ខ្យល់ព្យុះ Trami សម្លាប់មនុស្ស៤៦នាក់ហើយ! ហើយជារៀងរាល់ឆ្នាំព្យុះជាង ២០បោកបក់លើប្រទេសហ្វីលីពីន និងជាប្រទេសមានភ្នំភ្លើង ២៤ព័ទ្ធជុំវិញ និងជាដែនប្រជុំកោះរាប់រយដែរ
ព្យុះត្រូពិច Trami បានបោកបក់ចេញពីភាគពាយ័ព្យប្រទេសហ្វីលីពីននៅថ្ងៃសុក្រនេះ ដោយបានសម្លាន់មនុស្ស ៤៦នាក់ហើយ បន្ទាប់ពីស្ថានភាពទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដែលបង្ខំឱ្យអាជ្ញាធរព្យាយាមស្វែងរកទូកជំនួយសង្គ្រោះបន្ថែមទៀត ដើម្បីជួយសង្គ្រោះមនុស្សដែលកំពុងស្ថិតក្នុងតំបន់រងគ្រោះដែលគួរឱ្យភ័យខ្លាចបំផុតរាប់ពាន់នាក់ដែលជាប់គាំង និងខ្លះទៀតជាប់នៅលើដំបូលផ្ទះរបស់ពួកគេ។ ប៉ុន្តែកម្លាំងខ្យល់ព្យុះដែលកំពុងវាយប្រហារតំបន់នេះប្រហែលជាមិនអាចថមថយភ្លាមៗនោះទេ។ ក្រុមអ្នកព្យាករណ៍របស់រដ្ឋបានលើកឡើងពីលទ្ធភាពដ៏កម្រដែល ថាព្យុះនេះអាចវិលត្រលប់វិញគឺនៅសប្តាហ៍ក្រោយ នៅពេលដែលវាបានរុញត្រឡប់មកវិញដោយខ្យល់សម្ពាធខ្ពស់ជាថ្មីម្តងទៀតនៅក្នុងតំបន់សមុទ្រចិនខាងត្បូង។
ព្យុះត្រូពិច Trami គឺជាព្យុះទី១១ ដែលបានបោកបក់មកលើប្រទេសហ្វីលីពីនក្នុងឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារអាកាសធាតុហ្វីលីពីនបាននិយាយថាវាអាចទៅរួចដែលថា ខ្យល់សម្ពាធខ្ពស់ និងកត្តាអាកាសធាតុផ្សេងទៀតនៅក្នុងសមុទ្រចិនខាងត្បូងជាកត្តាបង្ខំឱ្យកម្លាំងខ្យល់ព្យុះនេះត្រឡប់ទៅកាន់ប្រទេសហ្វីលីពីនម្តងទៀត។ ចំនួនមនុស្សស្លាប់ដោយសារព្យុះ Trami បានកើនឡើងដល់៤៦នាក់ បន្ទាប់ពីមនុស្ស៥នាក់ទៀតត្រូវបានគេរាយការណ៍ថាស្លាប់នៅក្នុងទឹកជំនន់ និងហេតុការណ៍បាក់ដីនៅតំបន់ Bicol ដែលជាតំបន់កសិកម្ម និងជាគោលដៅទេសចរណ៍នៅភាគអាគ្នេយ៍នៃទីក្រុងម៉ានីល និងតំបន់ដ៏ពេញនិយម Mayon ដែលជាតំបន់ភ្នំភ្លើងដ៏សកម្មបំផុតមួយក្នុងចំណោមភ្នំភ្លើងចំនួន ២៤ ក្នុងប្រទេសហ្វីលីពីន ដែលមានសណ្ឋានព័ទ្ធជុំជិតដូចរង្វង់ជួងមួយដូច្នោះដែរ។
ចំនួនមនុស្សស្លាប់ដោយសារខ្យល់ព្យុះថ្មីនេះមានចំនួន ៩នាក់ហើយ ដែលឡើងដោយទឹកជំនន់និងបាក់ដីនៅតំបន់ Batangas ដែលជាខេត្តរមណីយដ្ឋានតាមបណ្តោយឆ្នេរភាគខាងត្បូងនៃទីក្រុងម៉ានីល ដែលត្រូវជន់លិចដោយភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ យោងតាមប៉ូលីសក្នុងតំបន់បាននិយាយថា ពួកគេនៅតែធ្វើការងារប្រមូលផ្តុំព័ត៌មានលម្អិតអំពី ចំនួនមនុស្សស្លាប់ជាប្រចាំ។
សូមបញ្ជាក់ថាជារៀងរាល់ឆ្នាំព្យុះត្រូពិក និងព្យុះទីហ្វុងប្រហែលជា២០ព្យុះ តែងតែវាយលុកប្រទេសហ្វីលីពីន ដែលជាប្រទសប្រជុំដោយកោះរដ៏ច្រើនប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍ ដែលប្រទេសនេះស្ថិតនៅចន្លោះខ្សែកោងនៃមហាសមុទ្រប៉ាស៊ីហ្វិក និងសមុទ្រចិនខាងត្បូង។
កាលពីឆ្នាំ ២០១៣ ព្យុះទីហ្វុង Haiyan ដែលជាព្យុះស៊ីក្លូនត្រូពិចដ៏ខ្លាំងបំផុតមួយត្រូវបានហ្វីលីពីនកត់ត្រាទុកដែលជាព្យុះសម្លាប់ពលរដ្ឋហ្វីលីពីនប្រហែលជាង៧៣០០នាក់ ឬបាត់ខ្លួនរាប់រយនាក់រកមិនឃើញ និងបានធ្វើឱ្យភូមិឋាននោះត្រូវដួលដេករាបស្មើដល់ដីថែមទៀតផង៕
សម្រួលអត្ថបទ៖ សុផារិន្ទ