសាន៍ថា វេទិកាពិភាក្សាតុមូលនេះរៀបចំធ្វើឡើងដើម្បីឲអ្នកសារព័ត៌មានបានស្វែងយល់អំពីទំហំនៃបញ្ហាប្រឈម និងផលវិបាកនៃជំងឺរបេងរួមទាំងស្ថានភាពនៃជំងឺរបេងនៅកម្ពុជា និងពិភពលោកសំដៅលើកទឹកចិត្តដល់អ្នកសារព័ត៌មានចូលរួមចំណែកផ្សព្វ ផ្សាយបន្តនូវសារអំពីជំងឺរបេង ការលុបបំបាត់ការរើសអើងឲ្យកាន់តែទូលាយ និងបានជ្រួតជ្រាបដល់ប្រជាជនដើម្បីពួកគាត់បានយល់ដឹងនិងស្ម័គ្រចិត្តចូលរួមចំណែកក្នុងដំណើរការបញ្ចប់ជំងឺរបេងនៅកម្ពុជានាឆ្នាំ២០៣០។
របេង គឺជាជំងឺឆ្លងមួយប្រភេទដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ពោលគឺឆ្លងពីមនុស្សផ្ទុកជំងឺនេះទៅមនុស្សដែលមិនមានផ្ទុកវាតាមរយៈការដកដង្ហើម។ ជំងឺរបេងកើត ទៅលើខ្លួនមនុស្សតាមរយៈបាត់តេរីឈ្មោះថា Mycobacterium tuberculosis. ជំងឺបេង អាចកើតលើគ្រប់សរីរាង្គនៃរាងកាយរបស់មនុស្សដូចជា របេងឆ្អឹង របេងកូនកណ្តុល និងរបេងក្បាលជង្គង់ជាដើម ។ល។ ប៉ុន្តែប្រភេទជំងឺរបេងទាំងនេះ មិនឆ្លងរីករាលដាលគឺមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀតឡើយ។ ជំងឺរបេងមួយប្រភេទដែលអាចឆ្លងរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនោះគឺជំងឺរបេងសួតដោយជំងឺរបេងសួតនេះឆ្លងតាមរយៈការដកដង្ហើម ការក្អក ការកណ្តាស់ ការនិយាយស្តីដោយមិនបានប្រុងប្រយ័ត្នពីអ្នកមានផ្ទុកជំងឺនេះ។ ជំងឺរបេងនេះ អាចបង្ហាញជារោគសញ្ញាមួយចំនួនដូចជា ធ្វើឲ្យអ្នកជំងឺធ្លាក់ខ្លួនស្គម អស់កម្លាំង ល្ហិតល្ហៃដៃជើង បែកញើសខ្នង ហើយក្នុងករណីនេះជាជំងឺរបេងសួត វាធ្វើឲ្យអ្នកជំងឺក្អករ៉ាំរ៉ៃ។ ប៉ុន្តែភាគច្រើនយោងតាម ការសិក្សាស្រាវជ្រាវចុងក្រោយនៃមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់ស៊ិន បានបញ្ចាក់ថា នៅពេលបច្ចុប្បន្ននេះ ចំនួន៥០%នៃអ្នកជំងឺរបេង មិនបានបង្ហាញរោគសញ្ញាតាមរយៈការក្អកឡើយ។ លោកវេជ្ជបណ្ឌិតបានណែនាំថា ប្រជាជមកម្ពុជាយើងគួរមានការប្រុងប្រយ័ត្នឲ្យមែនទែន ចំពោះរបកគំហើញថ្មីមួយនេះ។ ហេតុដូច្នេះ ប្រសិនបើអ្នកមានអាការៈធ្លាក់ខ្លួនស្គម អស់កម្លាំង ល្ហិតល្ហៃដៃជើង បែកញើសខ្នងជាដើម នេះគួរតែទៅពិនិត្យសុខភាព និងទទួលការព្យាបាលពីគ្រូពេទ្យជំនាញជាបន្ទាន់៕