គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបងផ្សព្វផ្សាយបញ្ហាគ្រឿងញៀនក្នុងពិធីប្រណាំងទូកដែលមានអ្នកចូលរួមប្រមាណ៥០ម៉ឺននាក់

គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបងផ្សព្វផ្សាយបញ្ហាគ្រឿងញៀនក្នុងពិធីប្រណាំងទូកដែលមានអ្នកចូលរួមប្រមាណ៥០ម៉ឺននាក់

(បាត់ដំបង)៖ ឯកឧត្តម ធូ ភា អភិបាលរងនិងជាប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង បានដឹកនាំកម្លាំងចុះផ្សព្វផ្សាយបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋនៅក្នុងពិធីប្រណាំងទូកដែលមានអ្នកចូលរួមប្រមាណជាង៥០ម៉ឺននាក់ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ តាមរយៈពិធីករពិធីការិនី ការចែកខិតប័ណ្ណ ការដាក់តាំងបដា និងស្ទីកឃ័រ App NoDrug :https://nodrugsnacd.com/download។

ថ្លែងក្នុងនាម ឯកឧត្តម សុខ លូ អភិបាលខេត្ត និងប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង លោក ធូ ភា បានលើកឡើងថា តាមរយៈកិច្ចសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង តែងតែចូលរួមអនុវត្តខ្ជាប់ខ្ជួននូវបទបញ្ជា លិខិតបទដ្ឋាននានាបញ្ចូលខ្លឹមសារក្នុងព្រឹត្តិការណ៍នានាដូចដែលបានកំពុងធ្វើក្នុងពិធីប្រណាំងទូកដ៏សប្បាយរីករាយនេះជាការដាស់តឿនដល់ប្រជាពលរដ្ឋទូទៅពិសេសយុវជនដែលជាទំពាំងស្នងឬស្សី ដែលតម្រូវឲ្យគ្រប់គ្នាត្រូវតែរក្សាគុណភាពទំពាំង ឲ្យមានសុខភាពល្អសម្រាប់ជាធនធានបន្តវេនរបស់ប្រទេសជាតិ ទៅថ្ងៃអនាគត។

ឯកឧត្តម ធូ ភា បានថ្លែងអំណរគុណដល់គ្រប់សមាសភាពលេខាធិការគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង វិស័យឯកជន ដែលបានចូលរួមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន សំដៅរក្សាបាននូវសហគមន៍ មានសុវត្ថិភាពគ្មានគ្រឿងញៀន «ភូមិអ្នក-ភូមិខ្ញុំគ្មានអ្នកញៀន សហគមន៍គ្មានគ្រឿងញៀន មានសុវត្ថិភាព»។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានគូសបញ្ជាក់ថា គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត ក្រសួងសមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើសកម្មភាពផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនយ៉ាងផុលផុសសំដៅចូលរួមចំណែកធ្វើឲ្យបានសម្រេចបានតាមឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងារអាទិភាពទីមួយដើម្បីដោះស្រាយនូវកង្វល់របស់ប្រជាពលរដ្ឋពីបញ្ហាគ្រឿងញៀន។