គណៈកម្មការទី៧នៃរដ្ឋសភា ចុះឈ្វេងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម ទិសដៅការងារពាក់ព័ន្ធនឹងវិស័យអប់រំ សាសនាវប្បធម៌ និងទេសចរណ៍ ក្នុងខេត្តប៉ៃលិន

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) បានអញ្ជើញដឹកនាំ សមាជិក សមាជិកា គណៈកម្មការ ជួបប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តប៉ៃលិន ក្នុងគោលបំណងឈ្វេងយល់ពីស្ថានភាពទូទៅរបស់ខេត្ត និងរបាយការណ៍វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារពាក់ព័ន្ធនឹងវិស័យទាំង៤ រួមមាន៖ វិស័យអប់រំ សាសនា វប្បធម៌ និងទេសចរណ៍ ក្នុងខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមកិច្ចប្រជុំនេះ មានឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត ព្រមទាំងមន្ទីរពាក់ព័ន្ធទាំង៤។

មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានលើកឡើងថា កិច្ចប្រជុំនាពេលនេះគឺមិនមែនមកចាប់កំហុសឆ្គងដោយប្រការណាមួយទៅលើរដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរពាក់ព័ន្ធនោះទេ តែគឺដើម្បីឈ្វេងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម ទិសដៅការងារពាក់ព័ន្ធនឹងវិស័យអប់រំ សាសនា វប្បធម៌ ទេសចរណ៍ និងការអនុវត្តកិច្ចការងាររបស់រដ្ឋបាលខេត្តនិងមន្ទីរ សម្រាប់ការផ្តល់ជាអនុសាសន៍កែលម្អ ចែករំលែកនូវបទពិសោធ និងនាំបញ្ហាទាំងឡាយរបស់មន្ទីរ យកទៅពិចារណាដោះស្រាយនៅថ្នាក់ជាតិបន្តទៀត ដែលជាការជួយពន្លឿនការអភិវឌ្ឍន៍លើវិស័យទាំងនោះ ឱ្យស្របទៅនឹងកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ 

ថ្នាក់ដឹកនាំរដ្ឋបាលខេត្តប៉ៃលិន ព្រមទាំងមន្ទីរជំនាញ បានរាយការណ៍ដោយសង្ខេបជូនគណៈកម្មការទី៧ នៃរដ្ឋសភា នូវស្ថានភាពទូទៅ លទ្ធផលការងារដែលសម្រេចបាន និងពិភាក្សាពីការអនុវត្តច្បាប់ បញ្ហាប្រឈម និងសំណូមពរ ពាក់ព័ន្ធនិងវិស័យទាំង៤ខាងលើ។ ជាមួយគ្នានេះថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក៏បានធ្វើរបាយការណ៍ពីសមិទ្ធផលការងារដែលខេត្តសម្រេចបាននាពេលកន្លងមក ដែលក្នុងនោះបានលើកឡើងពីការខិតខំប្រឹងប្រែងរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ការខិតខំប្រឹងប្រែងកសាងអភិវឌ្ឍន៍ខេត្តឱ្យមានការរីកចម្រើន ទាំងហេដ្ឋារចនាសម្ព័ន្ធ ការកែលម្អសោភ័ណភាពខេត្ត ការកែលម្អលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងការរក្សាទំនាក់ទំនងល្អជាមួយប្រទេសជិតខាងផងដែរ។ 

ក្រោយពីបានស្តាប់នូវរបាយការណ៍របស់ថ្នាក់ដឹកនាំខេត្ត និងប្រធានមន្ទីរទាំង៤ គណៈកម្មការទី៧ នៃរដ្ឋសភា បានកត់សម្គាល់ពីភាពរីកចម្រើនរបស់ខេត្ត និងបានវាយតម្លៃខ្ពស់ចំពោះយន្តការគ្រប់គ្រង និងយុទ្ធសាស្ត្រជាក់ស្តែងដែលប្រធានមន្ទីរទាំង៤បានអនុវត្តកន្លងមក។ 

ឯកឧត្តមប្រធាន គណៈកម្មការ បានបញ្ជាក់ថា រាល់សំណូមពរ និងបញ្ហាប្រឈមនានា ដែលមន្ទីរជំនាញលើកឡើង គណៈកម្មការទី៧ នៃរដ្ឋសភា នឹងធ្វើរបាយការណ៍ជម្រាបជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជូនយោបល់ទៅក្រសួងពាក់ព័ន្ធ។ 

ក្នុងថ្ងៃដដែល គណៈកម្មការទី៧ នៃរដ្ឋសភា ក៏បានចុះពិនិត្យមើលអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តប៉ៃលិនផងដែរ និងបានចុះទស្សនកិច្ចនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលមានព្រំប្រទល់ជាប់គ្នាជាមួយខេត្តចាន់បុរី ប្រទេសថៃ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤៕