គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) បើកកិច្ចប្រជុំលើកទី៣ ដើម្បីតាមដាន ពិនិត្យ និងធ្វើវឌ្ឍនភាពការងារកែទម្រង់រដ្ឋបាលសាធារណៈ
នៅទីស្តីការនាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ជាប្រធាន គ.វ.រ. បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រីនៃក្រសួង ស្ថាប័ន និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ដែលជាអនុប្រធាន និងជាសមាជិក គ.វ.រ. ប្រមាណ ៦០រូប។ កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីពិនិត្យអំពីលទ្ធផលដែលក្រសួង ស្ថាប័ន សមាជិក នៃគ.វ.រ. សម្រេចបានកន្លងមក ចេញពីការរួមសហការគ្នាជាមួយគ្នា ព្រមទាំងពិនិត្យ និងពិភាក្សាលើឯកសារសេចក្តីព្រាងជុំវិញការអនុវត្តវិធានការគន្លឹះទី២ ជាពិសេសការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន៕