គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានរៀបចំពិធីសូត្រ មន្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខែ្មរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩និង សូមឲ្យជួបសេចក្តីសុខ សន្តិភាព ជៀសផុតពីគ្រោះធម្មជាតិ ជៀសផុតពីជម្ងឺឧបទ្រពចង្រៃផ្សេងៗ និងទទួលបាននូវសេចក្តីចម្រើនគ្រប់ៗគ្រួសារ

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥  គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានរៀបចំពិធីសូត្រមន្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខែ្មរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ក្រោមអធិបតីភាពឯកឧត្តមកិត្តិសង្កហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្តោះមហន្តរាយ និងឯកឧត្តមបណ្ឌិតហង្ស សាមឿន អនុប្រធានទី២និងជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រមទាំង ឯកឧត្តមអនុប្រធាន គ.ជ.គ.មនិងមានឯកឧត្តមលោកជំទាវជាទីប្រឹក្សា. ជំនួយការ និងមន្ត្រីក្រោមឳវាទផងដែរ។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹត្តសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនិងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឬទិ្ធកម្ពុជា ព្រមទាំង មន្រ្តីរាជការ ប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព ជៀសផុតពីគ្រោះធម្មជាតិ ជៀសផុតពីជម្ងឺឧបទ្រពចង្រៃផ្សេងៗ និងទទួលបាននូវសេចក្តីចម្រើនគ្រប់ៗគ្រួសារ ៕

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក៏ដូចជាឆ្នាំនេះដែរនៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមានផ្តួចផ្តើមពីឯកឧត្តមកិត្តិសង្គហបណ្ឌិតគន់ គីម និងមន្ត្រីក្រោមឳវាទបានអញ្ជើញបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃយ៍ ដល់ព្រះសង្ឃ ចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ជ័យមង្គល និងសូមទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា សូមទទួលបាននូវសុខភាពបរិបូរណ៍ កម្លាំងមាំមួន បញ្ញាភ្លឺថ្លា អាយុយឺនយូរ ដើម្បីរួមចំណែកបំពេញភារកិច្ច ឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ជូនជាតិមាតុភូមិ និងប្រជាជន។