គណៈប្រតិភូកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ នារសៀលថ្ងៃទី២៩មីនានេះ ដឹកនាំគណៈប្រតិភូកំពង់ផែស្វយ័ត ចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានទទួលមរណភាព នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ២:២៧ នាទីទៀបភ្លឺ ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។

ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករទាំងអស់ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតចំពោះមរណភាពរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន។ នេះជាការគឺជាការបាត់បង់ដ៏ធំធេងនូវបងប្រុសបង្កើត បងថ្លៃ ឪពុកបង្កើត ឪពុកក្មេក ឪពុកធំ និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងមានគុណូបការៈដ៏ជ្រាលជ្រៅជាទីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុតរបស់កូនៗ និងចៅៗ ដែលកន្លងមក ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី តស៊ូ ពុះពារចិញ្ចឹមបីបាច់ថែរក្សា ផ្គត់ផ្គង់ទំនុកបម្រុងសព្វបែបសព្វយ៉ាង ដល់ក្រុមគ្រួសារ ព្រមទាំងផ្ដល់នូវឱវាទអប់រំទូន្មាន ភាពកក់ក្ដៅ និងសេចក្ដីស្រលាញ់ដ៏ធំធេងមិនអាចកាត់ថ្លៃបានដល់កូនៗ ចៅៗឱ្យបានក្លាយជាបញ្ញវន្តដ៏ប្រពៃ ជាពលរដ្ឋដ៏ល្អ។

ក្នុងវេលាដ៏ក្រៀមក្រំនេះ គណៈប្រតិភូកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានលំឱនកាយចិត្តស្មិងស្មាធិ៍គោរពវិញាណក្ខន្ធ និងឧទ្ទិសបួងបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ និងតេជបារមីនៃព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ សូមតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ របស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕