គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ រៀបចំកម្មវិធីពិសាភោជនាហារសាមគ្គី អបអសាទរនូវលទ្ធផលការងារដែលសម្រេចបានជោគជ័យដ៏ល្អប្រសើរ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក
នៅភោជនីយដ្ឋានទន្លេបាសាក់២ នារាត្រី ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ បានរៀបចំកម្មវិធីពិសាភោជនាហារសាមគ្គី ក្រោមអធិបតីភាព សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្រ្តី អនុប្រធានអចិន្ត្រៃយ៍និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មកពីតាមបណ្ដាក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីខេត្ត ជាច្រើនទៀត ប្រមាណជាង៤០០នាក់ ។
សម្តេចមហាមន្ត្រី បានថ្លែងអំណរគុណចំពោះ ឯកឧត្តមលោកជំទាវ លោក លោកស្រី នាងកញ្ញា ទាំងអស់ដែលអញ្ជើញចូលរួមពិសាភោជនាហារសាមគ្គី នារាត្រីនេះ បន្ទាប់ពីទទួលបានលទ្ធផលការងារ ដែលយើងទាំងអស់គ្នាសម្រេចបានដោយជោគជ័យក្នុងការចាត់ចែង និងអនុវត្តរៀបចំដំណើរការព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ខេត្ត បានត្រូវរួមសហការគ្នា នាពេលកន្លងទៅថ្មីៗនេះ។
បន្ទាប់មក ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្រ្តី អនុប្រធានអចិន្ត្រៃយ៍និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ មានប្រសាសន៍ថា ÷ កម្មវិធីពិសាភោជនីអាហារសាមគ្គីនារាត្រី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ គឺផ្តើមចេញពីលទ្ធផលការងារ ដែលយើងទាំងអស់គ្នាសម្រេចបានដោយជោគជ័យក្នុងការចាត់ចែង និងអនុវត្តរៀបចំដំណើរការព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១៤ ១៥ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលបានបញ្ចប់នាពេលកន្លងទៅថ្មីៗនេះ។
បញ្ជាក់ជូនថា ការប្រារព្ធពិធីបុណ្យខាងលើ និងទទួលបានលទ្ធផលដ៏ល្អត្រចះត្រចង់នេះ គឺអាស្រ័យដោយប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ស្ថិរភាពគ្រប់គ្រាន់ ក្រោមការដឹកនាំដ៏ ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងដឹកនាំ រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភានាពេលបច្ចុប្បន្ននេះ។
ក្នុងការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី បានផ្តាំផ្ញើ នូវការថ្លែងអំណរគុណដល់គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក្រុមការងារ និងក្រុមយុវជនស្ម័គ្រចិត្តដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការរៀបចំព្រះរាជពិធីបុណ្យខាងលើ ទទួលបានជោគជ័យគួរជាទីមោទនៈ មានសុវត្ថិភាព និងសប្បាយរីករាយដល់មហាគ្រួសារខ្មែរ ក៏ដូចជាដល់ភ្ញៀវអន្តរជាតិ។
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ជាសេនាធិការឱ្យរាជរដ្ឋាភិបាល មានភារកិច្ច ក្នុងការរៀបចំកម្មវិធី និងគ្រប់គ្រងពិធីបុណ្យផ្សេងៗ ដូចជាបុណ្យប្រពៃណីជាតិ បុណ្យជាតិ បុណ្យអន្តរជាតិ។ យើងទាំងអស់គ្នា ពិតជាមានសេចក្តីរំភើបរីករាយ ប្រកបដោយកិត្តិយស និងមោទនភាព យ៉ាងក្រៃលែង ដែលបានចូលរួមលើកស្ទួយ នូវប្រពៃណីជាតិ ទំនៀមទម្លាប់ ដែលជាវប្បធម៌ជាតិនៅលើឆាកអន្តរជាតិ ក៏ដូចជារួមចំណែកផ្សព្វផ្សាយពីវិស័យទេសចរណ៍នៃព្រះរាជាណាចក្រអច្ឆរិយៈនៃយើង។
ឆ្លងតាមការពិនិត្យទិដ្ឋភាពជារួម នៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤នេះ គឺមានសភាពអ៊ូអរ សប្បាយរីករាយ អធិកអធម ប្រជាពលរដ្ឋអញ្ជើញមកទស្សនា និងដើរលេងកំសាន្តយ៉ាងច្រើនកុះករជាងបណ្តាឆ្នាំមុនៗ ។ សភាពការណ៍ទូទៅ ចាប់ពីថ្ងៃចាប់ផ្តើម រហូតដល់ថ្ងៃបញ្ចប់ការប្រណាំងទូក បណ្តែតប្រទីប គឺបានប្រព្រឹត្តទៅដោយរលូន ទាំងលើផ្នែកបច្ចេកទេស ក៏ដូចជាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ។ រីឯលទ្ធផលដែលទទួលបានល្អប្រសើរទាំងនេះ ក៏បានបង្ហាញឱ្យឃើញថា គ្រប់ក្រសួង ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរនៃរដ្ឋបាល រាជធានី-ខេត្តបានចូលរួមយ៉ាងសកម្ម ដោយការយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ក្នុងនាម សម្តេចមហាមន្ត្រី និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមវាយតម្លៃ កោតសរសើរដោយស្មោះរួម ទាំងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា នៅ គ្រប់ក្រសួង ស្ថាប័ន រដ្ឋលេខាធិការដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់អាជ្ញាធររាជធានី-ខេត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចំណាយពេលវេលា និងយកអស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតីនិងថវិកា រួមចំណែកក្នុងដំណើរការព្រះរាជពិធីបុណ្យនេះ ទទួលបានជោគជ័យគួរជាទីមោទនៈ។