គណៈប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

នៅព្រឹកថ្ងៃទី ២៩ ខែមីនា នេះគណៈប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដឹកនាំដោយ លោកជំជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ត្រូវជាបងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាពក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ ។

ក្នុងឱកាសដ៏សែនវិយោគរកទីបំផុតគ្មាននេះ លោកជំទាវបណ្ឌិតសភាចារ្យ និងគណៈប្រតិភូ បានសម្ដែងនូវសមានទុក្ខ អាឡោះអាល័យ និងក្តីសង្វេគជាពន្លឹកជាមួយ សម្តេចអគ្គមហាសនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ចំពោះ មរណភាពរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលជាការបាត់បង់បងប្រុសបង្កើត បងថ្លៃ ឪពុក ឪពុកក្មេក ជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ ក្នុងការថែរក្សាអប់រំ ផ្ដល់ដំបូន្មាន ដល់ប្អូនៗ និងកូនចៅ រហូតបានក្លាយជាបញ្ញវន្ត និងជាការបាត់បង់ឥស្សរជនដ៏ឆ្នើមមួយរូប ដែលនាពេលកន្លងមក ឯកឧត្តមអ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន បានបូជាកម្លាំងកាយ កម្លាំងចិត្ត បញ្ញាញាណ ទ្រព្យធនប្រកបដោយ សទ្ធាជ្រះថ្លា ចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើតសមិទ្ធផល និងស្នាដៃជាច្រើន ព្រមទាំង យកចិត្តទុកដាក់ខ្ពស់លើកិច្ចការសង្គម កិច្ចការមនុស្សធម៌ ដែលជាគំរូវីរភាព និងជាគុណបំណាច់មិនអាចកាត់ថ្លៃបាន ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។

លោកជំទាវបណ្ឌិតសភាចារ្យ និងគណៈប្រតិភូ សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះជាមួយ សម្ដេចអគ្គមហា សេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន សូមបានទៅសោយសុខនាឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕