គណ:ប្រតិភូ នៃស្ថាប័នតុលាការកំពូល អញ្ជើញទស្សនកិច្ចតាមតំបន់ព្រំដែនត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ និងវៀតណាម
គណ:ប្រតិភូនៃស្ថាប័ន្ថតុលាការកំពូល ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញាមហាអយ្យការអមតុលាការកំពូល ឯកឧត្ត ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ ឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ត្បូងឃ្មុំ ប្រធានសាលាដំបូង ព្រះរាជអាជ្ញាអមសាលាដំបូង សរុបប្រមាណជាង ២០០នាក់ នារសៀលថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២៤ បានអញ្ជើញចុះទស្សនកិច្ចនៅតាមតំបន់ព្រំដែនត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ និងវៀតណាមដើម្បីឲ្យឃើញកាន់តែច្បាស់ពីការកសាងអភិវឌ្ឍន៍រីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្លូវក្រវ៉ាត់ និងការបោះបង្គោលព្រំ ជាពិសេសការរស់នៅរបស់បងប្អូនប្រចាំថ្ងៃតែម្តង ។
ក្នុងដំណើរទស្សនកិច្ចខាងលើ គណៈប្រតិភូបានអញ្ជើញចុះពិនិត្យនៅទីតាំងរួមមាន ៖ ទីតាំងបង្គោលព្រំដែនលេខ ៦៩ ជាបង្គោលព្រំដែនមេ ប្រភេទទោល បោះនៅច្រកទ្វារអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ ស្ថិតនៅក្នុងភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ជាប់ខេត្តប៊ិញភឿក និងបន្តចុះពិនិត្យទីតាំងបង្គោលព្រំលេខ ៦៦ ប្រភេទបង្គោលភ្លោះ និងបង្គោលលេខ ៦៥ ជាប្រភេទបង្គោលបំពេញបន្ថែម ប្រភេទត្រី ស្ថិតនៅចំណុចព្រំប្រទល់ខេត្តក្រចេះ និងមណ្ឌលគីរី ។ បន្ថែមពីនេះដែរ គណៈប្រតិភូបានធ្វើបទបង្ហាញបញ្ជាក់អំពីលើការងារបោះបង្គោលព្រំទាំងអស់នេះ គឺមានការបំពាក់នូវឈីបសម្រាប់តាមដានជាតម្រុយដៅ និងសម្រាប់តាមដានលើករណីណាមួយដែលធ្វើឲ្យប៉ះពាល់ដល់ការការពារបូរណភាពទឹកដី នៅតាមបន្ទាត់ក្រវ៉ាត់ព្រំដែន ។