គណៈកម្មការទី៩ នៃរដ្ឋសភា ចុះសិក្សាស្វែងយល់អំពីស្ថានភាពទូទៅ និងវឌ្ឍនភាពការងារសំខាន់ៗពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់ខ្លួន នៅខេត្តប៉ៃលិន

លោកជំទាវ និន សាផុន បានមានប្រសាសន៍ថា ដំណើរបំពេញបេសកកម្មរបស់គណៈកម្មការទី៩ នៃរដ្ឋសភា មកកាន់ទឹកដីខេត្តប៉ៃលិននាពេលនេះ គឺដើម្បីសិក្សាស្វែងយល់អំពីស្ថានភាពទូទៅ និងវឌ្ឍនភាពការងារសំខាន់ៗពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការទី៩ ជាពិសេស ស្វែងយល់ពីប្រសិទ្ធភាព នៃការប្រតិបត្តិច្បាប់នានា បញ្ហាប្រឈម ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) បានមានប្រសសន៍បែបនេះ ក្នុងឱកាសអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយ លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាង លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នៅសាលប្រជុំសាលាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។

នៅក្នុងជំនួបនេះ លោកជំទាវប្រធានគណៈកម្មការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តលើការងារអភិវឌ្ឍន៍ ការលើកកម្ពស់ការផ្សព្វផ្សាយអប់រំនិងអនុវត្តច្បាប់ ការរៀបចំនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធ មានសោភ័ណភាពស្រស់បំព្រង ភ្លើងបំភ្លឺផ្លូវ ភ្លើងចម្រុះពណ៌ ដែលជំរុញឱ្យកាន់តែមានសោភ័ណភាព និងការរីកចម្រើនគួរឱ្យកត់សម្គាល់។ ពិតណាស់ខេត្តប៉ៃលិន ពីមួយថ្ងៃទៅមួយថ្ងៃ គឺមានការអភិវឌ្ឍរីកចម្រើនជាលំដាប់។

 

នៅក្នុងឱកាសនេះ លោក គោស៊ុំ ប៊ុនសឿត បានរាយការណ៍ជូនប្រតិភូគណៈកម្មការទី៩ នៃរដ្ឋសភា អំពីស្ថានភាពទូទៅ និងសភាពការណ៍ក្នុងខេត្ត ពិសេសគឺបានជម្រាបជូនអំពីការងារមួយចំនួន ដែលទាក់ទិននឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការ ដូចជា សាធារណការ ដឹកជញ្ជូន ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយ កម្ម និងសំណង់ កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ព្រមទាំងសភាពាណិជ្ជកម្ម។

មុននឹងបញ្ចប់ គណៈកម្មការទី៩ នៃរដ្ឋសភា និងថ្នាក់ដឹកនាំរដ្ឋបាលខេត្តប៉ៃលិន ក៏បានប្រគល់-ទទួលវត្ថុអនុស្សាវរីយ៍ ទៅវិញទៅមក និងបានថតរូបជុំគ្នាប្រកបដោយភាតរភាពនិងបរិយាកាសរីករាយក្រៃលែង។

ក្នុងអំឡុងពេលចុះបំពេញបេសកកម្មការងារនេះដែរ គណៈកម្មការទី៩ នៃរដ្ឋសភា ក៏បានអញ្ជើញចុះទស្សនកិច្ចសិក្សាស្វែងយល់ពីស្ថានភាពទូទៅនៃការដឹកទំនិញឆ្លងកាត់ព្រំដែន នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលមានព្រំប្រទល់ជាប់គ្នាជាមួយខេត្តចាន់បុរី ប្រទេសថៃ។

បន្ទាប់មក ក៏បានបន្តអញ្ជើញចុះទស្សនកិច្ចនៅក្រុមហ៊ុន ឆាយណា ជីនវ័រយាន អ៊ីមផតអិចផត (ខេមបូឌា) ឯ.ក ដែលជាក្រុមហ៊ុននាំចេញផ្លែមៀនប៉ៃលិនស្រស់ទៅក្រៅប្រទេស ដែលមានទីតាំងនៅសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ក្រុមហ៊ុនជីនវ័រយាន គឺជាក្រុមហ៊ុនដំបូងគេក្នុងប្រទេសកម្ពុជា ដែលបានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ក្នុងការបែងចែកគ្រាប់មៀននីមួយៗ ទៅតាមប្រភេទ ទំហំ និងអាចវេចខ្ចប់ ដោយម៉ាស៊ីនស្វ័យប្រវត្តិ។

តាមការបញ្ជាក់របស់ថ្នាក់ដឹកនាំក្រុមហ៊ុន ការនាំចេញមៀនប៉ៃលិនកម្ពុជាទៅក្រៅប្រទេស ប្រមាណ ៨០% ទៅកាន់ប្រទេសចិន និងប្រមាណ ២០% ទៅកាន់អឺរ៉ុប ហើយនៅក្នុងឆ្នាំ២០២៤ ក្រុមហ៊ុនបាននាំចេញ បានចំនួន ១៥,៣៤៧ តោន៕