គណៈកម្មការទី៧រដ្ឋសភា ចុះឈ្វេងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម ទិសដៅការងារពាក់ព័ន្ធនឹងវិស័យអប់រំ សាសនា វប្បធម៌ និងទេសចរណ៍ ក្នុងខេត្តបន្ទាយមានជ័យ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) បានអញ្ជើញដឹកនាំ សមាជិក សមាជិកា គណៈកម្មការ ជួបប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត ក្នុងគោលបំណង ដើម្បីឈ្វេងយល់ពីស្ថានភាពទូទៅរបស់ខេត្ត និងរបាយការណ៍វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារពាក់ព័ន្ធនឹងវិស័យទាំង៤ រួមមាន៖ វិស័យអប់រំ សាសនា វប្បធម៌ និងទេសចរណ៍ ។ 

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប៉ា សុជាតិវង្ស  បានបញ្ជាក់ថា កិច្ចប្រជុំនេះ មិនមែនជាការចុះមកត្រួតពិនិត្យ អធិការកិច្ច ឬសួរដេញដោលថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរជំនាញនោះទេ គោលបំណងសំខាន់គឺឈ្វេងយល់ ដើម្បីប្រមូលព័ត៌មាន និងបញ្ហាប្រឈមនានា ក្នុងការប្រតិបត្តិច្បាប់នៅមូលដ្ឋាន។ 

ថ្នាក់ដឹកនាំរដ្ឋបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ទីរជំនាញ បានរាយការណ៍ដោយសង្ខេបជូនគណៈកម្មការទី៧ នៃរដ្ឋសភា នូវស្ថានភាពទូទៅ លទ្ធផលការងារដែលសម្រេចបាន និងពិភាក្សាពីការអនុវត្តច្បាប់ បញ្ហាប្រឈម និងសំណូមពរ ពាក់ព័ន្ធនិងវិស័យខាងលើ។ លើសពីនេះ ខេត្តបានអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ហើយខេត្តក៏បានលើកកម្ពស់វិស័យអប់រំ សាសនា រក្សាសុខដុមនីយកម្មសាសនា និងការអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស។ 

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានថ្លែងនូវការកោតសរសើរដល់អាជ្ញាធរខេត្ត ដែលបានប្រតិបត្តិតាមតួនាទីនិងភារកិច្ចសម្រេចបាននូវវឌ្ឍនភាពរីកចម្រើនលើគ្រប់វិស័យ។

ឯកឧត្តម ប៉ា សុជាតិវង្ស បានបន្តថា កិច្ចប្រជុំឈ្វេងយល់នៅពេលនេះ គណៈកម្មការទី៧ នៃរដ្ឋសភា បានក្តាប់នូវបញ្ហាប្រឈមនានារបស់រដ្ឋបាលខេត្ត និងវិស័យជំនាញ ដែលខេត្តបានអនុវត្តកន្លងមកបានជួបបញ្ហាមួយចំនួន។ ម្យ៉ាងទៀត ចំពោះសំណូមពរ និងបញ្ហាប្រឈមនានា ដែលមន្ទីរជំនាញលើកឡើង គណៈកម្មការទី៧ នៃរដ្ឋសភា នឹងធ្វើរបាយការណ៍ជម្រាបជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជូនយោបល់ទៅក្រសួងពាក់ព័ន្ធ។ 

ជាមួយគ្នានោះ ឯកឧត្តម ប៉ា សុជាតិវង្ស ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញ ត្រូវបន្តការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីអភិវឌ្ឍន៍ខេត្តឱ្យសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ៕