ខ្សែភាពយន្តចល័តកម្ពុជា-ចិន បានបន្តបេសកកម្មផ្លាស់ប្តូរវប្បធម៌ នៃការចាក់បញ្ចាំងខ្សែភាពយន្ត នៅ ភ្នំពេញក្រោយបញ្ចប់នៅតាមខេត្ត

ភ្នំពេញ៖ ក្រុមការងារចាក់បញ្ចាំងភាពយន្តចល័តកម្ពុជា-ចិនដ៏ឆ្នើម លើកទី៨ ឆ្នាំ២០២៤ បាន បានរៀបចំដំណើរការចាក់បញ្ចាំង នៅរាជធានីភ្នំពេញ ពីថ្ងៃទី២-៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមកិច្ចសហការ ពីអាជ្ញាធរពាក់ពន័្ធ ជូនបងប្អូនប្រជាពលរដ្ឋបានទស្សនា កំសាន្តនាពេលរាត្រី ដោយមានការចូលរួមពីសំណាក់ភាគីចិន និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងបងប្អូនប្រជាពលរដ្ និងលោកគ្រូ អ្នកគ្រូសិស្សានុសិស្សចូលរួមទស្សនាយ៉ាងច្រើនកុះករ ប្រកបដោយ ភាពសប្បាយរីករាយ ស្នាមញញឹម និងភាពកក់ក្តៅ ពីបងប្អូន ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា ការចាក់បញ្ចាំងនៅភ្នំពេញនេះ នៅទីតាំងចំនួន៦មាន៖ ១- សួនច្បាប្រជាធិបតេយ្យ , ២- ចាក់នៅបរិវេនវត្តភ្នៀត , ៣- សួនច្បារសណ្ឋាគារសុខាភ្នំពេញ ,៤- វិទ្យាល័យ ជាស៊ីម ឈូកវ៉ា ,៥- ក្នុងបរិវេនវត្តឆេះរទេះ និង៦- សាលាសង្កាត់កន្ទោក ។

លោកស៊ុន រតន: អនុប្រធានការិយាល័យផលិត នៃមន្ទីរក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអោយដឹងថា ខ្សែភាពយន្តបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ចំណេះដឹងអប់រំបន្ថែម ពីវប្បធម៌ទំនៀមទម្លាប់ ប្រពៃណី និងជីវភាពរស់នៅរបស់ប្រជាជន និងការរីកចំរើន នៃប្រទេសទាំង២ កម្ពុជា និងចិន ដែលជាមហាមិត្តដែកថែប។ លោកអនុប្រធានការិយាល័យ បន្តថា ការបញ្ចាំងភាពយន្តនេះ  បានធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា-ចិន ចាត់ទុកជាឆ្នាំផ្លាស់ប្តូរវប្បធម៌ និងទេសរចណ៍រវាងប្រទេសទាំង២ ក៏ដូចជាការពង្រឹងនូវកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌សិល្បៈភាពយន្តរវាងកម្ពុជា-ចិន អោយកាន់តែស៊ីជម្រៅ និងរឹងមាំស្ថិតស្ថេរបន្ថែមទៀតចាប់ពីទីក្រុងរហូតដល់ជនបទ។ តាមរយៈការចុះចាក់បញ្ចាំងជាច្រើនខេត្តកន្លងមកនេះ សង្កេតឃើញថា ប្រជាពលរដ្ឋដែលចូលរួមទស្សនាបានបង្ហាញទឹកមុខរីករាយ និងគាំទ្រសកម្មភាពការចាក់បញ្ចាំងនេះ ហើយបានសូមណូមពរឲ្យក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តចុះចាក់ញ្ចាំងភាពយន្ត នៅឆ្នាំក្រោយៗទៀត ។

គួររំលឹកថា ខ្សែភាពយន្តចល័តកម្ពុជា-ចិន បានបង្កើតរយៈពេល៦ឆ្នាំហើយ ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា ក្នុងន័យផ្សព្វផ្សាយពីចំណងមិត្តភាពដ៏រឹងមាំកម្ពុជា-ចិន ដែលជាមហាមិត្តដែកថែម។ 

សូមបញ្ជាក់ផងថា ការបញ្ចាំងភាពយន្តចល័តកម្ពុជា-ចិនដ៏ឆ្នើមនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយវប្បធម៌របស់ប្រទេសទាំង២ តាមរយៈខ្សែភាពយន្ត ដើម្បីស្វែងយល់នូវប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និងសារៈអប់រំល្អៗ តាមរយៈខ្សែភាពយន្ត៕ អត្ថបទ-រូបភាព លោក ចាន់ វិចត្រ